នាង ខាត់ សុ​ឃីម​និង​ប្តី ដឹកនាំ​បាតុករ​តវ៉ា​នៅ​តុលាការ​ខេត្តសៀមរាប ឲ្យ​ដោះលែង​ម្ចាស់​ក្រុមហ៊ុន​អ៊ី​ណា​រីតា

468
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: លោកស្រី ខាត់ សុ​ឃីម និង​ស្វាមី បាន​ដឹកនាំមនុស្សជាច្រើននាក់មកធ្វើការតវ៉ា​​នៅមុខ​សាលាដំបូង​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០​នេះ​ទាមទារឲ្យដោះលែង​នាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា ដែល​សមត្ថកិច្ច​អះអាងថា បានឆបោក​ប្រាក់​អតិថិជន​ជាច្រើន​សិប​នាក់ រហូត​ជាង​១៤​លាន​ដុល្លា​អាម៉េរិក​។​នេះ​ជា​ការតវ៉ា​លើក​ទី​២​ហើយ ដែល​ដឹកនាំ​ដោយ​លោកស្រី ខាត់ សុ​ឃីម​។​

​ការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា​នេះ គឺ​ធ្វើអោយ​មានការ​ស្ទះផ្លូវ​នៅមុខ​សាលាដំបូង​ខេត្តសៀមរាប អស់​ជាច្រើន​ម៉ោង បន្ទាប់ពី​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប ចេញមក​ពន្យល់​ពី​បញ្ហា​ផ្លូវច្បាប់​នៅ​ចំពោះមុខ​បាតុកម្ម នៅ​ការឃុំខ្លួន​នាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា​ខាងលើ​។​

​នាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា ដែល​ត្រូវ​ចាប់ខ្លួន​និង​ធ្វើឲ្យមានការទាមទារ​ឲ្យ​ដោះលែង​នោះ ឈ្មោះ ឌី​ន សួន​ណាត ភេទ​ប្រុស ត្រូវបាន​ចាប់ខ្លួន​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅនេះ ពីបទ​ឆបោក​ដោយមាន​ស្ថាន​ទំងន់ទោស និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​។​នេះ​គឺជា​ការបញ្ជាក់​របស់លោក យិន ស្រាង ប្រធាន​លេខាធិការដ្ឋាន​និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​។​

​លោក យិន ស្រាង បានបញ្ជាក់​ថា​នាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា​ខាងលើ ត្រូវបាន​អតិថិជន​នៅ​ខេត្តសៀមរាប ដាក់ពាក្យ​បណ្តឹង​មក​តុលាការ​ជា​បន្តបន្ទាប់ ពីបទ​ឆបោក​ដោយមាន​ស្ថាន​ទំងន់ទោស​និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ដែលមាន​ទឹកប្រាក់​ជាង​១៤​លាន​ដុល្លារ​ និង​អតិថិជន​ប្តឹង​នៅ​ក្រសួងមហាផ្ទៃ​ផ្សេងទៀត​មាន​ទឹកប្រាក់​ប្រមាណ​ជាង​១០​លាន​ដុល្លារ​ថែមទៀត​។​

​លោក យិន ស្រាង បាន​បន្តថា កាលពី​លើក​ទី​១ មិន​ចាំ​ថ្ងៃ លោកស្រី​ខាត់ សុ​ឃីម​និង​ស្វាមី បាន​ដឹកនាំ​បាតុកម្ម​មក​តវ៉ា​ឲ្យដោះលែង​នាយក​ក្រុមហ៊ុន​អ៊ី​ណា​រីតា​ម្តង​រួចមកហើយ ។​កាលណោះ​លោកស្រី ខាត់ សុ​ឃីម​និង​ស្វាមី ព្រមទាំង​តំណាង​២​រូប​ទៀត​ត្រូវបាន​តំណាង​អយ្យ​ការឲ្យ​ចូលមកក្នុង​សាលាដំបូង ដើម្បី​ជួបពិភាក្សា​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​។​

​លោក​បន្តថា ក្រោយពី​ជួបចរចារ​គ្នា​ហើយ លោកស្រី​ខាត់ សុ​ឃីម បាន​ចេញមកក្រៅ​តុលាការ ត្រូវបាន​អ្នក​តវ៉ា​ចោទ​នាង​ខាត់ សុ​ឃីម​ថា បាន​ត្រូវរ៉ូវ​ជាមួយ​តុលាការ​។​ដោយឡែក​ការតវ៉ាថ្ងៃទី​២៩ ខែមេសា​នេះ នាង​ខាត់ សុ​ឃីម​និង​តំណាង​ផ្សេងទៀត មិន​ចូលទៅក្នុង​តុលាការ​ទេ ទើប​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង ចេញមកក្រៅ​តុលាការ​ពន្យល់​ផ្លូវច្បាប់​ជារួម​ដល់​អ្នក​តវ៉ា​វិញ​ម្តង​៕ ល/សរន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ