ត្រាំនិយាយថាគាត់មានសិទ្ធិអំណាចពេញលេញដើម្បីបើកសេដ្ឋកិច្ចឡើងវិញ

272
ចែករម្លែក

ប្រធានាធិបតីដូណាល់ ត្រាំបានអះអាងថាគាត់មានសិទ្ធិអំណាច “ពេញលេញ” ដើម្បីសម្រេចចិត្តពីរបៀបនិងពេលណាត្រូវបើកសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីបានដាក់ចេញគោលការណ៍ណែនាំរក្សាគម្លាតពីគ្នានៅក្នុងសង្គមដ៏តឹងរ៉ឹងក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ ប៉ុន្តែពួកអភិបាលរដ្ឋមកពីគណបក្សទាំងពីរបានប្រញាប់ចេញមកតវ៉ាភ្លាម ដោយលើកឡើងថា ពួកគេមានការទទួលខុសត្រូវចម្បងក្នុងការធានាសុវត្ថិភាពសាធារណៈនៅក្នុងរដ្ឋរបស់ពួកគេ ហើយនឹងសម្រេចថាតើពេលណាទើបមានសុវត្ថិភាពក្នុងការចាប់ផ្តើមប្រតិបត្តិការធម្មតាវិញ។

លោកត្រាំមិនបានផ្តល់ព័ត៌មានជាក់លាក់អំពីប្រភពនៃអំណាចទាំងស្រុង ដែលលោកបានអះអាងនោះទេ ទោះបីរដ្ឋធម្មនុញ្ញបានដាក់កំហិតអំណាចរបស់គាត់ក៏ដោយ។

លោកត្រាំបាននិយាយកាលពីថ្ងៃចន្ទទី១៣មេសានៅឯសេតវិមានថា “នៅពេលនរណាម្នាក់ក្លាយជាប្រធានាធិបតីអាម៉េរិក សិទ្ធិអំណាចគឺមានទាំងស្រុង។ ពួកអភិបាលរដ្ឋបានដឹងរឿងនេះហើយ”។

ការអត្ថាធិប្បាយនេះធ្វើឡើងមិនយូរប៉ុន្មានទេបន្ទាប់ពីពួកមេដឹកនាំបក្សប្រជាធិបតេយ្យនៅភាគឦសាននិងតាមបណ្តោយឆ្នេរខាងលិចនៃសហរដ្ឋអាម៉េរិកបានប្រកាសរួបរួមគ្នាដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការបន្លាយពេលនៃបទបញ្ជាស្នាក់នៅផ្ទះ ឬ បើកអាជីវកម្មឡើងវិញតាមកាលវិភាគផ្ទាល់របស់ពួកគេ។

ដោយមានកង្វល់អំពីវិបត្តិសេដ្ឋកិច្ច លោកត្រាំបានពិភាក្សាជាមួយជំនួយការជាន់ខ្ពស់ពីរបៀបដកចេញនូវអនុសាសន៍ទាក់ទងនឹងការរក្សាគម្លាតពីគ្នារបស់សហព័ន្ធ ដែលនឹងផុតកំណត់នៅចុងខែមេសា។

ខណៈលោកត្រាំចេញអនុសាសន៍ជាតិណែនាំដល់ប្រជាជនឱ្យស្នាក់នៅផ្ទះ ពួកអភិបាលរដ្ឋនិងពួកមេដឹកនាំក្នុងមូលដ្ឋានទេដែលមានសិទ្ធិបង្កើតការរឹតត្បិតចាំបាច់រួមមានការបិទសាលារៀននិងការបិទអាជីវកម្មមិនចាំបាច់។ បទបញ្ជាខ្លះតម្រូវឱ្យមានការផាកជាលុយឬការពិន័យផ្សេងៗនិងក្នុងយុត្តាធិការខ្លះត្រូវបន្លាយពេលអនុវត្តការស្នាក់នៅផ្ទះរហូតដល់ដើមរដូវក្តៅ៕ ដោយ៖ កញ្ញាដាលីស

លោកត្រាំថាគាត់មានអំណាចពេញលេញដើម្បីបើកសេដ្ឋកិច្ចឡើងវិញ តែត្រូវពួកអភិបាលរដ្ឋនាំគ្នាតវ៉ា

ទីតាំងផ្សាយពាណិជ្ជកម្ម