ធ្វើ​អធិការកិច្ច​លើ​មន្ត្រី​ច្រកចេញចូល​តែមួយ​ក្រុង​កំពង់ឆ្នាំង​ដើរ​ទារលុយ​ពី​ម្ចាស់​ដី​និង​គ្រឿងចក្រ​ជីក​អាចម៍ដី​

269
ចែករម្លែក

​ដោយ​:​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖​របាយការណ៍​របស់​ក្រុមអធិការកិច្ច​បានបង្ហាញ​ថា លោក​ទួន លី​ហួត (​ហៅ​គ្រូ​ហួត​)​មន្ត្រី​ការិយាល័យ​ច្រកចេញចូល​តែមួយ​នៃ​ក្រុង​កំពង់ឆ្នាំង​បានធ្វើ​សកម្មភាព​ដើរ​ទារលុយ​ពី​ម្ចាស់​ដី​និង​គ្រឿងចក្រ​ជីក​អាចម៍ដី​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​។​ទីតាំង​ស្ថិតក្នុង​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​រលាប្អៀ​ដោយ​ខ្លួន​មិនមាន​តួនាទី​ជា​សមត្ថកិច្ច​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមការងារ​ចម្រុះ​ខេត្តកំពង់ឆ្នាំង​រាយការណ៍​ជូន​អភិបាលខេត្ត​កំពង់ឆ្នាំង​។​លោ​កទន​លី​ហួត​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ​។​

​របាយការណ៍​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០២០​កន្លងទៅ​និង​ដាក់ចូល​សាលាខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃទី​១៣ ខែមេសា​។​នៅក្នុង​របាយការណ៍រ​បស់​ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច​ដែល​ដឹកនាំ​ដោយ​លោក​សោម​សុជាតា​បានបញ្ជាក់​ជូន​អភិបាលខេត្ត​កំពង់ឆ្នាំង​ថា​ករណី​ឈ្មោះ​ទួន​លី​ហួត​(​ហៅ​គ្រូ​ហួត​)​ជា​មន្ត្រី​ការិយាល័យ​ច្រកចេញចូល​តែមួយ​របស់​ក្រុង​កំពង់ឆ្នាំង​។​

ការបញ្ជាក់​បាន​បន្តថា​លោក​បាន​ចូលទៅ​ធ្វើ​សកម្មភាព​ថត​វីដេអូ​ក្នុងអំឡុង​ពេលដែល​ក្រុមការងារ​ចុះទៅ​សិក្សា​ពិនិត្យ​ទីតាំង ស្នើសុំ​ជីក​ស្រះ​ត្រី ចំនួន​បី​កន្លែង​របស់​ឈ្មោះ ស៊ឹម សារិន នៅក្នុង​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម​ក្រុង​កំពង់ឆ្នាំង​។​របាយការណ៍​បាន​បន្តថា​ឈ្មោះ​ទួន​លី​ហួត​ដែល​មិនមាន​ឈ្មោះ​ក្នុង​លិខិត​បង្គាប់ការ​បានធ្វើ​សកម្មភាព​ថតរូប​ភាព​និង​ថត​វីដេអូ​គ្រប់​សកម្មភាព​របស់​ក្រុមការងារ​ដោយ​គ្មាន​ការអនុញ្ញាត​ទាំង​ខ្លួន​មិនមាន​តួនាទី​អ្វី​ក្នុង​ក្រុមចម្រុះ​ខេត្ត​។​

​ថែមទាំង​បាន​ទូរស័ព្ទ​ឆ្វេ​ច​ឆ្វាច​មិនដឹងថា​ទូរស័ព្ទ​ទៅណា​ទេ​តែ​ឮសូរ​ថា​ស្រូត​ឡើងមក​ក៏​ឃើញ​ឈ្មោះ​សុខ​ឧ​ត្ត​ម​ដែលជា​អគ្គនាយក​ស្ថានីយ​វិទ្យុ​រិ​ទ្ធិ​សែន​បើកឡាន​យ៉ាង​លឿន​ចូលមក​ទីតាំង​ដី​ហើយ​បាន​ចុះ​ពី​ឡាន​ថត​រួច​ឡាយ​វីដេអូ​។​ក្រោយពី​ចុះ​ត្រួតពិនិត្យ​នៅលើ​ទីតាំង​ដី​រួចរាល់​ហើយ​ក្រុមការងារ​ក៏បាន​មក​ប្រជុំពិភាក្សា​ការងារ​នៅ​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បន្តទៀត​។

​តាម​ព័ត៌មាន​ក្រៅផ្លូវការ គឺ​ឈ្មោះ ទួន លី​ហួត តែងតែ​ធ្វើ​សកម្មភាព​ដើរទារ​លុយកាក់​ពី​គេ​ដូចជា​ម្ចាស់​ដី និង​ម្ចាស់​គ្រឿងចក្រ​ជីក​អាចម៍ដី​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ក្នុងភូមិ​សាស្ត្រ​ក្នុង​ក្រុង​កំពង់ឆ្នាំង​និង​ស្រុក​រលាប្អៀរ ដោយ​ខ្លួន​មិនមាន​តួនាទី​ជា​សមត្ថកិច្ច​។​

​ទាក់ទង​ករណីនេះ លោក ទួ​ច លី​ហួត មន្ត្រី​ច្រកចេញចូល​តែមួយ​របស់​ក្រុង​កំពង់ឆ្នាំង បាន​បញ្ជាក់ថា លោក​មិន​បានធ្វើ​ដូច​ការលើកឡើង​ក្នុង​របាយការណ៍​នោះទេ ខណៈដែល​លោក​ទទួល​ទូរស័ព្ទ​នោះ គឺ​លោក​ស៊ុន​សុវណ្ណ​រិ​ទ្ធ​ជា​អភិបាលរង​ខេត្ត​ជា​អ្នក​ទូរស័ព្ទ​មករក​លោក​ដែល​គាត់​សួរ​អំពី​ស្ថានភាព​នៅ​ទីនោះ ដែល​ត្រូវរាយការណ៍ជូន​គាត់​ក្នុងនាម​គាត់​ជា​ប្រធាន​ក្រុមចម្រុះ ។​ចំពោះ​ការចោទប្រកាន់ថា លោក​យកលុយ​កាក់ សូមឱ្យ​រក​អ្នក​ដែល​ឱ្យ​លុយ​ចេញមក​តទល់​គ្នា​។

​លោក​បន្ត​ថាបើ​មិន​សុខចិត្ត​ទេ​អាច​ស្បថ​នៅមុខ​វត្ត​យាយ​ទេព​ឬក៏​លោកតា​ដំបង​ដែក​នៅក្នុង​សាលាខេត្ត​ដោយ​ដាក់​ជីវិត​ក៏បាន​អ្នកណា​ប្រព្រឹត្ត​នូវ​អំពើអាក្រក់​សូមឱ្យ​រិ​ទ្ធ​បារមី​លោក​ទាំងពីរ​បរាមុខ​ជា​រៀងរហូត​។​នាយក​ស្ថានីយ​វិទ្យុ​រិ​ទ្ធិ​សែន​លោក​សុខ​ឧ​ត្ត​ម​បានបញ្ជាក់​ប្រាប់ថា​លោក​មិនបាន​ទទួលដំណឹង​ពី​ឈ្មោះ​ទួន​លី​ហួត​នោះទេ​។​គឺ​លោក​ទទួលដំណឹង​ពី​អ្នកសារព័ត៌មាន​ដូចគ្នា​នៅក្នុង​ខេត្ត​ទើប​លោក​ចុះទៅ​ធ្វើការ​ឡាយ​វីដេអូ​នៅ​ទីនោះ​៕S/

​រូបថត​ក្រុមការងារ​ចុះទៅ​សិក្សា​ពិនិត្យ​ទីតាំង ស្នើសុំ​ជីក​ស្រះ​ត្រី ចំនួន​៣​កន្លែង​របស់​ឈ្មោះ ស៊ឹម សារិន​