វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ​ត្រូវបាន​សភា​អនុម័ត​ទាំង​ទាំងស្រុង​ហើយ​ ​

1220
ចែករម្លែក

(​ភ្នំពេញ​) ៖ នៅវេលា​ម៉ោង​ប្រមាណ​៩​និង​២០​នាទី ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧​នេះ រដ្ឋសភា​បានអនុម័ត​ទាំងស្រុង​លើ​សេចក្តី​​ស្នើច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដោយ​សំឡេង​៦៦ លើ​៦៦​រូប ដែលជា​សំឡេង​ភាគច្រើន​ដាច់ខាត​ទោះបី​​ជា​អវត្តមាន​តំណាងរាស្ត្រ គណបក្សប្រឆាំង​ក៏ដោយ​។

​ក្រោយ​អនុម័ត​រួច​ច្បាប់​នេះ នឹងត្រូវ​បញ្ជូន​ទៅកាន់ ព្រឹទ្ធសភា​ដើម្បី​ពិនិត្យ និង​ឲ្យ​យោបល់​។​
​ ​
​កិច្ចប្រជុំ​សភាពេញអង្គ ដើម្បី​ពិភាក្សា និង​អនុម័ត​ចំពោះ​សេចក្តីស្នើច្បាប់​នេះ ត្រូវបាន​ធ្វើឡើង​នៅ​វិមាន​រដ្ឋសភា ក្រោម​អធិបតីភាព សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​ការចូលរួម​ពី​តំណាងរាស្ត្រ​ចំនួន​៦៦​រូប​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ក្នុង​កិច្ចប្រជុំ​នេះ មិនមាន​វត្តមាន​រប​ស់​ក្រុមតំណាងរាស្ត្រ​គណបក្សប្រឆាំង​ឡើយ​។​
​ ​
​គួរ​បញ្ជាក់ថា វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ថ្មី ត្រូវ​រៀបចំ​ដោយ ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចុះ​ហត្ថ​លេខា​ដោយ តំណាងរាស្ត្រ​ច្រើនជាង​៣០​រូប​។ ច្បាប់​ថ្មី​នេះ មានការ​កំណត់​តឹងរឹង​ជាមុន ដោយ​មិន​គណបក្សនយោបាយ​ឃុបឃិត​ជាមួយ​​ទណ្ឌិត​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​។​
​ ​
​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ថ្មី​នេះ ត្រូវបាន​កែប្រែ​ចំនួន​៥​មាត្រា ក្នុងនោះ​មាត្រា​៦​ថ្មី​(​ពីរ​) មាត្រា​១១(​ថ្មី​) មាត្រា​៤៤​ថ្មី​(​ពីរ​) មាត្រា​៤៥​ថ្មី​(​ស្ទួន​) និង​មាត្រា​៤៨​ថ្មី (​សួន​)​។ មាត្រា​៦ ថ្មី​(​ពីរ​) ដែល​កែប្រែ​ឡើងវិញ​នេះ បាន​កំណត់ថា​គណបក្ស​នយោបាយ​មិនត្រូវ​ប្រើប្រាស់​​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់ទោស​បទឧក្រិដ្ឋ ឬ​ពីបទ​មជ្ឈិម​ដើម្បី​ជា​ផល​ប្រ​យោ​​ជន៍​នយោបាយ​ខ្លួន​ឡើយ ហើយ​គណបក្សនយោបាយ​ទាំងអស់ មិនត្រូវ​យល់ព្រម​ដោយ​ចំហរ ឬ​ឃុបឃិត​ជាមួយ ទណ្ឌិត​ជាប់ទោស​បទ​​ឧក្រិដ្ឋ ឬ​ពីបទ​មជ្ឈិម ឱ្យធ្វើ​សកម្មភាព​ណាមួយ ដើម្បី​ជា​ប្រយោជន៍​ផងដែរ​៕ ​ដោយ ៖វិបុល

កិច្ចប្រជុំ​សភាពេញអង្គដើម្បី​ពិភាក្សានិង​អនុម័ត​​សេចក្តីស្នើច្បាប់​នេះ មិនមាន​វត្តមាន​រប​ស់​ក្រុមតំណាងរាស្ត្រ​គណបក្សប្រឆាំង​ឡើយ​

ទីតាំងផ្សាយពាណិជ្ជកម្ម