រាជរដ្ឋាភិបាល​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​អំពី​គោលនយោបាយ ​និង​កម្មវិធី​ជំនួយ​សង្គម ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩

170
ចែករម្លែក
លោក វ​ង្សី វិស្សុត​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ​គោលនយោបាយ​ថវិកា ហិរញ្ញប្បទាន​និង​ជំនួយ​សង្គម​ដើម្បី​គ្រប់គ្រង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ខ​ល​( Video Conference) អំពី​គោលនយោបាយ និង​កម្មវិធី​ជំនួយ​សង្គម ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩

ដោយៈ​ស៊ា​ថាំង​/​ភ្នំពេញៈ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២០ នេះ លោក វ​ង្សី វិស្សុត​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ​គោលនយោបាយ​ថវិកា ហិរញ្ញប្បទាន​និង​ជំនួយ​សង្គម​ដើម្បី​គ្រប់គ្រង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ពិគ្រោះ​យោបល់​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ខ​ល​( Video Conference) អំពី​គោលនយោបាយ និង​កម្មវិធី​ជំនួយ​សង្គម ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ជាមួយ​បណ្តា​ដៃគូ​អភិវឌ្ឍន៍​ចំនួន ២៣​ដែលមាន​វត្ត​មាននៅ​កម្ពុជា​រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB), ធនាគារពិភពលោក​(WB),​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​( IMF),​អង្គការ​ស្បៀង​កសិកម្ម​(FAO), អង្គការ​សុខភាព​ពិភពលោក​(WHO),​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​(UNDP),​អង្គការ​អន្តរជាតិ​ការងារ​(ILO), អង្គការ​ទេស​ន្ត​ប្រវេសន៍​(IOM), UNFPA, UN HABITAT,​យូ​នី​សេ​ហ្វ (UNICEF), កម្មវិធី​ស្បៀង​ពិភពលោក​(WFP),​តំណាង​សហភាព​អ៊ឺរ៉ុប​, ស្ថានទូត​អូស្ត្រាលី​, ស្ថានទូត​ជប៉ុន​, ស្ថានទូត​អាល្លឺម៉ង់​,​ភ្នាក់ងារ​ចៃ​កា​នៃ​ប្រទេស​ជប៉ុន​( JICA), ភ្នាក់ងារ​ក​យ​កា​នៃ​ប្រទេស​កូរ៉េខាងត្បូង​(KOICA(, EDCF, GIZ, SDC, SIDA និង GRET​។​


​ប្រភពដដែល​បន្តថា​រដ្ឋលេខា​ធិ​ការ​ប្រចាំការ​វ​ង្សី វិស្សុត មានប្រសាសន៍ថា​ការរៀបចំ​គោលនយោបាយ និង​កម្មវិធី​ជំនួយ​សង្គម​ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​គឺ​ផ្អែកលើ​ផែនការមេ​សម្រាប់​ទប់ស្កាត់​និង​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​ពី​ជំងឺ​កូ​វីដ​-១៩ និង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​សម្រាប់​គ្រប់គ្រង​សភាពការណ៍​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​។ គោលនយោបាយ និង​កម្មវិធី​ជំនួយ​សង្គម​នេះ នឹងត្រូវ​ដាក់​ឆ្លង​ការពិនិត្យ​អនុម័ត​ពី​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងពេល​ខាងមុខនេះ​។ លោក​ថ្លែងថា​គោលបំណង​នៃ​ការធ្វើការ​ពិភាក្សា​ពិគ្រោះ​យោបល់​កម្រិត​បច្ចេកទេស​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​នាពេលនេះ គឺ​ដើម្បី​ប្រមូល​នូវ​មតិយោបល់ និង​ធាតុ​ចូល​បន្ថែម​ពី​ដៃគូ​ទាំងអស់ ពាក់ព័ន្ធ​នឹង​ទំហំ​នៃ​តម្រូវការ​ហិញ្ញ​ប្ប​ទាន និង​ការកំណត់​អត្តសញ្ញាណ​កម្ម​ក្រុម​ជន​ងាយ​រងគ្រោះ ដែលជា​គោលដៅ​អ្នក​ត្រូវ​ទទួលបាន​នូវ​កម្មវិធី​ជំនួយ​សង្គម​នេះ ក៏ដូចជា​យន្តការ​បើក​ផ្តល់ ព្រមទាំង​បន្ត​ស្វែងរក​ការគាំទ្រ​បន្ថែម​ពី​សំណាក់​ដៃគូ​ទាំងអស់​។​
​ ​លោក​ក៏បាន​លើកឡើង​ផងដែរ​ថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បាន​ក្លាយជា​វិបត្តិ​សកលលោក និង​ជា​ករណី​មិន​ធ្លាប់មាន​ពីមុនមក ហើយ​ទំហំ​នៃ​ផលប៉ះពាល់ និង​វិធានការ​ឆ្លើយតប​របស់​ប្រទេស​នីមួយៗ ក៏​មិន​ដូចគ្នា​ដែរ​។ លោក​បាន​ប្រាប់​សន្និសីទ​នេះ​ថា ទោះបី​កម្ពុជា​ជា​ប្រទេស​តូច ហើយ​ធនធាន​មាន​កម្រិត​ក្តី តែ​រហូតមក​ទល់នឹង​ពេលនេះ​, កម្ពុជា បាន និង​កំពុង​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​នេះ​ល្អប្រសើរ​។

ទន្ទឹមនឹងនេះ ម​ជ្ឍ​ដ្ឋា​ន​ប្រជា​ពល​ពលរដ្ឋ​ទូទៅ មិនថាតែ​មន្ត្រីរាជការ​សាធារណៈ​ឡើយ​បាន​ចូលរួមចំណែក​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​ជាមួយនឹង​រដ្ឋាភិបាល​យ៉ាង​សស្រាក់សស្រាំ និង​ថែមទាំង​បាន​ជួយ​រែកពន់​នូវ​បន្ទុក និង​ការលំបាក​នេះ ក្នុង​ស្មារតី​ចែករំលែក​ទៀត​។ ក៏ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី រាជរដ្ឋាភិបាល​នឹង​នៅតែ​បន្ត​តាមដាន​ស្ថានភាព​វិវត្តន៍​នៃ​ជំងឺ​នេះ ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​បញ្ចៀស​ឱ្យបាន​នូវ​ការរីក​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​លោក​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​«​កម្ពុជា​យើង​បានគិត​គូរ និង​ត្រៀម​សម្រាប់​ស្ថានភាព​អាក្រក់​បំផុត​»​។

រាជរដ្ឋាភិបាល​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​អំពី​គោលនយោបាយ
​និង​កម្មវិធី​ជំនួយ​សង្គម ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩


​ ​រដ្ឋលេខាធិការ​ប្រចាំការ វ​ង្សី វិស្សុត​បានលើកឡើង​ប្រាប់​កិច្ច​ពិគ្រោះ​យោបល់​នេះដែរ​ថា​ជារួម ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នេះ​, រាជរដ្ឋាភិបាល បាន​ផ្តោតលើ​មុខព្រួញ​ចំនួន បួន​។ គឺ (១).​ការប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ទប់ស្កាត់​ការឆ្លង​, ការចម្លង និង​ការពារ​អាយុជីវិត​រប​ស់​ប្រជាជន​, (២).​ការរក្សា​លំនឹង​ជីវភាព​ប្រជាជន​ក្នុង​កម្រិត​អប្បបរមា​មួយ (​មិនឱ្យ​អត់បាយ​) ពិសេស​សម្រាប់​ប្រជាជន​ក្រីក្រ និង​ក្រុម​ជន​ងាយ​រងគ្រោះ​ព្រមទាំង​អ្នក​បាត់បង់​ការងារ​ដើម្បី​ធ្វើឱ្យ​ពួកគេ​អាចមាន​លទ្ធភាព​វិល​ទៅរក​ជីវភាព​ជាធម្មតា​វិញ​នៅពេល​ផុតពី​ជំងឺ​នេះ​, (៣).​ការខិតខំ​ជួយ​ឱ្យអស់​លទ្ធភាព ដើម្បី​ជួយ​ឱ្យ​ធុរកិច្ច និង​អាជីវកម្ម​អាចរ​ស់បាន និង​រក្សា​ការងារ ពិសេស​ការរក្សា និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​ការត្រៀមខ្លួន​ក្រោយ​ពេលដែល​ជំងឺ​កូ​វីដ​-១៩ ស្រាកស្រាន្ត ដើម្បី​ជ្រោង​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ​បាន​ឆាប់រហ័ស និង (៤).​ការរក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​សង្គម​។


​លោក​ថ្លែងថា ថា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ និង​ការ​ទប់ទល់​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​-​សង្គម​, រាជរដ្ឋាភិបាល​បានគ្រោង​ថវិកា​ចំនួន ១០០ លាន​ដុល្លារ សម្រាប់​អនុវត្ត​ផែនការមេ​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។ ក្នុងនោះ ប្រភពពី​ថវិកាជាតិ​ប្រមាណ ៦០ លាន​ដុល្លារ និង​ការ​កៀរគរ​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ ៤០ លាន​ដុល្លារ​និង​ថវិកាជាតិ​ចំនួន ៣៥០​លាន​ដុល្លារ​សម្រាប់ធ្វើ​អន្តរាគមន៍​ដើម្បី​រក្សា​លំនឹង​ជីវភាព​ប្រជាជន​ក្រីក្រ​ងាយ​រងគ្រោះ និង សម្រាប់​ឧបត្ថម្ភ​ដល់ក​ម្មករ​នៅពេលដែល​រោងចក្រ​ព្យួរ​អាជីវកម្ម​។ តែ​ទំហំ​ទឹកប្រាក់​ត្រៀម សម្រាប់​អន្តរាគមន៍​មុខសញ្ញា​ខាងលើនេះ អាច​នឹងមិន​គ្រប់គ្រាន់ ក្នុងករណី​ប្រសិនបើ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​អូសបន្លាយ​យូរ ឬ​ករណី​មាន​ការរីក​រាលដាល​ខ្លាំង​។


​លោក​បាន​បន្តថា ក្រៅពី​ការផ្តល់​ការអនុគ្រោះ និង​ការបន្ធូរបន្ថយ​ផ្នែក​ពន្ធដារ និង​វិធាន​ការដែល​ដាក់ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ជួយ​ដល់​វិស័យ​ធុរកិច្ច​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩, រាជរដ្ឋាភិបាល​ក៏បាន​បង្កើន​ការផ្តល់​ទុន​កម្ចី ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ចំនួន ៥០ លាន​ដុល្លារ​តាមរយៈ​ធនាគារ​អភិវឌ្ឍ​ជនបទ និង​កសិកម្ម ចំពោះ​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​ផ្សេងទៀត ចំនួន ១០០ លាន​ដុល្លារ​បន្ថែមទៀត​ដោយ​ក្នុងនោះ តាមរយៈ​ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម​ចំនួន ៥០ លាន​ដុល្លារ និង ធនាគារ​ពាណិជ្ជកម្ម ចំនួន ៥០ លាន​ដុល្លារ​។​
​ ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​និយាយ​បន្ថែម​ដែរ​ថា​តាមរយៈ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ បណ្តា​ដៃគូ​ទាំងអស់​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គោលនយោបាយ និង​កម្មវិធី​ជំនួយ​សង្គម​ដែល​បានរៀបចំ​ដោយ​ក្រុមការងារ​ចំពោះ​កិច្ច និង​សន្យា​ផ្តល់​ការគាំទ្រ​ចំពោះ​កម្មវិធី​ជំនួយ​សង្គម​នេះ ទៅតាម​លទ្ធភាព​របស់​ខ្លួន​។ នៅក្នុង​ឱកាស​នោះដែរ ក្នុងនាម​រាជរដ្ឋាភិបាល​, ឯកឧត្តម វ​ង្សី វិស្សុត បាន​ថ្លែងអំណរគុណ​ដល់​បណ្តា​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ដែល​បានផ្តល់​ការឧបត្ថម្ភ​គាំទ្រ ទាំង​ជា​ជំនួយ​បច្ចេកទេស និង​ទាំង​ជា​ជំនួយ​ហិរញ្ញវត្ថុ ដើម្បី​ចូលរួម​ចែករំលែក​ជាមួយ​កម្ពុជា នៅក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​៕​សរន​