កូ​វីដ ១៩ នៅ​កម្ពុជា ៖ ថ្ងៃទី ២៣ មេសា គ្មាន​អ្នក​ឆ្លង​ថ្មី ក៏​គ្មាន​អ្នកជា​សះស្បើយ​ដែរ​

227
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ នេះ ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជាគ្មាន​ការប្រែប្រួល​ទេ គ្រប់យ៉ាង​នៅ​រក្សា​ដូច​កាលពី​ថ្ងៃទី ២១ និង ២២ ដែរ ៖

១.​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប ១១០ នាក់ ( ស្មើនឹង ៩០ , ១៦ ភាគរយ ធៀប​នឹង​អ្នក​ឆ្លង​ទាំងអស់ ក្នុងនោះ ស្ត្រី ៣១ នាក់ និង បុរស ៧៩ នាក់ ) ដែលមាន​បុរស​ជនជាតិ ចិន ០១ នាក់ , ស្ត្រី​ជនជាតិ អង់គ្លេស ០៣ នាក់​, បុរស​ជនជាតិ អង់គ្លេស ០២ នាក់ , បុរស​ជនជាតិ អាមេរិកាំង ០១ នាក់ , ស្ត្រី​ជនជាតិ អាមេរិកាំង ០១ នាក់ , បុរស​ជនជាតិ ប៊ែ​ល​ហ្សិ​ក ០១ នាក់ , បុរស​ជនជាតិ បារាំង ១៨ នាក់ ( ក្នុងនោះ​មាន​ទារក​អាយុ ០៤ ខែ ម្នាក់ ) ស្ត្រី​ជនជាតិ បារាំង ២០ នាក់ , បុរស​ជនជាតិ កាណាដា ០២ នាក់ , បុរស​ជនជាតិ ម៉ាឡេស៊ី ១២ នាក់ , បុរស​ជនជាតិ ឥណ្ឌូនេស៊ី ០២ នាក់ , ស្ត្រី​ជនជាតិ វៀតណាម ០១ នាក់ , បុរស​ជនជាតិ ខ្មែរ ៤០ នាក់ និង ស្ត្រី​ជនជាតិ ខ្មែរ ០៦ ( គិត​ចាប់ពី​ខែ មករា មកដល់​បច្ចុប្បន្ន ) នាក់ ។​


២. អ្នក​កំពុង​សម្រាក​ព្យាបាល បាន​ថយ​ចុះមក​នៅត្រឹមតែ ៖ ១២ នាក់ ( ស្ត្រី ០៨ នាក់ ) នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ថ្នាក់ជាតិ និង ថ្នាក់​ខេត្ត ។​

៣. អ្នក​ដែល​បាន​រកឃើញ​មាន​វីរុស កូ​វីដ ១៩ ទាំងអស់ ( ទាំង​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ហើយ​ផង ) សរុប ១២២ នាក់​ដដែល (​ស្ត្រី ៣៨ នាក់ និង បុរស ៨៤ នាក់ )​។​

៤. ករណី​ជាសះស្បើយ​ថ្មី​៖ គ្មាន​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ និង បុគ្គលិក​សុខាភិបាល ក្រុ​គ្រូពេទ្យ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ អង្គការ​សុខភាព​ពិភពលោក , មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក និង វិទ្យាស្ថាន​ប៉ាស្ទ័រ កម្ពុជា ដែល​បាន​បំពេញ​កាតព្វកិច្ច​បាន​យ៉ាង​ល្អ​បំផុត ក្នុងការ​ស្រាវជ្រាវ ទប់ស្កាត់ ពិនិត្យ និង ព្យាបាល​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា នា​គ្រាកន្លងមក ។​


​ក្រសួងសុខាភិបាល ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រសួង​នឹង​ជូនដំណឹង​ជា​បន្តបន្ទាប់​ដល់​សាធារណជន អំពី​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នេះ ។​


​ជាការ​កត់សម្គាល់ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បន្ទាប់​មិនត្រូវ​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី ខណៈ​មាន​អ្នកជា​សះ​ស្បើយ​ជា​បន្តបន្ទាប់​ស្ទើរតែ​ទាំងអស់​ដូចដែល​បានលើកឡើង​ខាងលើមក ស្ថានភាព​នៅតាម​ដង​វិថី​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ ក៏​ចាប់ផ្តើម​មមាញឹក​ឡើងវិញ ស្ទើរ​ត្រឡប់​ទៅរក​ភាព​ធម្មតា ១០០ ភាគរយ ដែល​បានសេចក្តីថា មនុស្សម្នា​ភាគច្រើន​លែង​សម្ងំ​នៅក្នុង​ផ្ទះ​ទៀតហើយ ពោលគឺ​ចេញទៅ​ក្រៅ​ផ្ទះ​បំពេញការងារ​របស់​ពួកគេ ឬ និយាយ​ម្យ៉ាង​ទៀតថា ពួកគេ​លែង​សូវ​បារម្ភ​អំពី​ការឆ្លង​ជំងឺ​កូ​វីដ ១៩ ។​


​ប៉ុន្តែ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅឯ​ក្រសួងសុខាភិបាល ស្តីពី​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២០ នេះ ថា ស្ថានភាព​នៅ​ផុយ​ស្រួល​ណាស់​នៅឡើយ គឺ​កម្ពុជា ពិតជា​មិនទាន់​អាច​ធ្វេសប្រហែស​នៅឡើយ ហើយ​ថា កម្ពុជា ស្ថិតនៅក្នុង​ដំណាក់កាល​ដំបូង នៃ ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ ១៩ នៅឡើយ ដូច្នេះ កម្ពុជា អាច​នឹងរង​ការវាយប្រហារ​ក្នុង​រលក ឬ ជំនោរ ឬ ដំណាក់កាល​ទី ២ នៅ​ខាង​ពេល​មុខ​នេះ​ដោយ​ប្រការ​ណាមួយ ប្រសិនបើ​យើងទាំងអស់គ្នា​នៅ​កម្ពុជា ហ៊ាន​តែ​ធ្វេសប្រហែស ឬ ភ្លាត់ស្នៀត ។​


​ការលើកឡើង​របស់លោក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ព្រោះ​ណាមួយ​គ្មាន​នរណាម្នាក់​ដឹងថា ជំងឺ​កូ​វីដ ១៩ នៅមាន​វត្តមាន​លើទឹក​ដី​កម្ពុជា កម្រិតណា ទីណា ជាដើម , ណាមួយ​នៅមាន​មនុស្ស​រាប់ម៉ឺន​នាក់​ផ្សេងទៀត​ដែល​មកពី​បរទេស ដូចជា​ប្រទេស ថៃ ជាដើម និង អ្នក​ដែល​បាន​បំពាន​លើក​បម្រាម​មុន​ចូលឆ្នាំ​ខ្មែរ ហើយ​ពេលនេះ អ្នក​ទាំងនោះ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង ណាមួយ​រដូវភ្លៀង​ធ្លាក់​អាច​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ គឺ​គ្មាន​នរណាម្នាក់​អាច​ដឹងថា​នឹងមាន​រឿង​អ្វី​កើតឡើង​នៅឡើយ​ទេ ហេតុនេះ គឺ​មានតែ​ម្យ៉ាង​ប៉ុណ្ណោះ គឺ​រក្សា​នូវ​ការប្រុងប្រយ័ត្ន​បន្តទៅទៀត ៕ Kh/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម