តារា​សម្តែង វី​ល ស្មី​ត ខ្មាស់​គេ​ងងឹតមុខ ពេល​ញ៉ែ​មនុស្ស​យន្ត​សូ​ហ្វី​យ៉ា​មិនបាន​សម្រេច ព្រោះ​ក្បាច់​ញ៉ែ​ចម្លែកៗ​ពេក​

1251
ចែករម្លែក

​គាត់​បាន​បង្កើត​កិត្តិនាម​ជា​កំពូល​អ្នក​ញ៉ែ​ស្រី​ក្នុង​ខ្សែភាពយន្ត Fresh Prince of Bel Air​។ ប៉ុន្តែ ការជជែក​លេង​ជាមួយ​ស្រីៗ​របស់​វី​ល ស្មី​ត ថ្មីៗ​នេះ​ហាក់ដូចជា​ជាប់ៗ​គាំងៗ​យ៉ាងម៉េច​ទេ​។​

​ទោះបី​បាន​រៀបការ​ជាមួយ​ភរិយា​របស់គាត់ ឈ្មោះ ចា​ដា ភីង​កេ​ត ស្មី​ត អស់​រយៈពេល ២១ ឆ្នាំ​ក៏ដោយ ក៏​តារា​វ័យ ៤៩ ឆ្នាំ​រូបនេះ​នៅតែ​ចូលទៅ​ឆា​នែ​ល YouTube ដើម្បី​សាកល្បង​ជំនាញ​ញ៉ែ​របស់គាត់​លើ​អ៊ី​ន​ធឺ​ណេ​ត ជាមួយនឹង​មនុស្ស​យន្ត​បំពាក់​បច្ចេកវិជ្ជា AI ដែលមាន​ឈ្មោះថា សូ​ហ្វី​យ៉ា (Sophia)​។​

​ខណៈ​អង្គុយ​ជាមួយ​មនុស្ស​យន្ត​សូ​ហ្វី​យ៉ា ឪពុក​កូន​២​រូបនេះ​និយាយ​នៅឯ​ការចាប់ផ្ដើម​វីដេអូ​ខ្លី​នេះ​ថា “​នេះ​ពិតជា​ស្អាត​ណាស់​។ ខ្ញុំ​ចង់​ជួប​អ្នក​ឱ្យបាន​យូរ​”​។​

​លោក​បាន​បន្ថែមថា “​នៅទីនេះ​ជាមួយ​អ្នក​នៅលើ​កោះ​ខេ​ម៉ាន់ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​អ្វីៗ​បន្ថែម​តិចតួច​ទៀត​” ខណៈ​គាត់​កំពុង​ព្យាយាម​ធ្វើឱ្យបាន​សម្រេច​នូវ​ការ​ញ៉ែ​របស់គាត់​ជាមួយ​ស្រា​ត្រជាក់​មួយ​កែវ​ពេល​កំពុង​អង្គុយ​នៅ​រានហាល​មួយ ដែល​អាច​មើលឃើញ​ដល់​សមុទ្រ​កា​រ៉ា​អ៊ី​ព​។​

​ថ្វីបើ​សូ​ហ្វី​យ៉ាង​ញញឹម​រម្យទម​យ៉ាណា​ក៏ដោយ ក៏​នាង​មិន​ព្រម​ទទួលយក​ស្រា​មួយ​កែវ​នោះដែរ ហើយ​ជំនួស​មកវិញ បាន​ត្រឹម​ស្វាគមន៍​រាក់ទាក់​គាត់​ធម្មតា​ប៉ុណ្ណោះ​។​

​ដោយ​ចាប់ផ្តើម​ការ​ណាត់​ទាក់ទង​គ្នា​ដោយ​ព្យាយាម​និយាយ​រឿង​កំប្លែង​ឱ្យ​នាង​ស្តាប់ សូ​ហ្វី​យ៉ា​ភ្លាមនោះ​បានឱ្យ​វី​ល ស្មី​ត​ដឹងថា ការលេង​សើច​មិន​អាចឱ្យ​នាង​ចាប់អារម្មណ៍​បានទេ ដោយ​ប្រាប់​គាត់​ថា “​នេះ​ជា​អាកប្បកិរិយា​មិន​សម​ហេតុផល​របស់​មនុស្ស ដែល​ចង់​និយាយ​រឿង​កំប្លែង​”​។​

​ទោះយ៉ាងណា តារា​សម្តែង​រូបនេះ​ហាក់​មិន​អើពើ​នឹង​សម្តី​របស់​នាង​ទេ ហើយ​សួរថា “​តើ​នាង​ចូលចិត្ត​ប្រភេទ​តន្ត្រី​អ្វី​ជាងគេ​?”​។​

​នៅពេលដែល​គាត់​ឆ្លើយតប​ថា បទ “Heavy Metal” សូ​ហ្វី​យ៉ា មើលទៅ​មិន​ចាប់អារម្មណ៍​ទេ ហើយ​ចាប់​ផ្តើមធ្វើ​ភ្នែក​ដូច​កំពុង​ងងុយគេង​ខ្លាំង​៕ ដោយ៖ កញ្ញាដាលីស

វី​ល ស្មី​ត មិនអាច​ញ៉ែ​សូ​ហ្វី​យ៉ា បានសម្រេច​ទេ

ទីតាំងផ្សាយពាណិជ្ជកម្ម