តំបន់ប្រើប្រាស់ដោយចីរភាពជាង ១៥.៤១៣ពាន់ហិចតា កំពុងស្ថិតនៅក្នុងដំណើរការចុះបញ្ជីដីរដ្ឋនៅកោះកុង

403
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ ក្រោយពីតំបន់ការពារដែនជម្រាកសត្វព្រៃពាមក្រសោបត្រូវបានចុះបញ្ជីជាដីរដ្ឋរួចមក លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យដឹងថា បច្ចុប្បន្ន ក្រុមការងាររបស់លោក និងមន្រ្តីដែនដីខេត្ត កំពុងចុះសិក្សាដំណើរការអនុវត្តចុះបញ្ជីដីរដ្ឋក្នុងតំបន់ប្រើប្រាស់ដោយចីរភាពទំហំសរុបជាង ១៥.៤១៣ ពាន់ហិចតាបន្តទៀត។

ជាយុទ្ធការធានានូវការលុបបំបាត់បទល្មើសកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋជាកម្មសិទ្ធិទិញលក់ជាសម្បត្តិឯកជន និងបែងចាត់តំបន់នីមួយៗអោយបានជាក់លាក់បំផុតនៃតំបន់ស្នូល តំបន់ការពារអភិរក្ស និងតំបន់ប្រើប្រាស់ចីរភាព បញ្ចៀសការកើតមានទំនាស់លើដីរដ្ឋបន្ត ក្រុមការងារជំនាញបច្ចេកទេសរបស់មន្ទីរបរិស្ថាន និងមន្រ្តីរៀបចំដែនខេត្តកោះ កុង នឹងបានកំពុងអនុវត្តសិក្សាលម្អិតពីការងារចុះបញ្ជីដីរដ្ឋនៅតំបន់ប្រើប្រាស់ដោយចីរភាពនៅក្នុងភូមិសាស្រ្តខេត្តកោះកុង។

ជួបជាមួយលោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោកបានពន្យល់ថា គម្រោងសិក្សាដំណើរការចុះបញ្ជីដីរដ្ឋតំបន់ប្រើប្រាស់ដោយចីរភាពទំហំសរុបជាង១៥៤១៣ពាន់ហិចតានេះ ផ្តើមអនុវត្តចាប់ពីថ្ងៃទី២០ ខែមេសា តទៅហើយ ដោយមានភូមិសាស្រ្តដែលកំណត់ចុះបញ្ជីមានដូចជា៖ ក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ឃុំទួលគគីរ ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ឃុំជ្រោយប្រស់ ឃុំកោះកាពិ ស្រុកកោះកុង។

លោកប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បន្ថែមយ៉ាងច្បាស់ៗទៀតថា ទោះបីជាកំណត់ទំហំផ្ទៃដីចុះបញ្ជីក៏ពិតប្រាកដមែន តែក្រុមការងារជំនាញ នៅមិនទាន់សិក្សាពីផលប៉ះពាល់នៃការចុះបញ្ជីដីរដ្ឋបានកម្រិតណានៅឡើយទេ ពីព្រោះតំបន់ប្រើប្រាស់ដោយចីរភាព មានប្រជាពលរដ្ឋមួយចំនួនរស់នៅ និងមានដីស្រែចម្ការអាស្រ័យផលនានាជាយូរឆ្នាំមកហើយដែរ។

ជាងនេះទៀត លោកបញ្ជាក់ថា ក្រុមការងារបច្ចេកទេស រឹតតែមិនអាចកំណត់ពេលវេលាថាពេលនឹងបញ្ចប់បានភ្លាមៗនោះទេ តែលោកជឿជាក់ថា ប្រសិនបើមានកិច្ចសហការសម្របសម្រួលពីភាគីពាក់ព័ន្ធវានឹងទទួលបានជោគជ័យឆាប់រហ័សទៅតាមនោះដែរ។ មានទំហំផ្ទៃដីសុរបជាង១មឺុនហិចតាមែន នៅពេលដែលក្រុមការងារកំណត់ចុះបញ្ជីប្លង់ក្បាលដីរួច និងកាត់ចេញពីផលប៉ះពាល់ចេញ អាចថា ផ្ទៃដីដែលត្រូវចុះបញ្ជីអាចនឹងថយចុះ។

លោក ម៉ន ផល្លា កំណត់សម្គាល់ដែរថា តំបន់ប្រើប្រាស់ដោយចីរភាពនេះ ជាតំបន់ដែលកំណត់ប្រើប្រាស់អាស្រ័យផល ឬជាតំបន់អាចអនុញ្ញាតឱ្យធ្វើការអភិវឌ្ឍន៍បម្រើដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។ តែជាក់ស្តែង តំបន់នេះ នៅមិនទាន់បានកំណត់បានគ្រប់ជ្រុងជ្រាយទេ ដោយក្នុងនោះមានលំនៅដ្ឋាន និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ ដូច្នេះទាមទារឱ្យមានការសិក្សាលម្អិតជាមុនសិន។

ជាគោលការណ៍គ្រប់គ្រង និងអភិរក្ស លោក ផល្លារ សង្កត់ធ្ងន់ថា រូបលោក មន្រ្តីក្រោមឱវាទ និងស្ថាប័នពាក់ព័ន្ធ បានកំពុងយកចិត្តទុកដាក់ខ្ពស់លើទៅតាមដានទប់ស្កាត់ បង្ក្រាបបទល្មើសនានាក្នុងតំបន់ការពារ។ ជាពិសេសបន្ថែមការដាំស្តារឡើងវិញនូវព្រៃឈើដែលរងការបំផ្លាញ ឬសឹករីករើល ព្រមទាំងបង្កើតជាសហគន៍ការពាររួមគ្នា ដើម្បីធានាបានថែរក្សាគង់វង្សបានយូរអង្វែង។

កាលីថ្ងៃទី១៦ ខែមេសាថ្មីៗនេះ ក្រសួងបរិស្ថាន ប្រកាសពីការចុះបញ្ជីដីរដ្ឋក្នុងតំបន់ការពារដែនជម្រាកពាមក្រសោប ក្នុងនោះទទួលបាន១០ប័ណ្ណ គ្របដណ្តប់លើផ្ទៃដី ៤៦៧.២៦១ហិចតាសម្រាប់សម្គាល់កម្មសិទ្ធិដីរដ្ឋក្នុងតំបន់ស្នូល និងតំបន់អភិរក្សនៃដែនជម្រាក។ ការអនុវត្តនេះ អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេសច្បាប់ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ ២០០៨ និងច្បាប់ភូមិបាលឆ្នាំ ២០០១។

លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌសីមា និងលោក ជា សូវី អភិបាលស្រុកកោះកុង បានស្វាគមន៍ជាខ្លាំងចំពោះដំណើរការចុះបញ្ជីដីរដ្ឋក្នុងតំបន់ការពារអភិរក្ស តំបន់ស្នូល ក៏ដូចជាតំបន់ប្រើប្រាស់ដោយចីរភាពរបស់ក្រុមការងារជំនាញបរិស្ថាន និងមន្ទីរដែនដីខេត្តកោះកុង។

អភិបាលស្រុកទាំងពីររូបនេះ អះអាងថា ព្រោះជាការរង់ចាំយូរឆ្នាំមកហើយ ដើម្បីធានាបាននូវបែងចែកតំបន់ឱ្យបានច្បាស់លាស់ ជៀសវាងកើតមានទំនាស់បញ្ហា និងបទល្មើសផ្សេងៗ។ តំបន់ការពារអភិរក្ស និងតំបន់ស្នូល តែងរងការបំផ្លាញពីក្រុមជនខិលខូច ហើយត្រូវបានបង្ក្រាបបានទាន់ពេលវេលាផងដែរ ប្រសិនបើមិនមានវិធានការទេនោះច្បាស់ជាហិនហោចគ្មានសល់អ្វីឡើយ។

លោក ជា សូវី ថ្លែងថា មូលដ្ឋានស្រុកកោះកុង ឃុំដែលគ្របដណ្តប់ជាប់ក្នុងតំបន់ប្រើប្រាស់ដោយចីរភាព គឺឃុំកោះកាពិស្ទើរតែទាំងស្រុងព្រំប្រទល់នឹងតំបន់ការពារពាមក្រសោប បន្ទាប់មកឃុំជ្រោយតែម្តង៕/B