“​ភ្នំ​បាយ​ឆៅ​”​លែង​ជា​ក្តីកង្វល់​ប្រែក្លាយជា​កន្លែង​ដែលមាន​ទេសភាព​ស្រស់ត្រកាល​

1978
ចែករម្លែក

(​មណ្ឌលគិរី​)៖​បើ​គេ​និយាយ​ដល់​ការធ្វើដំណើរ​ពី​ខេត្តមណ្ឌលគិរី​ទៅ​រតនៈគិរី​ដោយ​កាត់​តាម​ទីរួមស្រុក​កោះ​ញែក​នោះ អ្នកដំណើរ​និង​បាន​នឹកឃើញ​ភ្លាម​អំពី​ភ្នំ​មួយ​ដ៏​សែន​គ្រោះថ្នាក់​និង​ឈប់​ចត​សំរាក​តាមផ្លូវ​។

ពេលធ្វើ​ដំណើរ​ឆ្លងកាត់​ពីលើ​កំពូលភ្នំ​នោះ គ្រា​ដែល​ផ្លូវជាតិ​លេខ​៧៦​ថ្មី​នៅ​មិនទាន់​ស្ថាបនា​។​ភ្នំ​ដែល​អ្នកដំណើរ​តែងតែ​បុក​ពោះ ព្រឺ​សម្បុរ​នោះ​ន​ណាៗ​ក៏បាន​ស្គាល់​ដែរ​គឺ​”​ភ្នំ​បាយ​ឆៅ​” ស្ថិតក្នុង​សង្កាត់​រម្យ​នា​ក្រុង​សែន​មនោ​រម្យ​ប៉ែក​ខាងកើត​ឈៀង​ខាងជើង​និង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​សែន​មនោ​រម្យ​នោះឡើយ​។​

​ភ្នំ​”​បាយ​ឆៅ​”​ជា​ងារ​មួយ​ដែល​អ្នកដំណើរ​ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដាក់​ឲ្យ​ក្រោយពី​មាន​កើត​បាតុភូត​ជា​បន្តបន្ទាប់​នៅ​ចំណុច​កំពូលភ្នំ​ខណៈ​ធ្វើដំណើរ​ឆ្លងកាត់​នៅ​ទីនោះ​។​ដោយមាន​ការងឿងឆ្ងល់​ពី​អ្នករស់នៅ​ទីក្រុង​ក៏ដូចជា​អ្នក​ខេត្ត​ដទៃ​ដែល​ចង់ដឹងថា​តើ​ហេតុអ្វី​បានជា​មានឈ្មោះ​ភ្នំ​បាយ​ឆៅ​នោះ​?​ថ្ងៃនេះ រស្មី​កម្ពុជា​បាន​ជូ​ប​សម្ភាសន៍​ជាមួយ​អ្នករស់នៅ​ខេត្តមណ្ឌលគិរី​ផ្ទាល់ ដើម្បី​ស្រាយ​ចម្ងល់​ខាងលើ​ផងដែរ​!

​តាម​ពាក្យ​ដំណាល​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នោះ​ថា​កាលពី​កំឡុង​មុន​ឆ្នាំ​១៩៦២​ទឹកដី​ខេត្តមណ្ឌលគិរី​ទាំងមូល​ជា​ស្រុក​មួយ​របស់​ខេត្តក្រចេះ ដែលមាន​ឈ្មោះថា​ស្រុក​ឆ្លូងលើ​។​ដោយសារតែ​ទឹកដី​ខេត្តក្រចេះ​មាន​វិសាលភាព​ធំ​ពេក​ពិបាក​ក្នុងការ​គ្រប់គ្រង​ទើប​នៅ​ឆ្នាំ​១៩៦៣ អតីតព្រះមហាក្សត្រ​កម្ពុ​ជាស​ម្តេច​តា​នៃ​យើង​បានចេញ​ព្រះរាជ​ក្រិ​ដ្ឋ​កាត់​យក​តំបន់​មួយចំនួន​នៃ​ខេត្តក្រចេះ​រួមទាំង​ស្រុក​ឆ្លូងលើ​បង្កើតជា​ខេត្ត​ថ្មី​មួយ​ដោយ​ដាក់ឈ្មោះថា​ខេត្តមណ្ឌលគិរី​។

មកដល់​សព្វថ្ងៃ​។​នៅក្នុង​ខេត្តមណ្ឌលគិរី​ថ្មី​នោះ​ថ្នាក់ដឹកនាំ​បាន​បង្កើត​ផ្លូវ​នានា​ជាច្រើន​រួមទាំង​ផ្លូវ​មួយ​ខ្សែរ​ចេញពី​ក្រុង​សែន​មនោ​រម្យ​ឆ្ពោះទៅ​ក្រុង​បាន​លុង​ខេត្តរតនៈគិរី​ដោយ​ឆ្លងកាត់​ស្រុក​កោះ​ញែក​និង​ស្រុក​លំផាត់​។​

​ការស្ថាបនា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​រួចរាល់​ដោយ​កន្លែង​ខ្លះ​ទំនាប​កន្លែង​ខ្លះ​ភ្នំ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៅពេលនោះ​។​ការធ្វើដំណើរ​ឆ្លងកាត់​ទៅវិញទៅមក​រួមទាំង​ស្រុកទេស​មាន​សង្គ្រាម​ផង​នោះ បាន​បង្ក​ឲ្យ​ផ្លូវ​រង​ការខូចខាត​ឈានដល់​ស្ទើរតែ​មិនអាច​ចរាចរណ៍​ចរ​បាន​ទាំង​ស្រុក​។​

គ្រានោះ​ហើយ​ដែល​អ្នកដំណើរ​ត្រូវ​ប្រឈមមុខ​ជាមួយ​ផ្លូវ​ដ៏​សែន​លំបាក​ពិសេស​គឺ​ចំណុច​ផ្លូវ​ភ្នំ​បាយ​ឆៅ​នោះ​តែម្តង​។​ពាក្យ​ថា​បាយ​ឆៅ បើតាម​ចាស់ព្រឹទ្ធាចារ្យ​លើកឡើង​វា​គ្រាន់តែ​ជា​ងារ​មួយ កំឡុង​ពេលដែល​អ្នកដំណើ​រ​ជាប់ផុង​រថយន្ត​នៅ​ចំណុច​នោះ ហើយ​ដេក​ផ្លូវ​ដាំបាយ​ទ​ទូល​ទាន​មិនដែល​បាន​ឆ្អិន​ព្រោះ​តែមាន​ភ្លៀង​ជាប្រចាំ​នៅ​ចំណុច​នោះ​។​មួយវិញទៀត​ស្ថានភាព​ផ្លូវ​ចំណុច​”​ភ្នំ​បាយ​ឆៅ​”​មាន​ចំណោត​ខ្ពស់ រអិលខ្លាំង​បាន​បង្ករ​ឲ្យ​មានការ​ក្រឡាប់​រថយន្ត​ឬ​រអិល​ធ្លាក់​ពីលើ​ភ្នំ​នោះ​ជា​បន្តបន្ទាប់ ទើប​គេ​ហៅ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា​”​ភ្នំ​បាយ​ឆៅ​”​រហូតមកដល់​បច្ចុប្បន្ន​នេះ​តែម្តង​។​

​អនុប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជ​ញ្ជួ​ន​ខេត្តមណ្ឌលគិរី​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ដោយសារតែ​មានការ​អភិវឌ្ឍ​ន៍​ឥតឈប់ឈរ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ទើប​នៅ​ឆ្នាំ​២០០៩​រាជរដ្ឋាភិបាល​បានដាក់​ការដេញថ្លៃ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​ចូលមក​ស្ថាបនា​ផ្លូវជាតិ​លេខ​៧៦​នេះ​ឡើង​។​

រហូតមកដល់​ឆ្នាំ​២០១២​ការស្ថាបនា​បានបញ្ចប់​និង​ដាក់​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ញ៉ាំង​ឲ្យ​អ្នកដំណើរ​លែង​ប្រថុយប្រថាន​ធ្វើដំណើរ​លើផ្លូវ​ចំណុច​”​ភ្នំ​បាយ​ឆៅ​”​នោះ​តទៅ​ទៀតហើយ​។​

​បច្ចុប្បន្ន​ចំណុច​ភ្នំ​បាយ​ឆៅ​នោះគេ​តែងតែ​សង្កេតឃើញ​មាន​អ្នកដំណើរ​ឈប់​ចត​រថយន្ត​ត្រៀបត្រា​ដើម្បី​ថតរូប​ទេសភាព​ចេញពី​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​ដែល​គេ​អាច​មើលឃើញ​នូវ​វិសាលភាព​ព្រៃភ្នំ​ដ៏​ខៀវស្រងាត់​នា​រដូវវស្សារ​នោះ​ថែមទៀត​។​ចំណែក​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​យោងទៅលើ​ការិយាល័យ​ចរាចរណ៍​ខេត្តមណ្ឌលគិរី​បាន​អះអាង​ថាបើ​ធៀប​ជាមួយនិង​អតីតកាល​នៅ​ចំណុច​ភ្នំ​បាយ​ឆៅ​ស្ទើរតែ​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ដោយ​កត្តា​ផ្លូវ​កើតមាន​សូម្បី​តែមួយ​ករណី​នោះទេ​៕ ​ដោយ ៖សាត​ចាន់​បុត្រ

រូប​ថ​តៈ​ផ្លូវ​ភ្នំ​បាយ​ឆៅ​ពី​អតីតកាល​និង​បច្ចុប្បន្ន​(​រូ​បៈសាត ចាន់​បុត្រ​)​
​រូប​ថ​តៈ​ផ្លូវ​ភ្នំ​បាយ​ឆៅ​ពី​អតីតកាល​និង​បច្ចុប្បន្ន​(​រូ​បៈសាត ចាន់​បុត្រ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម