លោក​អាបេ​បង្កំ​ហឹង នៅ​ពេល​ក្រុមហ៊ុន​ផលិត​ម៉ាស់​ចិន​ប្រញាប់ប្រញាល់​ផលិត​អោយ​អ្នក​បញ្ជា​ទិញ​

202
ចែករម្លែក

​សារ​«​ស្នាក់​ផ្ទះ​»​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អាបេ បាន​បង្ក​កំហឹង​និង​ការចោទប្រកាន់​ថា​លោក​មិន​សារ​ទរ​ចំពោះ​អ្នក​មិន​អាច​សម្រាក​នៅ​ផ្ទះ ពីព្រោះ​វិធានការ​គម្លាត​សង្គម​របស់​រដ្ឋាភិបាល​​ជា​ចំណាត់ការ​បែប​ស្ម័គ្រចិត្ត ដោយ​មិន​មាន​ការឧបត្ថម្ភ​ប្រាក់​ជា​ការទូទាត់​ការឈប់​សម្រាក​នៅ​ផ្ទះ​ទេ​។​

​អ្នកខ្លះ​ប្រតិកម្ម​នឹង​សារ​នេះ​តាម​ទ្វី​ត​ធឺ ដោយ​បាន​និយាយថា លោក​អាបេ ធ្វើ​ដូចជា​«​អភិជន​»​។​

​វីដេអូ​រយៈពេល​១​នាទី កាលពី​ថ្ងៃអាទិត្យ បង្ហាញ​លោក​អាបេ​អង្គុយ​បី​ឆ្កែ អាន​សៀវភៅ ផឹក​តែ​និង​ចុច​តេ​ឡេក​ម្មង់​ធម្មតា នៅផ្ទះ​របស់​លោក​។​

​លោក​អាបេ បាន​ប្រកាស​ដាក់​ទីក្រុង​តូ​ក្យូ និង​តំបន់​៦​ក្នុងស្ថានភាព​គ្រាអាសន្ន​កាលពី​សប្តាហ៍​មុន ហើយ​បាន​ពង្រីក​អនុវត្ត​វា​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​សៅរ៍​ទី​១១​មេសា​។​លោក​ស្នើសុំ​ប្រជាជន​ស្នាក់​នៅផ្ទះ​​និង​កាត់បន្ថយ​ការទាក់ទង​គ្នា​អោយបាន​៨០​ភាគរយ​។​

​ជប៉ុន​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩​ចំនួន​៧.២៥៥​នាក់ ក្នុងនោះ​១១៤​នាក់​ស្លាប់ នេះ​បើ​តាម​តួលេខ​ចេញ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​មេសា​។​

​ការវិវត្តន៍​សភាពការណ៍​ផ្សេងៗ​ជុំវិញ​កូវី​ដ​១៩​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​៖

-ការឆ្លង​រាលដាល់​ស្ងាត់ៗ​៖​ពួក​មន្ត្រី​កូរ៉េខាងត្បូង មាន​ការព្រួយបារម្ភ​អំពី​«​ការឆ្លង​ស្ងាត់ៗ​» នៃ​វីរុស​កូរ៉ូណា ដោយ​បាន​ចង្អុល​ទៅកាន់​ការចម្លង​នៅតាម​រង្គសាល និង​កន្លែង​សប្បាយ​ដទៃទៀត ដោយសារ​​តែ​ប្រជាជន​មិន​អនុវត្ត​គម្លាត​សង្គម​អោយបាន​ម៉ឺងម៉ាត់​។​

-​ផលិត​ម៉ាស់​៖ ក្រុមហ៊ុន​ផលិត​ម៉ាស់​មុខ​និង​ទឹក​សម្លាប់​មេរោគ Wuhan Zonsen និយាយថា មាន​ការបញ្ជា​ទិញ​តំលៃ​៥០​លាន​ដុល្លារ​ពី​បណ្តា​ប្រទេស​អឺរ៉ុប​និង​អាម៉េរិក នាំ​អោយ​ខ្លួន​បន្ត​ការផលិត​ពេញ​​កម្លាំង​រហូតដល់​ខែ​មិថុនា​។​ក្នុងពេល​ជាមួយគ្នា បណ្តា​ក្រុមហ៊ុននាំចេញ​របស់​ចិន​កំពុង​ជួប​ការត្រួតពិនិត្យ​គុណភាព​តឹងរឹង​ឡើង​ពី​ក្រុម​និយ័ត​ករ បន្ទាប់ពី​មាន​ការ​ត្អូញត្អែរ​អំពី​ទំនិញ​គុណភាព​អន់​។​

-​អ្នក​ចូល​មក​កាន់តែច្រើន​ផ្ទុក​វីរុស​៖​ចិន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​មេសា បាន​រាយការណ៍​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​១០៨​នាក់ ក្នុងនេះ​៩៨​នាក់​ជា​អ្នកដំណើរ​មកពី​ក្រៅ​ប្រទេស​។​

-​ការស្លាប់​នៅ​ផ្ទះ​ថែទាំ​មនុស្ស​ចាស់​៖ នូវ៉ែល​សេ​ឡង់ បាន​រកឃើញ​អ្នកស្លាប់​ទី​៥​ពី​កូវី​ដ​១៩ និង​អ្នកស្លាប់​ទី​៣ ពាក់ព័ន្ធ​នឹង​ផ្ទះ​សម្រាប់​មនុស្ស​ចាស់​មួយ​នៅ​ក្រុង​ក្រៃ​ឈឺ​ច កន្លែង​ដែល​អ្នកស្រុក​និង​បុគ្គលិក​​ជាច្រើ​បាន​ឆ្លង​វីរុស​។​

សូមបញ្ជាក់​ថា ផ្ទះ​មើល​ថែ​មនុស្ស​ចាស់​និង​ជន​ងាយ​រងគ្រោះ​ពី​កូវី​ដ​១៩ ក្លាយជា​កន្លែង​វាយប្រហារ​ពី​វីរុស​កូរ៉ូ​ណា​នៅ​ទូទាំង​ពិភពលោក​៕​ប្រែ​សម្រួល​៖​វាសនា​

យន្តហោះ​ដឹកទំនិញ​ពី​ចិន ទម្លាក់​ចេញ​គ្រឿង​បរិក្ខារ​ពេទ្យ​ទម្ងន់​ប្រមាណ​៩១.០០០​ផោន​នៅ​ទីក្រុង​មែន​ឆេ​ស្ទ័រ កាលពី​ថ្ងៃ​២១​មេសា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ