​បច្ចេកទេស​ចិញ្ចឹម​ត្រី​អណ្តែង​ងាយៗ​ក្នុង​លូ​ស៊ីម៉ង់ត៍​

1681
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​យោងតាម​អ្នក​ចិញ្ចឹម​ត្រី​អណ្តែង​ដែល​ទទួលបាន​ជោគជ័យ​បានផ្តល់​បទពិសោធន៍​ដល់​អ្នក​ដែលមាន​បំណង​ចង់​ចិញ្ចឹម​ត្រី​អណ្តែង​តែ​មិនមាន​ដី​ធំ​ទូលាយ​គឺ​ប្រើប្រាស់​លូ​ស៊ីម៉ង់ត៍​សម្រាប់​ចិញ្ចឹម​ត្រី​ងាយស្រួល​ផ្លាស់ប្តូរ​ទីតាំង​អស់​សោហ៊ុយ​តិច​និង​បាន​ផល​ចំណូល​បន្ថែម​ដល់​គ្រួសារ​។​

អ្នក​ចិញ្ចឹម​ត្រី​អណ្តែង​បាន​ប្រាប់​ពី​វិធីសាស្ត្រ​ក្នុងការ​ចិញ្ចឹម​ត្រី​អណ្តែង​នេះ​ថា​គឺ​ត្រូវមាន​លូ​ស៊ីម៉ង់ត៍​ខ្នាត​១​ម៉ែត្រ​កន្លះ​១​កង់​ត្រូវមាន​ទុយោ​ខ្នាត​១​អ៊ីង​ប្រវែង​២​តឹក​១​ដើម​និង​៤​តឹក​១​ដើម​កែង​ទុយោ​១​សម្រាប់​ត​បង្ហូរទឹក​នៅ​បាត​លូ​សំណាញ់​សម្រាប់​គ្រប​កុំឱ្យ​ត្រី​លោត​ចេញ​និង​ទឹក​ជី​អ៊ី​អឹម​សម្រាប់​ការលូតលាស់​របស់​ត្រី​។​

ក្រៅពីនោះ​ត្រូវមាន​បន្លែ​សម្រាប់​ជា​ចំណី​ត្រី​មាន​ត្រកួន​និង​កំប្លោក​។​ក្នុង​លូ​មួយ​យើង​អាចដាក់​កូន​ត្រី​អណ្តែង​តែ​៧០​ទៅ​៨០​ក្បាល​។​មុន​ដាក់​ត្រី​ទៅក្នុង​លូ​គឺ​ត្រូវ​បន្សាប​ជាតិ​ស៊ីម៉ង់ត៍​ជាមុនសិន​ដោយ​យក​ដើម​ចេក​មក​ហាន់​ជា​ដុំ​តូចៗ​ហើយ​ដាក់​លាយ​ជាមួយ​លាមក​គោ​រួច​ចាក់ទឹក​ឱ្យ​ពេញ​ត្រាំ​ចោល​ចំនួន​៥​ថ្ងៃ​។​បន្ទាប់មក​យក​ដើម​ចេក​និង​លាមក​គោ​ចេញ​លាង​ឱ្យ​ស្អាត​រួច​ដាក់​ទឹក​ថ្មី​ចូល​ហើយ​ត្រាំ​ចោល​មួយថ្ងៃ​រួច​បង្ហូរ​ចេញ​ឱ្យអស់​លាង​ឱ្យ​ស្អាត​ដោយ​យក​ត្រកួន​មក​ជូត​ឱ្យ​សព្វ​ក្នុង​លូ​ហើយ​ទុកឱ្យ​ស្ងួត​។​

​ចំពោះ​ការធ្វើ​ជី​អ៊ី​អិ​ម​សម្រាប់​ឱ្យ​ត្រី​លូតលាស់​គឺ​យើង​ត្រូវមាន​ធុង​ប្លា​ស្ទីក​មួយ​មាន​គម្រប​ស្ក​ក្រហម​៣​គីឡូក្រាម​ល្ពៅ​ចាស់​៣​គីឡូក្រាម​ល្ហុង​ទុំ​៣​គីឡូក្រាម​និង​ចេកណាំវ៉ា​៣​គីឡូក្រាម​។​របៀប​ធ្វើ​គឺ​យើង​យក​ល្ពៅ​ចាស់​មក​ហាន់​ទាំង​សំបក​និង​គ្រាប់​រួច​ច្របល់​ឱ្យ​សព្វ​ជាមួយ​ចេកទុំ​ល្ហុង​ទុំ​និង​លាយ​ជាមួយ​ស្ករ​ក្រហម​កូរ​ឱ្យ​សព្វ​ហើយ​បិទ​គម្រប​ចំនួន​៧​ថ្ងៃ​។​

​បន្ទាប់មក​លាយ​ជាមួយ​ទឹកស្អាត​ចំនួន​៩​លីត្រ​ហើយ​បិទ​គម្រប​ស៊ីម៉ង់ត៍​ផ្អាប់​ទុកចោល​ចំនួន​១៥​ថ្ងៃ​ទើប​យកមកប្រើ​ប្រាស់​បាន​។​ការប្រើប្រាស់​ជី​អ៊ី​អឹម​នេះ​មាន​ផលប្រយោជន៍​កុំឱ្យ​ត្រី​ឆ្អាប​ខ្លាំង​មិនសូវមាន​ខ្លាញ់​ក្នុង​ពោះ​និង​ធ្វើឱ្យ​ត្រី​មាន​រស់ជាតិ​ឆ្ងាញ់​។​ចំពោះ​ការចាប់ផ្តើម​ចិញ្ចឹម​យើង​យក​លូ​ស៊ីម៉ង់ត៍​ដែល​ជួត​ដោយ​ត្រកួន​មិនមាន​ជាតិ​កំបោរ​ឬ​អាស៊ីត​រួច​ដាក់​ទឹក​ចូល​កម្ពស់​១​តឹក​។​

​ដំណាក់កាល​ដំបូង​ត្រូវ​ដួស​ជី​អ៊ី​អឹម​ដែល​ធ្វើ​រួច​មួយ​ស្លាបព្រា​ដាក់ចូល​ទៅក្នុង​ទឹក​នោះ​។​បន្ទាប់មក​យក​កូន​ត្រី​នៅក្នុង​ថង់​មក​ស្រាយ​មាត់​ថង់​តិចៗ​ឱ្យ​វា​ហែល​ចេញ​តាម​សម្រួល​មិនត្រូវ​ចាប់​វា​ចេញពី​ក្នុង​ថង់​ទេ​។​នៅ​ថ្ងៃ​ដំបូង​មិនបាច់​ឱ្យ​ចំណី​ត្រី​វា​ស៊ី​ទេ​គឺ​ដាក់​តែ​បន្លែ​ត្រកួន​កំប្លោក​ក្នុង​លូ​ក្នុង​១​ថ្ងៃ​២​ដង​គឺ​ព្រឹក​និង​ល្ងាច​សម្រាប់​រយៈពេល​១​ខែ​កន្លះ​។​

​បន្ទាប់​មកឱ្យ​ចំណី​១​ថ្ងៃ​តែម្តង​នៅពេល​ល្ងាច​។​មុនពេល​ឱ្យចំ​ណី​ត្រី​ត្រូវ​ត្រាំ​ទឹក​ពី​១០​ទៅ​១៥​នាទី​។​មុនពេល​ចាប់​លក់​២​ថ្ងៃ​ត្រូវយក​ដី​ក​ណ្តេ​ញ​ពណ៌​ក្រហម​ឬ​កញ្ជ្រាំង​ស្រូវ​ដាក់ចូល​ទៅក្នុង​លូ​ដើម្បី​ជួយ​ធ្វើឱ្យ​ត្រី​មាន​ពណ៌​លឿង​ស្អាត​លក់បាន​តម្លៃ​ថ្លៃ​។​ត្រី​អណ្តែង​ពី​៧០​ទៅ​៨០​ក្បាល​ពេល​ចិញ្ចឹម​បាន​៣​ខែ​កន្លះ​នឹងមាន​ទម្ងន់​១៥​គីឡូក្រាម​គឺ​៤​ក្បាល​ស្មើ​១​គីឡូក្រាម​។​ចំពោះ​ទឹក​ដែល​បង្ហូរ​ចោល​យើង​អាច​យកទៅ​ស្រោច​បន្លែ​បាន​ផល​ល្អ​ព្រោះ​វា​មាន​ល្បាយ​អ៊ី​អឹម​ស្រាប់​៕S/

​រូបថត​រះ​ត្រី​អណ្តែត​ដែល​ចិញ្ចឹម​ក្នុង​លូ​ស៊ីម៉ង់ត៍​ជូត​ធ្វើ​ឲ្យ​គ្រួ​សារបាន​ប្រាក់​បន្ថែម​ពីមុខ​របរ​ផ្សេង​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ