អ្នកជក់បារីប្រឈមហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ១៩

190
ចែករម្លែក

ទិន្នន័យមួយបានបង្ហាញថា អ្នកជក់បារីមានហានិភ័យខ្ពស់ក្នុងការឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩។

ក្រុមអ្នកឯកទេសខាងសួតបាននិយាយថាទិន្នន័យដែលទើបចេញផ្សាយពីប្រទេសចិននាពេលថ្មីៗនេះបានលើកឡើងថា អ្នកជក់បារីអាចមានហានិភ័យខ្ពស់ក្នុងការឆ្លងនិងស្លាប់ដោយជំងឺកូវីដ១៩ ខណៈលើកឡើងពីការព្រួយបារម្ភថា ពួកគេអាចបង្កហានិភ័យកាន់តែខ្ពស់ក្នុងការចម្លងរាលដាលជំងឺផ្លូវដង្ហើមនេះ។

ដកស្រង់តាមការសិក្សារបស់ទស្សនាវដ្តីវេជ្ជសាស្ត្រញូវអ៊ីនលែនលើអ្នកជំងឺកូវីដ១៩ចំនួន ១០៩៩ នាក់នៅចិន លោកវេជ្ជបណ្ឌិត អាណាន់ សាឈីថាណាន់ដា គ្រូពេទ្យឯកទេសបេះដូងនិងជាប្រធានបណ្តាញជំងឺមហារីកសួតម៉ាឡេស៊ី (LCNM) បាននិយាយថា អ្នកជក់ ១៧ នាក់ក្នុងចំណោម ១៣៧ នាក់ (១២,៤ ភាគរយ) ត្រូវបានបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ ដាក់ឱ្យដកដង្ហើមតាមម៉ាស៊ីន ឬ ស្លាប់ ខណៈតែអ្នកជំងឺ ៤៤ នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកជំងឺមិនចេះជក់បារីចំនួន ៩២៧ នាក់ (៤,៧ ភាគរយ) បានតម្រូវចូលបន្ទប់សង្គ្រោះបន្ទាន់ ដាក់ឱ្យដកដង្ហើមតាមម៉ាស៊ីន ឬ ស្លាប់។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “នេះគឺជាការស្រាវជ្រាវដោយអង្កេតប៉ុណ្ណោះដូច្នេះវាពិបាកក្នុងការកែតម្រូវតាមកត្តាហានិភ័យដែលអាចកើតមានជាក់ស្តែង ប៉ុន្តែវាបានបង្ហាញថាអ្នកជក់បារីទំនងជាវិវត្តទៅជាជំងឺធ្ងន់ធ្ងរដែលតម្រូវឱ្យចូលបន្ទប់ ICU ដកដង្ហើមតាមម៉ាស៊ីន ឬ ស្លាប់ បើប្រៀបធៀបទៅនឹងអ្នកមិនចេះជក់បារី”៕ ដោយ៖ កញ្ញាដាលីស

អ្នកជក់បារីមានហានិភ័យខ្ពស់ក្នុងការឆ្លងនិងស្លាប់ដោយសារកូវីដ១៩