កសិករខ្មែរចេះកែច្នៃម៉ាសុីនគោយន្តទៅជាត្រាក់ទ័រធ្វើកសិកម្មដោយគំនិត​ខ្លួនឯង

609
ចែករម្លែក

ដោយ:សុខុម/ស្ទឹងត្រែង ៖ បុរសជាងជួសជុលគ្រឿងអេឡិចត្រូនិចម្នាក់បាននិយាយថា គាត់ស្រឡាញ់​ខាងផ្នែកកសិកម្ម ទើបបែកគំនិត យកម៉ាសុីនគោយន្តដែលក្រុមហ៊ុនលក់​លើទីផ្សារទៅច្នៃជាត្រាក់ទ័រសម្រាប់កសិកម្មផ្ទាល់ខ្លួន។

លោក គ្រី លាងពៅ វ័យ៤៥ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកដំបូក ឃុំព្រែកដំបូកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សព្វថ្ងៃ បានមករស់នៅ​ក្នុងភូមិ​សំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានរៀបរាប់​ពីដំណើរនៃការផលិត និងការប្រែម៉ាសុីនគោយន្តកន្រ្តៃ ឲ្យទៅជាត្រាក់ទ័រ​សម្រាប់បម្រើការក្នុងវិស័យកសិកម្មរបស់គាត់។

ដើមហេតុ ដែលបណ្តាលឲ្យលោកគិត ឃើញចង់ផលិតត្រាក់ទ័រនេះ គឺដោយសារតែលោកយល់ថា ការធ្វើស្រែចម្ការដោយប្រើកម្លាំងមនុស្ស គឺត្រូវចំណាយពេល និងចំណាយកម្លាំងច្រើន លុយកាក់ក៏ច្រើនដែរ។

កសិករខាងលើយល់ថា ដើម្បីជាការងាយស្រួល​លោកក៏បានយក​ម៉ាសុីនគោយន្តកន្ត្រៃទៅកែច្នៃជាកូនត្រាក់ទ័រវិញ។ហើយកកង់គោយន្ត និងតួពីត្រាក់ទ័រភ្ជាប់គ្នាច្នៃគ្រប់កន្លែង។

លោក លាងពៅ បានរៀបរាប់ថា គាត់ចាប់ផ្តើមកែច្នៃត្រាក់ទ័រមួយគ្រឿងនេះ ក្នុងអំឡុងពេលពាក់កណ្តាលខែមីនាឆ្នាំ២០២០។ រហូតមកដល់ពេលនេះ​គឺត្រាក់ទ័រខ្នាតតូចរបស់គាត់កែបានជាង៨០រយហើយ។

តាមការបញ្ជាក់ថា លោកត្រូវចំណាយពេល ត្រឹមតែមួយខែប៉ុណ្ណោះផលិត​គោយន្តខ្លួនឯង ។ ឯថវិកាចំណាយក្នុងការទិញសម្ភារលោកមិនទាន់​បានបញ្ជាក់ថាបានចំណាយអស់ប៉ុន្មាននៅឡើយនោះទេ។

លោកថាត្រាក់ទ័រនេះ មានមុខងារពិសេស ៥យ៉ាង​គឺមុខងារទី១អាចភ្ជួរដី​បានដោយផ្លែភ្ជួរភ្ជាប់នៅក្រោយផ្នែកខាងក្រោមនៃត្រាក់ទ័រ មុខ ងារទី២គឺអាចរុញដីបានដោយមានផ្លែប៉ែលរុញនៅខាងមុខត្រាក់ទ័រ​ទី៣អាចសណ្តោងរ៉ឺម៉កបាន ទី៤មានក្បាលបាញ់ថ្នាំសម្រាប់បាញ់ស្មៅ និងទី៥ អាចបាញ់ថ្នាំជំនួយរុក្ខជាតិ ។

លោក គ្រី លាងពៅ បានបញ្ជាក់ថា ដំបូង លោកកែច្នៃបានមួយគ្រឿង​ហើយសម្រាប់ប្រើ
ប្រាស់ក្នុងចម្ការរបស់លោក។ ឃើញថា នៅមិនទាន់គ្រប់គ្រាន់ តាមស្តង់ដារតម្រូវការចិត្តលោក ទើបលោកបង្កើតគំនិតច្នៃ​ប្រឌិតបន្ថែមមួយគ្រឿងទៀត ។

លោកពៅបានបង្ហាញពីមហិច្ឆតារបស់ខ្លួនថា នៅពេលលោកផលិត​ត្រាក់ទ័រមួយប្រភេទនេះបានជោគជ័យហើយនោះលោកនឹងឈានទៅធ្វើការផលិតប្រភេទយន្តហោះបញ្ជាដោយតេឡេ សម្រាប់ស្រោចដំណាំ និងបាញ់ថ្នាំ​សម្លាប់សត្វល្អិតបន្ថែមទៀត ។ហើយ បើការ ផលិតរបស់លោក​បានជោគជ័យនោះ លោកនឹងគ្រោងដាក់លក់ផលិតផលទាំងនេះ នៅលើទីផ្សារក្នុងខេត្តស្ទឹងត្រែងជាជំហានដំបូង ។

បុរសស្រឡាញ់កសិកម្មនិយាយថាគំនិតរបស់គាត់ខ្លួនឯងមិនគ្រប់គ្រាន់​លោកត្រូវសិក្សាតាមយូធូបបន្ថែមសម្រាប់ច្នៃត្រាក់ទ័រ ប្រភេទនេះ​យកទៅបម្រើការក្នុងវិស័យកសិកម្មបានដោយស្រួល ។ចំពោះ គ្រឿង បន្លាស់ត្រាក់ទ័រកែច្នៃពេលវាខូចមិនពិបាករកទិញពីផ្សារទេ។បើគ្រឿងបន្លាស់​ត្រាក់ទ័រទិញពីក្រុមហ៊ុនទើបពិបាករក។

ក្រោយពេលច្នៃហើយត្រាក់ទ័រលោកអាចលក់ចេញក្នុងតម្លៃចាប់ពី៦.០០០ទៅ ៧.០០០ ដុល្លារមួយគ្រឿង៕/B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម