«​ជីវិត​ក្នុង​ភាព​នឹងថ្កល់​»​រឿងរ៉ាវ​របស់​ប្រជាជន​ក្រោម​របប​ខ្មែរក្រហម​ ​ឈឹម វ៉ាន់ឌី ៖ អ្នកចម្រៀង​

338
ចែករម្លែក
ឈឹម វ៉ាន់ឌី រូប​ឈរ​ទី​៣ រាប់​ពី​ខាងឆ្វេង​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ​វេ​នី ខក​ហ្កៀ​ល​, ប៊ា​ង ពី​វ័​ន្ត​, ស៊ឹម សុភ័ក្ត្រ និង រ៉ា ឆៃ​រ៉ា​ន់​
ភ្នំពេញៈ​ឈឹម សា​រ័ត្ន ត្រូវជា​ប្អូនប្រុស និង សុខ កាន បងថ្លៃ​ស្រី​បាន​និយាយ​រៀបរាប់ថា​៖
​ ​ឈឹម សា​រ័​ត្នៈ ខ្ញុំ​មាន​បងប្អូន​៦​នាក់ បីនាក់​នៅរស់​។ បង​បង្អស់​ឈ្មោះ សឿ បាត់​ខ្លួន ,​បង​បន្ទាប់​ឈ្មោះ វឿន ស្លាប់​នៅ​សមរភូមិ​,​បង​ទី​បី​ឈ្មោះ វ៉ាន់ឌី ហៅ ឌី​។ បង​ឌី ជា​សិល្បករ​នៅក្នុង​របប​ខ្មែរក្រហម​។ គាត់​មាន​អាយុ​ប្រហែល​៥០​ឆ្នាំ ហើយ​មកទល់​ឥឡូវ​។ គាត់​ច្រៀង​ពិ​រោះ​។ រូប​ស្អាត​។


​ ​មាន​មនុស្ស​បួន​ទៅ​ប្រាំ​នាក់​មកពី​ទី​រួម​ខេត្ត ហើយ​ប្រាប់​អ្នកភូមិ​ខ្ញុំ​ថា​អ្នកណា​ច្រៀង​ពីរោះ​ជាងគេ​អ្នកនោះ​និង​បាន​ទៅ​។​ស្រីៗ​ជាច្រើន​នាក់​បាន​សាក​ដែរ​ប៉ុន្តែ​ចាញ់​បង​ឌី ទាំងអស់​។ ឪពុកម្ដាយ​ខ្ញុំ​មិន​ចង់​ឲ្យ​បង​ឌី ចូលរួម​បដិវត្តន៍​ទេ ព្រោះ​ខ្លាច​បែក​ពី​កូន មិន​ចង់​ឲ្យ​កូន​ទៅណា​ឆ្ងាយ​ពី​ខ្លួន​។​អ្នក​នៅ​ខេត្ត​ទុកពេល​ឲ្យ​គាត់​ពីរ​ថ្ងៃ​ដើម្បី​សម្រេចចិត្ត​។​ប៉ុន្តែ​យើង​និយាយថា​មិន​ព្រម​ចូលរួម​គេ​នឹង​បង្ខំ​ជាមិនខាន​។​
​បង​ឌី ហាត់​នៅក្នុង​វត្ត​រាល់ថ្ងៃ​តាំងពី​ម៉ោង​៦​ដល់​ម៉ោង​៧​ល្ងាច​រហូតដល់​ម៉ោង​១០​យប់​។ ប្រហែល​ឆ្នាំ​១៩៧២ ដល់​៧៣ ខ្មែរក្រហម​បញ្ជូន​គាត់​ទៅ​ភ្នំពេញ​។ មុនពេល​គាត់​បាត់​ខ្លួន​គាត់​បានមក​លេង​ផ្ទះ​ម្ដង​ដែរ កាល​ឆ្នាំ​១៩៧៥​។ គាត់​មក​បាន​បី​ថ្ងៃ​។ គាត់​បាន​ជជែក​ជាមួយ​ពុក​ម៉ែ ។​ប៉ុន្តែ​កាលណោះ​ខ្ញុំ​នៅ​តូច​មិនបាន​ស្ដាប់​យល់ដឹង​រឿង​អ្វីដែល​គាត់​និយាយ​ទេ​។​


​ ​បង​វឿន សម្ដែង​ជាមួយ បង​ឌី ដែរ ប៉ុន្តែ​ក្រោយមក​អង្គការ​បញ្ជូន​គាត់​ទៅ​សមរភូមិ​។ ក្រោយពេល បង​វឿន ស្លាប់បាត់​បាន​បី​បួន​ថ្ងៃ អង្គការ​បាន​ផ្ញើ​សំបុត្រ​មក​ប្រាប់​យើង​ពី​រឿងនេះ​ដែរ​។​
​ ​កាលពី​ជំនាន់ ប៉ុល ពត ខ្ញុំ ធ្វើជា​មេក្រុម​កុមារ​។ ខ្ញុំ​ដើរ​ប្រមូល​ចំបើង និង​អាចម៍គោ​ជាមួយ​ក្មេងៗ​ឯទៀត​។ យើង​ចេញទៅ​ស្រែ​រាល់ៗ​ព្រឹក​មិនបាន​ឃើញ​មុខ​ឪពុកម្ដាយ​ទេ​។ ខ្ញុំ​គិតថា​អង្គការ​ពិតជា​មិន​បញ្ជូន​ខ្ញុំ​ទៅ​សមរភូមិ​ទេ ដោយហេតុថា​ខ្ញុំ​មាន​រោគ​ខួរឆ្អឹងខ្នង​តាំងពី​អាយុ​បី​ឆ្នាំ​។​


​ ​ខ្ញុំ​សប្បាយចិត្ត​ណាស់​ពេលដែល​ខ្មែរក្រហម​រំដោះ​ភូមិ​ខ្ញុំ​បាន​។ ទាហាន លន់ នល់ បានមក​ទម្លាក់​គ្រាប់បែក​ជាច្រើនលើក​ច្រើនសារ​។ ពេល​គ្រាប់បែក​ធ្លា​ក់មក ខ្ញុំ​ពួន​នៅក្នុង​លេណដ្ឋាន​។ មាន​ពេល​មួយ​នោះ សិស្សសាលា​ជាច្រើន​នាក់​បាន​ស្លាប់​ពេលដែល​ដើរចេញ​ពីសា​លា​ត្រឡប់មកផ្ទះ​វិញ​។​
​ ​ខ្ញុំ​នឹង​បងប្រុស​បងស្រី​ខ្ញុំ​ណាស់ ជាពិសេស​ពេលដែល​ឃើញ​អ្នកជិតខាង​រស់នៅ​ជួបជុំគ្នា​។ ឯខ្ញុំ​បែរជា​នៅ​ឯកោ​ម្នាក់ឯង​។​


​សុខ កានៈ បង​ឈឹម សឿង និង​ខ្ញុំ​រៀបការ​នៅ​ឆ្នាំ​១៩៧០​។ ប្រាំ​ឆ្នាំ​ក្រោយមក គាត់​ត្រូវ​បង្ខំ​ឲ្យ​ចូល​បដិវត្តន៍​ខ្មែរក្រហម​។ គាត់​ជា​អ្នកលេង​ឃឹម​។ ខ្មែរក្រហម​បញ្ជូន​គាត់​ទៅ​ភ្នំពេញ​សម្ដែង​ឲ្យ​កងទ័ព​មើល​។ ឆ្នាំ​១៩៧៧ គាត់​បាត់​ខ្លូន​។​
​ ​មុនពេល​គាត់​បាត់​ខ្លួន គាត់​មកលេង​ខ្ញុំ​បានតែ​ម្ដងគត់​។ កាលណោះ​គាត់​ចង់យក​ខ្ញុំ​ទៅ​នៅ​ភ្នំពេញ​ជាមួយ ប៉ុន្តែ​ខ្ញុំ​មិន​ចង់ទៅ ព្រោះ​ខ្ញុំ​មាន​ផ្ទៃពោះ​ចាស់ខែ​ផង​និង​មាន​កូនតូច​ផង ហើយ​ស្ថានការណ៍​នៅ​ភ្នំពេញ​មិនសូវ​ស្រួល​ទៀត​។ ក្រោយពេល​ខ្ញុំ​ឆ្លងទន្លេ​ម្ដងទៀត​។ ក្រោយពេល​ខ្ញុំ​ឆ្លងទន្លេ​រួច គាត់​ត្រឡប់មក​ម្ដងទៀត សុំ​ឲ្យ​ខ្ញុំ​ទៅជា​មួយ​គាត់​។ ពេលនោះ​សុខភាព​ខ្ញុំ​មិនសូវ​ល្អ​ខ្ញុំ​ក៏​បដិសេធ​។ គាត់​ក៏​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​ហើយ​បាត់​ខ្លួន​ទៅ​។ ខ្ញុំ​ឭ​ថា​គាត់​ឈប់​លេងភ្លេង បែរមក​ធ្វើការ​រោងចក្រ​វិញ​។ ខ្ញុំ​នឹក​គាត់​ជាពិសេស​ពេលដែល​ឮសូរ​ភ្លេង​ការ​ម្ដងៗ​។​


​ ​នៅ​ឆ្នាំ​១៩៧៧ ខ្ញុំ​ឃើញ​ខ្មែរក្រហម​ចាប់ខ្លួន​ប្រជាជន​ដែល​គ្មាន​កំហុស​អ្វី​សោះ​។ ខ្មែរក្រហម​ចាប់ខ្លួន​អ្នក​ទាំងនោះ​ដាក់រទេះ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា​យកទៅ​ណា​ទេ​។ ខ្មែរក្រហម​ប្រាប់​អ្នក​នៅលើ​រទេះ​ថា អង្គការ​យកទៅ​នៅ​ភូមិ​ថ្មី​។ ពេល​រទេះ​ត្រឡប់មក​ភូមិ​វិញ សូម្បីតែ​ម្នាក់​ក៏​គ្មាន​នៅ​ផង​។ ភ្លាមៗ​បន្ទាប់ពីនោះ ខ្មែរក្រហម​ចាប់ផ្ដើម​ចែក​ខោអាវ​ឲ្យ​អ្នកភូមិ​។ គ្មាន​អ្នក​ណាមួយ​លើកឡើង​រឿងនេះ​មក​និយាយ​ទេ ព្រោះ​បើ​អង្គការ​ឮ​យើង​ពិតជា​ត្រូវ​យកទៅ​សម្លាប់ចោល​ហើយ​៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ