នៅសល់តែ ១២ នាក់​ទៀត​ប៉ុណ្ណោះ អ្នក​ឆ្លង​កូ​វីដ ១៩ នៅ​កម្ពុជានឹង​ជា​អស់ហើយ​

175
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០២០ នេះ ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជាមាន​ដូចតទៅ​៖


១.​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប ១១០ នាក់ ( ស្មើនឹង ៩០ , ១៦ ភាគរយ ធៀប​នឹង​អ្នក​ឆ្លង​ទាំងអស់ ក្នុងនោះ ស្ត្រី ៣១ នាក់ និង បុរស ៧៩ នាក់ ) ដែលមាន​បុរស​ជនជាតិ ចិន ០១ នាក់ , ស្ត្រី​ជនជាតិ អង់គ្លេស ០៣ នាក់​, បុរស​ជនជាតិ អង់គ្លេស ០២ នាក់ , បុរស​ជនជាតិ អាមេរិកាំង ០១ នាក់ , ស្ត្រី​ជនជាតិ អាមេរិកាំង ០១ នាក់ , បុរស​ជនជាតិ ប៊ែ​ល​ហ្សិ​ក ០១ នាក់ , បុរស​ជនជាតិ បារាំង ១៨ នាក់ ( ក្នុងនោះ​មាន​ទារក​អាយុ ០៤ ខែ ម្នាក់ ) ស្ត្រី​ជនជាតិ បារាំង ២០ នាក់ , បុរស​ជនជាតិ កាណាដា ០២ នាក់ , បុរស​ជនជាតិ ម៉ាឡេស៊ី ១២ នាក់ , បុរស​ជនជាតិ ឥណ្ឌូនេស៊ី ០២ នាក់ , ស្ត្រី​ជនជាតិ វៀតណាម ០១ នាក់ , បុរស​ជនជាតិ ខ្មែរ ៤០ នាក់ និង ស្ត្រី​ជនជាតិ ខ្មែរ ០៦ ( គិត​ចាប់ពី​ខែ មករា មកដល់​បច្ចុប្បន្ន ) នាក់ ។​


២. អ្នក​កំពុង​សម្រាក​ព្យាបាល បាន​ថយ​ចុះមក​នៅត្រឹមតែ ៖ ១២ នាក់ ( ស្ត្រី ០៨ នាក់ ) នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ថ្នាក់ជាតិ និង ថ្នាក់​ខេត្ត ។​


៣. អ្នក​ដែល​បាន​រកឃើញ​មាន​វីរុស កូ​វីដ ១៩ ទាំងអស់ ( ទាំង​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ហើយ​ផង ) សរុប ១២២ នាក់​ដដែល (​ស្ត្រី ៣៨ នាក់ និង បុរស ៨៤ នាក់ )​។​


៤. ករណី​ជាសះស្បើយ​ថ្មី​ចំនួន ០៣ នាក់ ដែល​ក្នុងនោះ​រួមមាន​៖

  • បុរស​ជនជាតិ ខ្មែរ អាយុ ៤៧ ឆ្នាំ និង ស្ត្រី​ជា​ភរិយា អាយុ ៤៥ ឆ្នាំ ស្នាក់នៅ​សង្កាត់​ជ្រោយចង្វា រាជធានី​ភ្នំពេញ បានជា​សះស្បើយ ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ នា​រាជធានី​ភ្នំពេញ បន្ទាប់ពី​បានធ្វើ​តេស្ត​អវិជ្ជមាន ០២ លើក ។​
  • បុរស​ជនជាតិ ចិន សញ្ជាតិ កាណាដា អាយុ ៥០ ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន សង្កាត់​បឹង​កេងកង ១ រាជធានី​ភ្នំពេញ បាន​ព្យាបាល​ជាសះស្បើយ និង ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម បន្ទាប់ពី​បានធ្វើ​តេស្ត​អវិជ្ជមាន ០២ លើក ។
  • ៥. ករណី​ឆ្លង​ថ្មី នៃ ជំ​ង​កូ​វីដ ១៩ ៖ គ្មាន​

  • ​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ និង បុគ្គលិក​សុខាភិបាល ក្រុ​គ្រូពេទ្យ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ អង្គការ​សុខភាព​ពិភពលោក , មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក និង វិទ្យាស្ថាន​ប៉ាស្ទ័រ កម្ពុជា ដែល​បាន​បំពេញ​កាតព្វកិច្ច​បាន​យ៉ាង​ល្អ​បំផុត ក្នុងការ​ស្រាវជ្រាវ ទប់ស្កាត់ ពិនិត្យ និង ព្យាបាល​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា នា​គ្រាកន្លងមក ។​

  • ​ក្រសួងសុខាភិបាល ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រសួង​នឹង​ជូនដំណឹង​ជា​បន្តបន្ទាប់​ដល់​សាធារណជន អំពី​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នេះ ។​

  • ​បើ​គេ​ក្រឡេកមើល​ស្ថានភាព​បច្ចុប្បន្ននេះ ហាក់ដូចជា​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា មាន​ភាព​ធូរស្រាល គួរឱ្យ​សាទរ​ណាស់​ហើយ ប៉ុន្តែ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​ទី ២ របស់ខ្លួន​នៅឯ​ក្រសួងសុខាភិបាល ស្តីពី​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២០ នេះ ថា ស្ថានភាព​នៅ​ផុយ​ស្រួល​ណាស់​នៅឡើយ គឺ​កម្ពុជា ពិតជា​មិនទាន់​អាច​ធ្វេសប្រហែស​នៅឡើយ ! មិនទាន់​អាច​ធ្វេសប្រហែស​បាន ព្រោះ​គិត​រហូតមក​ដល់ពេលនេះ គឺ​កម្ពុជា ស្ថិតនៅក្នុង​ដំណាក់កាល​ដំបូង នៃ ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ ១៩ នៅឡើយ ដូច្នេះ កម្ពុជា អាច​នឹងរង​ការវាយប្រហារ​ក្នុង​រលក ឬ ជំនោរ ឬ ដំណាក់កាល​ទី ២ នៅ​ខាង​ពេល​មុខ​នេះ​ដោយ​ប្រការ​ណាមួយ ប្រសិនបើ​យើងទាំងអស់គ្នា​នៅ​កម្ពុជា ហ៊ាន​តែ​ធ្វេសប្រហែស ឬ ភ្លាត់ស្នៀត​ដោយ​ប្រការ​ណាមួយ ។​

  • ​ជាការ​ពិតណាស់ ការលើកឡើង​របស់លោក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង មិនមែន​ថា គ្មាន​ហេតុផល​ទេ ព្រោះ​ណាមួយ​គ្មាន​នរណាម្នាក់​ដឹងថា ជំងឺ​កូ​វីដ ១៩ នៅមាន​វត្តមាន​លើទឹក​ដី​កម្ពុជា កម្រិតណា ទីណា ជាដើម , ណាមួយ​នៅមាន​មនុស្ស​រាប់ម៉ឺន​នាក់​ផ្សេងទៀត​ដែល​មកពី​បរទេស ដូចជា​ប្រទេស ថៃ ជាដើម និង អ្នក​ដែល​បាន​បំពាន​លើ​បម្រាម​មុន​ចូលឆ្នាំ​ខ្មែរ ហើយ​ពេលនេះ អ្នក​ទាំងនោះ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង ណាមួយ​រដូវភ្លៀង​ធ្លាក់​អាច​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ គឺ​គ្មាន​នរ​ម្នាក់​អាច​ដឹងថា​នឹងមាន​រឿង​អ្វី​កើតឡើង​នៅឡើយ​ទេ ហេតុនេះ គឺ​មានតែ​ម្យ៉ាង​ប៉ុណ្ណោះ គឺ​រក្សា​នូវ​ការប្រុងប្រយ័ត្ន​បន្តទៅទៀត ៕ Kh/Ha
ថ្ងៃនេះ កម្ពុជា គ្មាន​អ្នក​ឆ្លង​កូ​វីដ ១៩ ទេ ប៉ុន្តែ​មាន​អ្នក ជា សះស្បើយ ០៣​នាក់ ( រូបៈ ឯកសារ )