«​ជីវិត​ក្នុង​ភាព​នឹងថ្កល់​» ​រឿងរ៉ាវ​របស់​ប្រជាជន​ក្រោម​របប​ខ្មែរក្រហម​ ​ស្រី យ៉េ​ង ៖ សមាជិក​ដឹកជញ្ជូន​កៅស៊ូ​

441
ចែករម្លែក

ដោយៈ​វេ​នី ខក​ហ្កៀ​ល​, ប៊ា​ង ពី​វ័​ន្ត​, ស៊ឹម សុភ័ក្ត្រ និង រ៉ា ឆៃ​រ៉ា​ន់
​ភ្នំពេញៈ​គឹម ម៉ែន គឺជា​ប្រពន្ធ​របស់ ស្រី យ៉េន បាន​និយាយ​រៀបរាប់​ប្រាប់ថា​៖
​ ​ខ្ញុំ​និង​ប្ដី​ខ្ញុំ​ជួបគ្នា​នៅពេលដែល​គាត់​អាយុ​២១​ឆ្នាំ​ហើយ​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ​។ គាត់​ឃើញ​ខ្ញុំ​ធ្វើការ​នៅឯ​ស្រែ​ក៏​សុំ​ខ្ញុំ​រៀបការ​នៅ​ឆ្នាំ​១៩៦៩​។​គាត់​បាន​ចូលរួម​ធ្វើ​បដិវត្តន៍​ដើម្បី​ការពារ​អ្នកភូមិ​ពី​ទាហាន​លន់ នល់​។ ដំបូង​គាត់​ជា​អ្នកយាម​នៅ​មន្ទីរ​ឃុំ ហើយ​ធ្វើស្រែ​នៅពេល​ល្ងាច​។ នៅ​ឆ្នាំ​១៩៧៦ គាត់​ត្រូវ​អង្គការ​ចាប់​ឲ្យ​ធ្វើការ​នៅ​ចម្ការកៅស៊ូ​បឹងកេត​។ ខ្ញុំ​ធ្វើការ​ខាង​ប្រមូល​ជ័រកៅស៊ូ​ចម្ងាយ​ប្រហែលជា​១០​គីឡូម៉ែត្រ​ពី​កន្លែងធ្វើការ​។​គាត់​មិនបាន​ប្រាប់​ខ្ញុំ​ពី​មុខងារ​របស់គាត់ នៅក្នុង​ជួរ​ខ្មែរក្រហម​ទេ ហើយ​ខ្ញុំ​ក៏​មិនបាន​សួរនាំ​គាត់​ដែរ​។​


​ ​នៅក្នុង​ឆ្នាំ​១៩៧៧ ខ្ញុំ​ដឹងថា​ប្រធាន​កៅស៊ូ ឈ្មោះ សេត ហៅ​គា​ត់ទៅ​រៀនសូត្រ​។ ខ្ញុំ​អស់សង្ឃឹម ព្រោះ​ខ្ញុំ​ដឹងថា​គាត់​ស្លាប់​ហើយ​។ ពេក​ដែល​ខ្មែរក្រហម​ហៅ​គាត់​ទៅ​រៀនសូត្រ​គឺ​មានន័យថា​យកទៅ​សម្លាប់​។ ក្រោយមក​ខ្ញុំ​ទទួលដំណឹង​ថា សេត និង​អ្នក​ដែល​នៅក្នុង​កង​ជាមួយគ្នា​ប្រមាណ​២០​នាក់​។ ត្រូវ​អង្គ​ការហៅ​ទៅ​រៀនសូត្រ​ក្នុងពេល​ជាមួយគ្នា​។ អ្នក​ទាំងនោះ​ត្រូវ​បញ្ជូនទៅ​ភ្នំពេញ មិនដឹង​ជា​ទៅ​កន្លែង​ណាមួយ​ទេ​។ ខ្ញុំ​ភ័យ​ខ្លាំងណាស់​ពេលដែល​ឭ​សូរ​ដូចនេះ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ថ្ងៃ​ណាមួយ ខ្មែរក្រហម​ពិតជា​សម្លាប់​ខ្ញុំ​ដែល​ជាមិនខាន​។


​ ​ខ្ញុំ​និង សេត មានកូន​ស្រី​បួន​នាក់​។ នៅ​អំឡុង​ពេលធ្វើ​បដិវត្តន៍ កូន​ខ្ញុំ​ពីរ​នាក់​នៅ​ជាមួយ​ខ្ញុំ​ឯ​ពីរ​នាក់​ទៀត​នៅ​កងកុមារ​ជាមួយ​ស្ត្រី​ចាស់ៗ​។​ខ្ញុំ​មិន​ទុកចិត្ត​ស្ត្រី​ចាស់ៗ​នោះ​ប៉ុន្មាន​ទេ ព្រោះ​អ្នកដទៃ​មិន​ថែទាំ​កូន​យើង​ដូច​យើង​ជា​ម្ដាយ​ឡើយ​។ កូន​របស់ខ្ញុំ​នៅ​តូចៗ​នាង​បង​បង្អស់​អាយុ​៥​ទៅ​៦​ឆ្នាំ​ហើយ​នាង​ពៅ​អាយុ​តែ​៦​ខែ​។​កូនពៅ​ទើបតែ​ចេះ​អង្គុយ​នៅពេលដែល​អង្គការ​ចាប់​ខ្លួន​យកទៅ​។


​ ​ពេល​ល្ងាច​នៅពេល​ត្រឡប់មក​ធ្វើការ​ខ្ញុំ​ហូបបាយ​ជាមួយ​កូនៗ​រួចហើយ​ដាក់​ឲ្យ​វា​ដេក​។ ព្រឹក​ព្រលឹម​ស្រាងៗ​ខ្ញុំ​យក​វា​ទៅ​ដា​ក់នៅ​កងកុមារ​វិញ​។ ជួនកាល​ខ្ញុំ​មានតែ​បាយក្រៀម​បន្តិចបន្តួច​ទុក​ឲ្យ​កូន​។​ក្មេង​អត់​មាន​អាហារ​គ្រប់គ្រាន់​ទេ ។​ខ្ញុំ​អាណិត​វា​ណាស់​។ ខ្មែរក្រហម​មិន​ឲ្យ​យើង​យក​អ្វី​ពី​សហករណ៍ តែ​ពេលខ្លះ​ខ្ញុំ​លួច​យក​បន្លែ​ខ្លះៗ​ទៅ គ្រាន់​ស្លរ​ឲ្យ​កូន​ហូប​។​


​ ​ថ្ងៃមួយ​នៅក្នុង​ឆ្នាំ​១៩៧៧ កូនស្រី​ខ្ញុំ​ឈ្មោះ ភា មាន​ជំងឺ​។ ខ្ញុំ​ភ័យ​ស្លន់ ពេលដែល​ឃើញ​នាង​ប្រកាច់​ញាក់ និង​និយាយ​មមើមមាយ​មិនដឹង​ទិស​តំបន់​។ ខ្ញុំ​ក៏​ចាប់​សរសៃ​ឲ្យ​នាង​ហើយ​ឱប​នាង​ជាប់​។ អ្នកជិតខាង​តែ​ពីរ​នាក់​ប៉ុណ្ណោះ​បានមក​មើល​នាង ព្រោះ​ខ្លាច​គ្រាប់ផ្លោង​។ គ្មាន​អ្នកណា​រក​ពេទ្យហ្ម​អី​ទេ​។ ភា ស្លាប់​ក្នុង​ថ្ងៃ​ដដែល​។ ពេលនោះ​នាង​មាន​អាយុ​ទើបតែ​៤​ទៅ​៥​ឆ្នាំ​ប៉ុណ្ណោះ​។


​ ​អង្គការ​បានសម្លាប់​ប្រជាជន​ជាច្រើន​នាក់​នៅក្នុង​ចម្ការអណ្ដូង​ហើយ​បោះ​សាកសព​ចូលទៅក្នុង​អណ្ដូង​។ បុរស​ម្នាក់​ឈ្មោះ​ស៊ីម នៅក្បែរ​ផ្ទះ​ខ្ញុំ​ត្រូវ​ខ្មែរក្រហម​វាយ​ចំ​កញ្ចឹងក គ្រវែង​គាត់​ចូលទៅក្នុង​អណ្ដូង ហើយ​បោះ​សាកសព​ជាច្រើន​ទៅលើ​គាត់ បន្ទាប់មក​បាញ់រះ​ស្រោច​ពីលើ​បន្ថែមទៀត​។​ស៊ីម ប្រឹង​ងើប​ចេញពី​សាកសព​ដើម្បី​ឡើងលើ​។​គាត់​ស្រែ​ហៅ​ឪពុកម្ដាយ​របស់គាត់​ឲ្យ​ជួយ​ទាញ​គាត់​ចេញ​ឡើង​។ ប៉ុន្តែ​នៅពេលដែល​ឪពុក​គាត់ និង​ប្អូនប្រុស​គាត់​មកជួយ ខ្មែរក្រហម​បាន​បាញ់សម្លាប់​អ្នក​ទាំងពីរ​ហើយ​គាត់​បាន​គេចខ្លួនបាត់​។


​ ​បងប្អូន​ប្រុស​របស់ខ្ញុំ​បីនាក់​ធ្លាប់​ធ្វើជា​ទាហាន​ខ្មែរក្រហម​។ ចាប់ពី​ពេលដែល​ខ្ញុំ​បាត់​ដំណឹង​អ្នក​ទាំងអស់ ខ្ញុំ​គិតថា​គាត់​ស្លាប់​អស់ហើយ​។ បងប្អូន​ប្រុស​របស់ខ្ញុំ​ពីរ​នាក់​និង បងប្អូន​ស្រី​ជីដូនមួយ​ប៉ុន្មាន​នាក់​ក៏​បាត់​ខ្លួន​ដែរ​។​
​ ​ខ្ញុំ​នៅតែ​នឹកគិត​ដល់​ប្ដី​ខ្ញុំ ហើយ​កូនៗ​របស់ខ្ញុំ​នៅតែ​សួរនាំ​អំពី​ប៉ា​របស់​វា​។ គាត់​បាត់​ខ្លួន​យូរណាស់​មកហើយ​គ្មាន​ផ្លូវ​ដែលថា​គាត់​នៅរស់​ទេ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម