ករណីកូវីដ១៩នៅសហរដ្ឋអាម៉េរិកកើនឡើងដល់ខ្ទង់ ៨០ ម៉ឺននាក់ ខណៈការខ្វែងគំនិតគ្នាកាន់តែផុងជ្រៅជុំវិញការបើកសេដ្ឋកិច្ចឡើងវិញ

464
ចែករម្លែក

ចំនួនករណីកូវីដ១៩នៅសហរដ្ឋអាម៉េរិកបានឡើងដល់ខ្ទង់ ៨០០.០០០ នាក់កាលពីថ្ងៃអង្គារទី២១មេសា ជាមួយចំនួនអ្នកស្លាប់កើនឡើងដល់ ៤៣.០០០ នាក់ ខណៈជនជាតិអាម៉េរិកកំពុងខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងអំពីនៅវេលានិងរបៀបត្រូវបើកសេដ្ឋកិច្ចឡើងវិញ។

ករណីឆ្លងជំងឺកូវីដ១៩របស់ប្រទេសនេះបានកើនឡើងដល់ ៨០៤.១៩៤ នាក់និងស្លាប់ចំនួន ៤៣.២០០ នាក់នៅម៉ោង ២៖៣០ នាទីរសៀល កាលពីថ្ងៃអង្គារ នេះយោងតាមមជ្ឈមណ្ឌលប្រព័ន្ធវិទ្យាសាស្ត្រនិងវិស្វកម្ម (CSSE) នៅឯសាកលវិទ្យាល័យចនហប់ឃីន។

រដ្ឋញូវយ៉កនៅតែជារដ្ឋដែលរងគ្រោះខ្លាំងជាងគេដោយមានករណីឆ្លង ២៥៧.១២៥ នាក់និងស្លាប់ ១៨.៨២១ នាក់។ រដ្ឋញូវជឺស៊ីជាប់លំដាប់លេខ២ ដោយមានអ្នកឆ្លងចំនួន ៨៨.៨០៦ នាក់និងស្លាប់ចំនួន ៤.៥២០ នាក់។

រដ្ឋផ្សេងទៀត ដែលមានករណីឆ្លងជាង ៣០.០០០ នាក់ រួមមានរដ្ឋម៉ាសសាឈូសេត រដ្ឋផេនស៊ីលវេនៀ រដ្ឋកាលីហ្វ័រញ៉ា រដ្ឋមីឈីហ្គែន និងរដ្ឋអ៊ីលីនណយ។

បន្ទាប់ពីមានការរីករាលដាលនៃមេរោគនិងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួន អភិបាលរដ្ឋនានារបស់អាម៉េរិកដូចជារដ្ឋតិចសាស រដ្ឋចចចា រដ្ឋខារ៉ូលីណាខាងត្បូង រដ្ឋថេនណេសស៊ី រដ្ឋអ៊ីលីនណយ និង រដ្ឋល្វីសសៀណាថ្មីៗនេះបានប្រកាសពីចំណាត់ការជាច្រើន ក្នុងគោលបំណងស្តារសេដ្ឋកិច្ចនិងជីវិតសាធារណៈនៅក្នុងរដ្ឋរបស់ពួកគេឡើងវិញ។

ការសម្រេចចិត្តនេះកើតឡើងនៅពេលដែលការតវ៉ាប្រឆាំងនឹងការដាក់ដាច់ដោយឡែកបានផ្ទុះឡើងនៅទូទាំងប្រទេស ដែលក្នុងនោះអ្នកចូលរួមបាតុកម្មបានអះអាងថា បទបញ្ជាស្នាក់នៅផ្ទះក្នុងបំណងទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណា គឺមិនមានភាពចាំបាច់ទេ ឬ បានបន្តបន្លាយពេលយូរពេក។

ភាពតានតឹងដែលកំពុងកើតមាននៅក្នុងប្រទេសត្រូវបានផ្តិតជាប់យ៉ាងច្បាស់ក្រឡែតដោយវីដេអូកំពុងល្បីល្បាញមួយ ដែលបង្ហាញបុគ្គលិកពេទ្យ ២ នាក់ ស្លៀកពាក់ឈុតការពារមេរោគ ប្រឆាំងតបតនឹងបាតុកម្មមួយកាលពីថ្ងៃអាទិត្យទី១៩មេសានៅទីក្រុងដេនវើ រដ្ឋខូឡូរ៉ាដូ។

អ្នកយកព័ត៌មានក្នុងស្រុកឈ្មោះឆេស វូដដ្រាហ្វ បានសរសេរលើ Twitter ថា “ឈុតឆាកនេះពិតជាគួរឱ្យកត់សម្គាល់ណាស់” ហើយបុគ្គលិកពេទ្យទាំង ២ កំពុងឈរនៅលើគំនូសឆ្លងកាត់ទទឹងថ្នល់ក្នុងអំឡុងពេលភ្លើងក្រហម ដើម្បីជារំលឹកពីមូលហេតុនៃវិធានការបិទរដ្ឋ។

យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃចន្ទដោយមជ្ឈមណ្ឌលក្រមសីលធម៌អេឌីកជេសាហ្វ្រានៃសាកលវិទ្យាល័យហាវើដ សហរដ្ឋអាម៉េរិកត្រូវរៀបចំការធ្វើតេស្តចំនួន ២០ លានដើម្បីរកមើលមេរោគកូរ៉ូណាក្នុងមួយថ្ងៃរហូតដល់ពាក់កណ្តាលរដូវក្តៅ ដើម្បីកៀងគរសេដ្ឋកិច្ចឡើងវិញពេញលេញ។

អភិបាលរដ្ឋមួយចំនួនបានត្អូញត្អែរថារដ្ឋាភិបាលសហព័ន្ធមិនបានអនុវត្តតាមការទទួលខុសត្រូវរបស់ខ្លួនទេក្នុងការជួយរដ្ឋនានាឱ្យទទួលបានការផ្គត់ផ្គង់។ ទោះយ៉ាងណាប្រធានាធិបតីដូណាល់ត្រាំបាននិយាយកាលពីថ្ងៃចន្ទថា បណ្តារដ្ឋទាំងឡាយជាអ្នករៀបចំការធ្វើតេស្ត មិនមែនឱ្យរដ្ឋាភិបាលជាអ្នកធ្វើជំនួសទេ។

អភិបាលរដ្ឋញូវយ៉កលោក អ៊ែនឌ្រូ ឃូម៉ូ និយាយជាច្រើនថ្ងៃមកហើយថារដ្ឋញូវយ៉កមិនអាចបើកអាជីវកម្មឡើងវិញបានទេរហូតដល់មានរបបតេស្តមួយត្រូវបានបង្កើតឡើងដើម្បីកំណត់ថាតើនរណាមានសុវត្ថិភាពក្នុងការវិលត្រឡប់ទៅធ្វើការវិញប៉ុន្តែបើគ្មានជំនួយពីសហព័ន្ធ រដ្ឋទាំងនោះមិនអាចមានសម្ភារៈផ្គត់ផ្គង់គ្រប់គ្រាន់ដើម្បីបង្កើនការធ្វើតេស្តនោះឡើយ។

លោកឃូម៉ូនិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកថា រដ្ឋញូវយ៉កនឹងបើកជាថ្មីក្នុងកម្រិតផ្សេងមួយផ្អែកលើមូលដ្ឋានអង្គហេតុនិងកាលៈទេសៈរបស់តំបន់។

លោកឃូម៉ូនិយាយថា “ដូចរដ្ឋមួយចំនួនអ៊ីចឹងពួកគេនឹងបើកដំណើរការឡើងវិញនៅមុនរដ្ឋផ្សេងទៀតពីព្រោះពួកគេមានកាលៈទេសៈខុសៗគ្នានៅពេលនិយាយអំពីកូវីដនិងស្ថានភាពរបស់ពួកគេជាមួយកូវីដ ហើយវាក៏ជាការពិតនៅទូទាំងរដ្ឋញូវយ៉កដែរ”។

អភិបាលរដ្ឋញូវហាំសាយអឺ លោក គ្រីស ស៊ូនូនូ និយាយកាលពីរសៀលថ្ងៃអង្គារថា រដ្ឋរបស់លោកអាចនឹងចាត់វិធានការជាជំហានៗដើម្បីបន្ធូរបន្ថយបទបញ្ជាស្នាក់នៅក្នុងផ្ទះនៅចំណុចពេលវេលាណាមួយ។

លោកបាននិយាយថា “នេះមិនមែនជាស្ថានភាពបើកឬបិទនោះទេ វាមិនមែនជារឿងគួរកើតឬមិនគួរកើតឡើងនោះទេ។ យើងតែងនិយាយថាសុខភាពសាធារណៈត្រូវតែមានភាពលេចធ្លោជានិច្ច ត្រូវតែជាកត្តាសំខាន់ជានិច្ច នៅពេលយើងសម្លឹងមើលជំហានណាមួយនោះ”។

ដោយកត់សម្គាល់ឃើញតំបន់មួយចំនួនកំពុងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត លោកអភិបាលរដ្ឋកាលីហ្វ័រញ៉ា ហ្គាវីន ញូវសាំ បានព្រមានពួកគេថា ការធ្វើបែបនេះអាចនាំឱ្យមានការកើនឡើងករណីឆ្លងកូវីដ១៩។

លោកញូវសាំនិយាយថា “ខ្ញុំសូមរំលឹកចំពោះមន្រ្តីជាប់ឆ្នោតទាំងអស់ថា អនុវត្តការរក្សាគម្លាតពីគ្នាបានធ្វើឱ្យចំនួនឆ្លងស្ថិតនៅកម្រិតតិចតួច ប៉ុន្តែប្រសិនបើយើងប្រញាប់ដកការរឹតបន្តឹងពេក តួលេខទាំងនោះនឹងហក់ឡើងខ្ពស់ផុតដំបូល”។

លោក អានថូនី ហ្វូស៊ី អ្នកជំនាញខាងមេរោគឆ្លងកំពូលរបស់អាម៉េរិកកាលពីថ្ងៃចន្ទបានជំរុញឱ្យមានការប្រុងប្រយ័ត្នសម្រាប់រដ្ឋនានាកុំឆាប់បើកដំណើរការឡើងវិញពេក ហើយបានព្រមានថា ការដកបម្រាមលឿនដូច្នេះអាចនឹងជះផលវិបាកត្រឡប់មកវិញ។

លោកហ្វូស៊ីនាយកវិទ្យាស្ថានជាតិអាឡែរស៊ីនិងជំងឺឆ្លងបានប្រាប់កម្មវិធី “Good Morning America” របស់ទូរទស្សន៍ ABC ថា “ដរាបណាយើងអាចគ្រប់គ្រងមេរោគនេះបាន ការងើបឡើងវិញនៃសេដ្ឋកិច្ចនឹងមិនកើតឡើងឡើយ”៕ ដោយ៖ កញ្ញាដាលីស

ប្រភព៖ ស៊ីនហួ

បុរសម្នាក់ជិះកង់កាត់ពីមុខវិមានកាពីតូលនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី២១មេសា

ទីតាំងផ្សាយពាណិជ្ជកម្ម