ក្រុមប្រឹក្សាធម្មនុញ្ញ : ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នស្របនឹងរដ្ឋធម្មនុញ្ញ

355
ចែករម្លែក

ដោយ:មុនីរ័ត្ន/ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចអនុម័តជាឯកច្ឆនថា ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ដែលរដ្ឋសភាអនុម័តកាលពីថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ និងព្រឹទ្ធ សភាបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ និងបានចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំវិសាមញ្ញនៃព្រឹទ្ធសភា នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ស្របនឹងរដ្ឋធម្មនុញ្ញ។

ការសម្រេចអនុម័តរបស់ក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរបស់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែមេសាឆ្នាំ២០២០ នៅសាលប្រជុំអគារសវិមានរដ្ឋចំការមន ក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យនិងសម្រេចលើសំណើរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន។ កូរ៉ុមនៃប្រជុំក្រុមប្រឹក្សាធម្មនុញ្ញ គឺចំនួន៧រូប។

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅក្រុមប្រឹក្សាធម្មនុញ្ញ (អគារសរ វិមានរដ្ឋចំការមន) លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកបំភ្លឺលើអត្ថបទច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានរដ្ឋ​សភាអនុម័តកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ ហើយព្រឹទ្ធសភាអនុម័តកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

យោងតាមសេចក្តីព្រាងច្បាប់ «ស្តីពីកាគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រង់មាត្រា១.
គោលបំណងៈ ច្បាប់នេះកកំណត់អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ននៅពេលប្រជាជាតិប្រឈមនឹងគ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននេះ ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិតនិងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិនិងបរិស្ថាន។
មាត្រា២.
វិសាលភាពៈ ច្បាប់នេះមានវិសាលភាពអនុវត្តនៅពេលដែលប្រទេសជាតិត្រូវបានដាក់ស្ថិតក្នុងស្ថានភាពអាសន្នស្របតាមមាត្រា ២២ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា៣.
បែបបទ និងនីតិវិធី នៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នៈ ៖ នៅពេលប្រទេសជាតិប្រឈមមុខគ្រោះថ្នាក់ ព្រះមមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។ ការប្រកាសដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន អាចធ្វើឡើងសម្រាប់ថេរវេលាមានកំណត់ ឬសម្រាប់ថេរវេលាមិនកំណត់។
ការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នសម្រាប់ថេរវេលាមិនកំណត់ ត្រូវបញ្ចប់ដោយព្រអរាជក្រឹត្យនៅពេលសភាពការណ៍អនុញ្ញាត។
មាត្រា៤.
លក្ខខណ្ឌ នៃការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលដែលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគម្រាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។ គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ “ស្តីពីកាគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ” មាន៥ជំពូក និងមាន ១២មាត្រា៕/B