ប៉ូលិស ត្រៀម​រួចរាល់​ហើយ​!

314
ចែករម្លែក

អគ្គស្នងការ​នគរបាល​ជាតិ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បានប្រកាស​ពី​ការត្រៀម លក្ខណៈ រួចរាល់​របស់​ប៉ូលិស​ចរាចរណ៍ ដើម្បី​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស​។ ក្នុងនោះ លោក​អគ្គស្នងការ ក៏បាន​អំពាវនាវ និង​សំណូម ពរ​យ៉ាងទទូច​ដល់​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ផ្លូវ នៅ​ទូទាំងប្រទេស ចូលរួម​សហការ និង​គោរព ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក ដើម្បី​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ខ្លួនឯង​ផ្ទាល់ និង​អ្នកដទៃ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ក្នុង​របាយការណ៍​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បានលើកឡើង​នូវ​ផែនការ ត្រៀមលក្ខណៈ​របស់​ប៉ូលិស ក្នុងការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចាប់ពី​ថ្ងៃទី​១​ឧសភា រួមមាន​៖ បង្កាន់ដៃ​ប្រាក់ ពិន័យ ចំនួន ២៥.០០០ ក្បាល ធ្វើការ​បែងចែក​ដល់​គ្រប់​អង្គភាព​នគរបាល​ចរាច​រណ៍​ផ្លូវគោក ទូទាំងប្រទេស​រួចរាល់ កំណត់​គោលដៅ​ត្រួតពិនិត្យ​រឹតបន្តឹង​ច្បាប់​សរុប ២៦៨ គោលដៅ (​គោលដៅ អចល័ត ចំនួន ៤៣៦ គោលដៅ​ចល័ត​ចំនួន ៦៨ និង​គោលដៅ ដើមទី ចំនួន ៦៤ ) ប្រើប្រាស់​កម្លាំង សរុប​ចំនួន ៣៩១៩​នាក់ ( កម្លាំង​នគរបាល​ចរាចរណ៍ ៣៥០៧​នាក់ និង​កម្លាំង​សហការ​ចំនួន ៤១២​នាក់ ) ប្រើប្រាស់​មធ្យោបាយ ចំនួន ៣៦៤​គ្រឿង ( រថយន្ត ៦៦​គ្រឿង និង​ម៉ូតូ ២៩៨​គ្រឿង )​។​

​ប៉ូលិស​ចរាចរណ៍ ក៏បាន​ត្រៀម​រួចជាស្រេច រៀបចំ​ទីតាំង​រក្សាទុក​យានយន្ត​ល្មើស​ដែល​ត្រូវ​ឃាត់ ទុក និង​កែតម្រូវ​។​

​ក្រៅពីនេះ ប៉ូលិស​ក៏បាន​ត្រៀម​មន្ត្រី​គ្រប់​អង្គភាព​តាមដាន បំភ្លឺ និង​ឆ្លើយតប​នឹង​ចម្ងល់ ឬ​ប្រតិកម្ម នានា របស់​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​ដល់​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​ផងដែរ​។​

​ទន្ទឹមនេះ​កាលពី​ថ្ងៃទី​២៧ ខែមេសា លោក​អគ្គស្នងការ នេ​ត សាវឿន ក៏បាន​ចេញ​លិខិត​ជូនដំណឹង មួយទៀត ជូន​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ ឲ្យ​បានដឹង​ពី​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក ដែល​ប៉ូលិស​ចរាចរណ៍ នៅ​ទូទាំងប្រទេស នឹង​ចាប់ផ្តើម​អនុវត្ត ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ តទៅ​។ នោះ​គឺ​ការផាកពិន័យ​តាមច្បាប់​ថ្មី ដែល​បង្កើន​ប្រាក់​ផាកពិន័យ ដោយ​ពីមុន​អ្នក ល្មើសច្បាប់​តាម​ម៉ូតូ ត្រូវ​ផាកពិន័យ​ទាប​បំផុត ១៥.០០០​រៀល តែ​ច្បាប់​ថ្មី បានកំណត់​ប្រាក់​ផាក ពិន័យ​ទាប​បំផុត ៦០.០០០ រៀល​។ រីឯ​ឡាន ពីមុន​ផាក​ទាប​បំផុត ២៥.០០០ រៀល តែ​ច្បាប់​ថ្មី ត្រូវ​ផាកពិន័យ​កំណត់​ទាប​បំផុត ៧៥.០០០ រៀល​។​

​ក្នុង​លិខិត លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បញ្ជាក់ថា​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ គោក នៅ​ទូទាំងប្រទេស នឹង​អនុវត្ត​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក និង​អនុក្រឹត្យ​ស្តីពី​ប្រាក់​ផាក ពិន័យ​នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មាន​ការលើកលែង និង​មាន សីលធម៌​វិជ្ជាជីវៈ ព្រមទាំង​ឥរិយាបថ​ថ្លៃថ្នូរ ទន់ភ្លន់ និង​ម៉ឺងម៉ាត់​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​អំពាវនាវ និង​សំណូមពរ​យ៉ាងទទូច ដល់​ប្រជាពលរដ្ឋ ដែល​ប្រើ ប្រាស់​ផ្លូវ​នៅ​ទូទាំងប្រទេស ចូលរួម​សហការ និង​គោរព​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក​ដើម្បី​ការពារ អាយុជីវិត និង​ទ្រព្យសម្បត្តិ​ខ្លួនឯង​ផ្ទាល់ និង​អ្នកដទៃ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ដូច្នេះ មកដល់ពេលនេះ ប៉ូលិស​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ ដើម្បី​អនុវត្ត​ច្បាប់​ចរាចរណ៍ ចាប់ពី​ថ្ងៃទី​១​ឧសភា​តទៅ ដោយ​ស្មារតី​ទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មាន​ការលើកលែង និង​មាន​សីលធម៌​វិជ្ជាជីវៈ ព្រមទាំង​ឥរិយាបថ​ថ្លៃថ្នូរ ទន់ភ្លន់ និង​ម៉ឺងម៉ាត់​។ វិធានការ​ថ្មី​នេះ ក្នុង បំណង​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន ជា​អតិបរមា​។ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស​កម្ពុជា​យើង​ដែល​បានសម្លាប់​មនុស្ស ជា​មធ្យម ក្នុង​មួយថ្ងៃៗ មិនតិចជាង​ចន្លោះ​ពី បួន​ទៅ ប្រាំ​នាក់ និង​របួស​ជាង ១០​នាក់​ផ្សេងទៀត​។​

​តែ​យ៉ាងណាក៏ដោយ នៅ​កន្លែងធ្វើការ នៅ​តុ​កាហ្វេ និង​នៅ​ហាង​បាយ មាន​អ្នក​លើកឡើង ប៉ូលិស​ធ្វើបាន​តែមួយ​ឆាវ​ទេ ហើយ​វិធានការ​នោះ​ទៀតសោត ក៏​នឹង​មិនមាន​ប្រសិទ្ធភាព​អ្វី ប៉ុន្មាន​ទេ​។ មូលហេតុ គឺ​ដូច​ការអនុវត្ត​ច្បាប់​ចាស់ ប៉ូលិស​ចរាចរណ៍​នឹង​ប្រើ​វិធី​នៃ​ការអនុវត្ត​ច្បាប់ ចរាចរណ៍​នេះ ដើម្បី​ជា​មធ្យោបាយ​រកប្រាក់​ចែកគ្នា​ចាយ តាមរយៈ «​វិធី​សម្រួល​»​។

​យ៉ាងណា​ក៏ដោយចុះ ការ​សំឡេង​ពី​កន្លែងធ្វើការ ពី​ហាង​បាយ និង​ពី​តុ​កាហ្វេ​ខាងលើនេះ គ្រាន់តែ ជាការ​យល់ឃើញ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ប៉ុណ្ណោះ​។ តែ​អ្វីដែល​សំខាន់ ប្រជាពលរដ្ឋ​ដែលជា អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ មិន​ថា ធ្វើដំណើរ​តាម​ម៉ូតូ ឡាន ឬក៏​តាម​កង់​ទេ ត្រូវ​ចូលរួម​បន្ត​គោរព ច្បាប់​ជាប់​ជាប្រចាំ កុំ​ចាំ​ដល់ពេល​ប៉ូលិស ចេញ​ឈរជើង ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ ទើប​គោរព​។ ការចាប់​បង្ខំ​ពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវ​ឲ្យ​គោរព​ច្បាប់​នេះ គ្មានអ្វី​ក្រៅតែពី​ដើម្បី​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​យើង​នោះទេ​។​

​មិន​លំបាក​ទេ គ្រាន់តែ​ធ្វើដំណើរ​តាម​ម៉ូតូ ពាក់មួក​សុវត្ថិភាព គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ ស្លាក សញ្ញា​ចរាចរណ៍ កុំ​បើកបរ​លឿន​ពេក ហើយ​បើ​ធ្វើដំណើរ​តាម​រថយន្ត អ្នកបើកបរ និង​អ្នក​អង្គុយ កៅអី​ខាងមុខ ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព បើកបរ​គោរព​ច្បាប់ទម្លាប់​នោះ​។ ជា​វិធី​ងាយ​សោះ ហេតុអ្វី​ក៏ត្រូវ​ឲ្យ​ប៉ូលិស​ចាប់​ផាក​អស់​លុយ​ច្រើន​ទៅរួច​?៕ ដោយៈ ម៉េង​ឆៃ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ