យោធាអាម៉េរិក ៖ រុស្ស៊ីអនុវត្តការធ្វើតេស្តមីស៊ីលប្រឆាំងផ្កាយរណប

216
ចែករម្លែក

យោធាអាម៉េរិកនិយាយថា រុស្ស៊ីបានធ្វើការសាកល្បងមីស៊ីលប្រឆាំងផ្កាយរណបកាលពីថ្ងៃពុធទី១៥មេសា ដោយហៅការសាកល្បងនេះថាជាឧទាហរណ៍នៃការគំរាមកំហែងដែលសហរដ្ឋអាម៉េរិកប្រឈមនៅក្នុងលំហអាកាស។

ការសាកល្បងនេះកើតឡើងនៅពេលដែលក្រុមមន្រ្តីនិយាយថាលំហអាកាសនឹងក្លាយជាដែនសំខាន់សម្រាប់សង្គ្រាម ដែលក្នុងនោះសហរដ្ឋអាម៉េរិកនិងប្រទេសដទៃទៀតដូចជារុស្ស៊ីនិងចិនបានបង្កើនជំហរយោធារបស់ពួកគេនៅក្នុងគន្លងផែនដីទាបនិងនៅជិតព្រះចន្ទ។

ក្រុមអ្នកជំនាញនិយាយថា អាវុធប្រឆាំងផ្កាយរណប ដែលកម្ទេចគោលដៅរបស់វា បង្កគ្រោះថ្នាក់ដល់ទីអវកាស ដោយបង្កើតពពកបំណែកកម្ទេចកម្ទី ដែលអាចប៉ះទង្គិចជាមួយវត្ថុដទៃទៀត អាចបង្កជាប្រតិកម្មជាសង្វាក់គ្រាប់ទូទាំងដងតារាវិថី។

ឧត្តមសេនីយ៍ចន រ៉ាយម៉ុន មេបញ្ជាការនៃទីបញ្ជាការអវកាសអាម៉េរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាម៉េរិកត្រៀមខ្លួននិងប្តេជ្ញាក្នុងការទប់ស្កាត់ការឈ្លានពាននិងការពារប្រទេសជាតិ សម្ព័ន្ធមិត្តរបស់យើង និង ផលប្រយោជន៍របស់សហរដ្ឋអាម៉េរិកពីសកម្មភាពអរិភាពនៅក្នុងលំហអាកាស”។

លោករ៉ាយម៉ុនបានបន្ថែមទៀតថា ការសាកល្បងនេះគឺជាភស្តុតាងនៃ “ការតស៊ូមតិដោយលាក់ពុតរបស់រុស្ស៊ីចំពោះសំណើគ្រប់គ្រងអាវុធនៅទីអវកាស…ខណៈគ្មានចេតនាយ៉ាងច្បាស់ក្រឡែតក្នុងការបញ្ឈប់កម្មវិធីអាវុធរបស់ខ្លួន”។

សេចក្តីជូនដំណឹងស្តីពីដែនអាកាសរុស្ស៊ីបង្ហាញថា ការធ្វើតេស្តនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃពុធ។ យោងតាមក្រុមអ្នកវិភាគ វាហាក់មិនបានបង្ហាញថាប្រព័ន្ធមីស៊ីលចល័តនេះបានកំណត់គោលដៅទៅលើផ្កាយរណបណាមួយក្នុងលំហអាកាសទេ ដោយផ្អែកលើទិន្នន័យផ្កាយរណបសាធារណៈ។

ក្រុមអ្នកវិភាគបានព្យាករណ៍ថា ការបាញ់សាកល្បងនោះគឺជាប្រព័ន្ធមីស៊ីលប្រឆាំងនឹងផ្កាយរណបថ្មីរបស់រុស្ស៊ីឈ្មោះថា Nudol ដែលបាញ់ចេញពីស្ថានីយអវកាស Plesetsk Cosmodrome ដែលមានចម្ងាយប្រហែល ៨០០ គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងទីក្រុងមូស្គូ។

យោធាអាម៉េរិកពឹងផ្អែកកាន់តែខ្លាំងឡើងលើផ្កាយរណបដើម្បីកំណត់នូវអ្វីដែលរុស្ស៊ីបានធ្វើនៅលើដី ដោយបញ្ជាគ្រាប់ជាមួយឡាស៊ែរនៅទីអវកាសនិងផ្កាយរណបក៏ដូចជាប្រើប្រាស់របស់ទាំងអស់នេះដើម្បីតាមដានការបាញ់មីស៊ីលនិងតាមដានកងកម្លាំងរបស់រុស្ស៊ី។

សហរដ្ឋអាម៉េរិកនិងចិនធ្លាប់បានអនុវត្តការធ្វើតេស្តប្រឆាំងនឹងផ្កាយរណបស្រដៀងគ្នាដែរ។ នៅក្នុងខែមីនា ឥណ្ឌាបានបាញ់សាកល្បងមីស៊ីលប្រឆាំងផ្កាយរណបថ្មីបំផុតទៅលើផ្កាយរណបមួយនៅក្នុងគន្លងផែនដីទាប ដោយបង្កើតបានជាកម្ទេចកម្ទីរាយប៉ាយពេញគន្លងគោចរនៅលើផែនដីរហូតមកទល់បច្ចុប្បន្ន៕ ដោយ៖ កញ្ញាដាលីស

ប្រព័ន្ធមីស៊ីល Nudol ទំនងត្រូវបានប្រើក្នុងការសាកល្បងរបស់រុស្ស៊ីកាលពីថ្ងៃពុធ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ