រ៉ូ​ម៉េ​លូ លូ​កា​គុ : អាច​នឹង​វិលត្រឡប់​ទៅ​ក្លិប​ចាស់​នាពេល​អនាគត ប៉ុន្តែ​មិនមែន​ក្លិប​នៅ​ក្របខ័ណ្ឌ ព្រី​មី​ញ៉េ​លី​ក​ទេ​

203
ចែករម្លែក

​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) បាន​សារភាពថា ខ្លួន​មិន​ច្បាស់​ថា​នឹង​វិលត្រឡប់ ទៅកាន់​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​វិញ​នាពេល​អនាគត​នោះទេ ប៉ុន្តែ​ខ្សែប្រយុទ្ធ​របស់​ក្លិប​អ៊ី​ន​ធ័​រ មី​លេន​( Inter Milan) រូបនេះ​ក៏បាន​ព្រលយ​ពាក្យ​ពី​ការផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្របខ័ណ្ឌ​MLS ឬ​អតីត​ក្លិប អាន​ឌ័​រ​ឡិច​(Anderlecht) ។​
​ ​
​ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ​វគ្គ​សំណួរចម្លើយ​តាម​បណ្តាញ​សង្គម​អំឡុងពេល ស្ថិតក្នុង​បម្រាម​ទាក់ទិន​នឹង​វីរុស​កូ​រ៉ូ​ណា ហើយ​បាន​ចែករំលែក​ការយល់ ឃើញ​របស់ខ្លួន​ជុំវិញ ប្រធានបទ​ជាច្រើន​ជាមួយ​អ្នកគាំទ្រ​។​
​ ​
​កន្លងមក លូ​កា​គុ ធ្លាប់​លេង​ឲ្យ​ក្លិប West Brom, Chelsea, Everton និង​ក្លិប Man Utd ប៉ុន្តែ​បាន​ចាក ចេញពី​ពហុ​កីឡដ្ឋាន Old Trafford មកកាន់​ប្រទេស​អ៊ីតាលី​កាលពី​រដូវក្តៅ​ឆ្នាំមុន​ក្នុងតម្លៃ​ផ្ទេរ ៧៣​លាន​ផោន​។​
​ ​
​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​រកបាន​១១៣​គ្រាប់​ក្នុងការ​បង្ហាញ​២៥២​លើក​សម្រាប់​ការប្រកួត​ទាំងអស់​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​មុនពេល​ចាកចេញ​ពី​ក្របខណ្ឌ​នេះ​។​
​ ​
​មាន​អ្នកគាំទ្រ​ម្នាក់​សួរថា “​តើ​អ្នកនឹង​ត្រឡប់​ទៅលេង​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ម្តងទៀត​ទេ ហើយនឹង​ចូលរួម​ជាមួយ​ក្លិប Everton ឬទេ​?” លូ​កា​គុ បាន​ឆ្លើយថា “​ខ្ញុំ​មិន​គិត​ចឹ​ង​ទេ ប៉ុន្តែ​ខ្ញុំ​ពេញ ចិត្ត​ពេលវេលា​ជាមួយ​ក្លិប Everton “​។​
​ ​
​ដោយ​ចាប់ផ្តើម​អាជីព​ចេញពី​ប្រទេស​កំណើត​បែលហ្ស៊ិក លូ​កា​គុ បង្ហើប​ប្រាប់ថា​ថ្ងៃ​ណាមួយ​ខ្លួន​នឹង វិលត្រឡប់​ទៅលេង​ជាមួយ​ក្លិប​ចាស់ Anderlecht ជា​ក្លិប​ដែល​ខ្លួន​បានចាប់ផ្តើម​អាជីព​បាល់ទាត់ដំបូង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku)

ទីតាំងផ្សាយពាណិជ្ជកម្ម