ពួកអ្នកការទូតចិនប្រើចង្កូមមុតស្រួចដើម្បីការពារការឆ្លើយតបរបស់ចិនចំពោះវីរុសកូរ៉ូណា

691
ចែករម្លែក

ពីទ្វីបអាស៊ីរហូតដល់ទ្វីបអាហ្រ្វិក ទីក្រុងឡុងដ៍រហូតដល់ទីក្រុងបែរឡាំង ប្រេសិតចិនបានបង្កើតព្យុះភ្លៀងការទូតជាមួយនឹងការការពារបែបអ្នកប្រយុទ្ធ នៅពេលណាដែលប្រទេសរបស់ពួកគេត្រូវបានគេចោទប្រកាន់ថាមិនបានធ្វើសកម្មភាពឆាប់រហ័សដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ពួកគេជាសមាជិកនៃក្រុមអ្នកការទូតជំនាន់ថ្មី ហៅថា “អ្នកចម្បាំងចចក” ដែលដាក់ឈ្មោះតាមខ្សែភាពយន្តស្នេហាជាតិ ដែលចូលរួមសម្តែងដោយក្រុមកុម្ម៉ង់ដូចិនសាច់ដុំធំៗ ដែលសម្លាប់មនុស្សអាក្រក់ជនជាតិអាម៉េរិកនៅអាហ្វ្រិកនិងអាស៊ីអាគ្នេយ៍ដោយដៃទទេរបស់ខ្លួន។

វិធីសាស្រ្តតឹងរ៉ឹងកំពុងត្រូវបានកសាងអស់ជាច្រើនឆ្នាំក្រោមការដឹកនាំរបស់លោកប្រធានាធិបតីស៊ីជីនពីង ដែលបានបោះបង់ចោលវិធីសាស្ត្ររបស់អតីតមេដឹកនាំតេង សៀវពីងក្នុងការលាក់បាំងមហិច្ឆតារបស់ចិនដោយរង់ចាំវេលាល្អមកដល់នឹងអាលក្លាយជាមហាអំណាច។ រដ្ឋាភិបាលរបស់លោកស៊ីបានជំរុញឱ្យអ្នកការទូតរបស់ខ្លួនបន្ត “កិច្ចការទូតបែបប្រទេសធំ ដែលមានចរិតលក្ខណៈជាចិន” ពោលគឺជាការអំពាវនាវឱ្យចិនបញ្ជាក់ពីឋានៈជាប្រវត្តិសាស្ត្ររបស់ខ្លួនជាមហាអំណាចពិភពលោក។

បទវិចារណកថានៅក្នុងកាសែត Global Times ដែលជាកាសែតគ្រប់គ្រងដោយរដ្ឋដែលល្បីខាងនិយាយឥតសំចៃមាត់ បានសរសេរថា “ថ្ងៃដែលចិនអាចត្រូវគេដាក់ឱ្យក្រាបៗលូនៗលែងមានតទៅទៀតហើយ។ ប្រជាជនចិនបាននិយាយថាលែងពេញចិត្តនឹងសំឡេងការទូតទន់ជ្រាយទៀតហើយ”។

លោកឯកអគ្គរដ្ឋទូត គួយ កុងយូ បាននិយាយចម្អកអ្នកសារព័ត៌មាននៅប្រទេសស៊ុយអែត ដោយប្រៀបធៀបពួកគេទៅនឹងអ្នកប្រដាល់ទម្ងន់ស្រាលចង់មកវ៉ៃជាមួយគីឡូធ្ងន់ចិន។ ការអត្ថាធិប្បាយនៅលើគេហទំព័ររបស់ស្ថានទូតកាលពីខែមុនបានវាយប្រហារអ្នកយកព័ត៌មានស៊ុយអែតម្នាក់សម្រាប់អត្ថបទមួយស្តីពីផលប៉ះពាល់នៃប្រព័ន្ធនយោបាយឯកបក្សរបស់ចិនទៅលើការឆ្លើយតបចំពោះវីរុសកូរ៉ូណា។

បទអត្ថាធិប្បាយនោះលើកឡើងថា «ការប្រើប្រាស់ជំងឺរាតត្បាតក្នុងបំណងនយោបាយដើម្បីធ្វើសង្គ្រាមមនោគមន៍វិជ្ជានិងពង្រីកការភូតកុហកតាំងនាមឱ្យ “សេរីភាពក្នុងការបញ្ចេញមតិ” នឹងនាំទៅដល់ការបំផ្លិចបំផ្លាញខ្លួនឯង។ វាប្រៀបបីដូចជាលើកដុំថ្មរួចទម្លាក់លើជើងខ្លួនឯងយ៉ាងអ៊ីចឹង”។

លោកស៊ី យីនហុងសាស្ត្រាចារ្យផ្នែកសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យរ៉េនមីន បាននិយាយថា “ប្រសិនបើនរណាម្នាក់ព្យាយាមវាយប្រហារចិនលើបញ្ហានេះ ចិននឹងវាយបកវិញដាច់ខាត។ មេដឹកនាំចិនប្រហែលជាគិតថាប្រសិនបើចិនមិនវាយបកវិញទេ វានឹងធ្វើឱ្យចិនរឹតតែរងគ្រោះ”។

អ្នកការទូតចិនកាន់តែច្រើនឡើងកំពុងនាំគ្នាប្រើបណ្តាញសង្គម Twitter និង Facebook ដែលជាវេទិកាបណ្តាញង្គមដែលត្រូវបានបិទនៅក្នុងប្រទេសរបស់ពួកគេ។ ពួកគេកំពុងដើរតាមគន្លងរបស់លោក ចាវ ជីលៀន ដែលជាអ្នកការពារចិនឈានមុខគេ ដែលសារ Twitter របស់គាត់ពេលកំពុងនៅក្នុងប្រទេសប៉ាគីស្ថាន បានទាក់ទាញអ្នកតាមដានយ៉ាងច្រើនសម្បើម ហើយបាននាំឱ្យអតីតឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអ.ស.ប លោកស្រី ស៊ូសាន រ៉ាយ ហៅគាត់ថាជា “ជនអាប់យសរើសអើងជាតិសាសន៍” ដែលគួរតែត្រូវបណ្តេញចេញពីប៉ាគីស្ថាន។

ផ្ទុយទៅវិញ ចិនបានដំឡើងឋានៈគាត់ទៅជាអ្នកនាំពាក្យក្រសួងការបរទេស។

លោក កាល់ មីនស្ន័រ អ្នកជំនាញខាងនយោបាយចិននៅសាលាច្បាប់ហ្វតហាំ ក្នុងទីក្រុងញូវយ៉ក បាននិយាយថា លោកស៊ីបានចង្អុលបង្ហាញយ៉ាងច្បាស់ពីការពិតចិត្តពេញថ្លើមចំពោះអ្នកការទូតបែប “អ្នកចម្បាំងចចក”។

លោកមីនស្ន័រនិយាយថា អ្នកការទូតដែលមានរបៀបថ្មីទាំងនេះកំពុង “សម្លឹងមើលគ្រប់បញ្ហានិងកំពុងប្រើភាសាធ្ងន់ៗនៅក្រៅប្រទេសដើម្បីជាឧបករណ៍បង្កើនការចាប់អារម្មណ៍ពីទស្សនិកជនជាតិនិយមនៅក្នុងស្រុក ទាំងពួកឥស្សរជនគណបក្សនិងក្នុងចំណោមសង្គមទាំងមូល ដោយមិនខ្វល់ពីផលប៉ះពាល់លើមុខមាត់ចិននៅបរទេសនោះឡើយ”៕ ដោយ៖ កញ្ញាដាលីស

លោក ចាវ ជីលៀន អ្នកនាំពាក្យថ្មីរបស់ក្រសួងការបរទេសចិន