រដ្ឋចំនួន៣បើកឡើងវិញដោយអន្លើ ទោះបីមានការព្រមានពីអ្នកជំនាញ

234
ចែករម្លែក

ទោះបីជាចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណាដែលបានបញ្ជាក់នៅសហរដ្ឋអាម៉េរិកបានកើនឡើងដល់ខ្ទង់ ៥០.០០០ នាក់ក៏ដោយ ក៏រដ្ឋចចចា រដ្ឋអូក្លាហូម៉ា និងរដ្ឋអាឡាស្កា នៅតែចាប់ផ្តើមបន្ធូរបន្ថយបទបញ្ជាបិទរដ្ឋកាលពីថ្ងៃសុក្រទី២៤មេសាលើមុខជំនួញដែលរងគ្រោះដោយសារជំងឺរាតត្បាត ត្បិតមានការព្រមានពីអ្នកជំនាញសុខាភិបាលថា ជំហានបន្តបន្ទាប់ឆ្ពោះទៅរកប្រក្រតីភាពឡើងវិញហាក់កើតឡើងឆាប់ពេកហើយ។

ពួកអភិបាលរដ្ឋមកពីបក្សសាធារណរដ្ឋនៅរដ្ឋចចចានិងរដ្ឋអូក្លាហូម៉ាបានអនុញ្ញាតឱ្យបើកហាងស្ប៉ានិងហាងកាត់សក់ ខណៈរដ្ឋអាឡាស្កាបានឱ្យភោជនីយដ្ឋានបើកបម្រើសេវាកម្មអាហារឡើងវិញនិងហាងលក់រាយនិងអាជីវកម្មផ្សេងទៀតក៏បើកទ្វាររបស់ពួកគេបានផងដែរ តែមានដែនកំណត់។ ទីក្រុងមួយចំនួនក្នុងរដ្ឋអាឡាស្កាបានរក្សាទុកច្បាប់តឹងរ៉ឹងដដែល។

ទោះបីមានដែនកំណត់នៅក្នុងវិសាលភាពនិងស្ថិតនៅក្រោមការដាក់កំហិតឱ្យនៅឃ្លាតឆ្ងាយពីគ្នានៅក្នុងសង្គមក៏ដោយក៏ការបើករដ្ឋឡើងវិញនេះជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងការជជែកដេញដោលដែលកំពុងផ្ទុះឡើងនៅសហរដ្ឋអាម៉េរិកនិងពិភពលោកអំពីវិធីដែលមេដឹកនាំនយោបាយគួរតែដកបទបញ្ជាបិទទ្វារដែលកំពុងបំផ្លាញសេដ្ឋកិច្ច។

សេណារីយ៉ូស្រដៀងគ្នានេះត្រូវបានធ្វើឡើងនៅទូទាំងពិភពលោកហើយនឹងរីកសាយភាយឆាប់ៗនៅសហរដ្ឋអាម៉េរិកខណៈដែលអភិបាលរដ្ឋផ្សេងទៀតកំពុងប្រកែកគ្នារឿងអាទិភាពជាច្រើន។ សេដ្ឋកិច្ចរបស់ពួកគេត្រូវបានបំផ្លាញដោយការបាត់បង់ការងារពីការស្នាក់នៅផ្ទះរាប់សប្តាហ៍និងការកើនឡើងនៃការដាក់ពាក្យសុំលុយរដ្ឋចាយគ្រាអត់ការងារធ្វើប៉ុន្តែក្រុមមន្ត្រីសុខាភិបាលព្រមានថាការដកចេញនូវបទបញ្ជាស្នាក់នៅផ្ទះឥឡូវនេះអាចបង្កឱ្យផ្ទុះឡើងវិញនូវកូវីដ១៩។

ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃសុក្រលោកប្រធានាធិបតីដូណាល់ត្រាំបាននិយាយប្រកបដោយសុទិដ្ឋិនិយមអំពីសេដ្ឋកិច្ចប៉ុន្តែក៏បានស្នើសុំឱ្យប្រជាជនបន្តនៅឆ្ងាយៗពីគ្នានិងគ្របមុខជិតៗផងដែរ។

វីរុសកូរ៉ូណាបានសម្លាប់មនុស្សជាង ១៩០.០០០ នាក់នៅទូទាំងពិភពលោកគិតត្រឹមថ្ងៃសុក្រ ក្នុងនោះមានអ្នកស្លាប់ជាង ៥ ម៉ឺននាក់នៅសហរដ្ឋអាម៉េរិក នេះយោងតាមទិន្នន័យចងក្រងដោយសាកលវិទ្យាល័យចនហ៊ីបឃីនដែលបានពីតួលេខរបស់រដ្ឋាភិបាលនានា។ ចំនួនអ្នកស្លាប់ពិតប្រាកដត្រូវគេជឿថាខ្ពស់ជាងនេះឆ្ងាយណាស់៕ ដោយ៖ កញ្ញាដាលីស

ហាងកាត់សក់មួយនៅទីក្រុងអាត្លង់តារដ្ឋចចចាចាប់ផ្តើមបើកទ្វារឡើងវិញ

ទីតាំងផ្សាយពាណិជ្ជកម្ម