ពូទីនសម្ញែងកម្លាំងទាំងស្រុងនៃប្រព័ន្ធមីស៊ីល S-400 ដ៏សាហាវរបស់គាត់ដើម្បីគំរាមអង្គការណាតូ

370
ចែករម្លែក

ប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះ ឈ្មោះ S-400 របស់លោកវ៉្លាឌីមៀរ ពូទីន ត្រូវបានដាក់ពង្រាយនៅតំបន់អាក់ទិកនិងនៅប្រទេសតួកគីដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីអង្គការណាតូមកលើរុស្ស៊ី។

នៅពាក់កណ្តាលខែមីនា អង្គការណាតូបានធ្វើសមយុទ្ធយោធាមួយដែលមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ចំនួន ២ របស់អាម៉េរិកនិងយន្តហោះចម្បាំង F-35 របស់ន័រវេសចំនួន ៣ គ្រឿងនៅឯសមុទ្រអាត្លង់ទិកខាងជើង។ រុស្ស៊ីបានឆ្លើយតបវិញដោយបង្ហាញកម្លាំងការពារអាកាសរបស់ខ្លួន។ អតីតរដ្ឋកុម្មុយនីស្តមួយនេះបានធ្វើតេស្តជាមួយនឹងប្រព័ន្ធមីស៊ីល S-400 ដ៏សាហាវរបស់ខ្លួន ដែលបានដាក់ពង្រាយនៅតំបន់ណូវ៉ាយ៉ាហ្សេមលីយ៉ានៅភាគខាងជើងប្រទេសរុស្ស៊ី។

ប្រព័ន្ធអាវុធប្រឆាំងយន្ដហោះ S-400 គឺស្ថិតក្នុងចំណោមប្រព័ន្ធអាវុធទំនើបបំផុតនៅលើពិភពលោក។

យោធារុស្ស៊ីឥឡូវនេះបានផ្សព្វផ្សាយនូវរូបភាពនៃគ្រាប់មីស៊ីលបាញ់ស្រោចចេញពីប្រព័ន្ធ S-400 របស់ខ្លួន។

ប្រព័ន្ធមីស៊ីលនេះមានភាពទំនើបខ្លាំងណាស់ដែលសូម្បីតែអ្នកជំនាញខាងយោធារបស់លោកខាងលិចក៏ខ្លាចថាវាអាចបាញ់ទម្លាក់យន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកទំនើបបំផុតបានដែរ។

យោធារុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅឯកន្លែងហ្វឹកហាត់អាស៊ូលុក ក្នុងតំបន់អាស្ត្រាខាន់ ក្រុមជាច្រើននៃកងវរសេនាធំមីស៊ីលប្រឆាំងយន្តហោះចម្បាំងមកពីអង្គភាពការពារដែនអាកាសឡេនីនហ្គាដនៃតំបន់យោធាខាងលិច បានបាញ់គ្រាប់មីស៊ីលពិតពីដីទៅអាកាសប្រភេទ S-400 Triumph ទៅលើគោលដៅនៅលើអាកាស។ ក្នុងអំឡុងពេលបំពេញភារកិច្ចប្រយុទ្ធរបស់ខ្លួន ពួកគេបានរកឃើញនិងវាយប្រហារមីស៊ីលគោលដៅ ដែលគេធ្វើដូចជាអាវុធវាយប្រហារតាមអាកាសទំនើបនិងអនាគតរបស់សត្រូវ”។

ប្រព័ន្ធមីស៊ីល S-400 ត្រូវបានបង្កើតឡើងដោយការិយាល័យរចនាម៉ូតមជ្ឈិមអាល់ម៉ាស់នៃប្រទេសរុស្ស៊ី។

ប្រព័ន្ធថ្មីនេះបានជំនួសប្រព័ន្ធការពារដែនអាកាសស៊េរីចាស់ S-300P និង S-200 របស់កងទ័ពរុស្ស៊ី។

ប្រព័ន្ធនេះបានចូលបម្រើសេវាកម្មនៅខែមេសាឆ្នាំ ២០០៧ ហើយ S-400 ដំបូងគេត្រូវបានដាក់ពង្រាយនៅក្នុងការប្រយុទ្ធនៅខែសីហាឆ្នាំ ២០០៧។

រុស្ស៊ីបានបង្កើតកងវរសេនាធំការពារដែនអាកាស S-400 ចំនួន៤នៅក្នុងតំបន់ទីក្រុងមូស្គូ តំបន់បាល់ទិក តំបន់កាលីនីងហ្គាដ និងតំបន់យោធាបូព៌ា៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធមីស៊ីល S-400 ដ៏សាហាវរបស់ពូទីន

ទីតាំងផ្សាយពាណិជ្ជកម្ម