ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ប្រាប់ពលរដ្ឋបន្តប្រុងប្រយ័ត្នពីជំងឺកូវីដ

155
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ ត្បិតក្រសួងសុខាភិបាលរកមិនឃើញនូវអត្រាឆ្លងថ្មីនៃជំងឺកូវីដក៏ដោយ ក៏លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង នៅតែអំពាវនាវឱ្យពលរដ្ឋខ្លួនបន្តសហការប្រុងប្រយ័ត្ន និងទប់ស្កាត់ជំងឺនេះថែមទៀត។

ក្នុងពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រចំនួន​៣២​គ្រួសាររស់នៅក្នុងសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង ក្នុងក្រុងខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានទទូចសូមប្រជាពលរដ្ឋបន្តបង្កើនកិច្ចការពារ ធ្វើអនាម័យ និងប្រុងប្រយ័ត្នខ្ពស់ពីការឆ្លងជំងឺកូវីដ១៩ ជាមួយនឹងរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរជំនាញពាក់ព័ន្ធ ដើម្បីធានាបាននូវលុបបំបាត់មិនឆ្លងរីករាលដាលបន្តទៀត។

លោកស្រីប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និយាយថា ទោះបីជាក្រសួងសុខាភិបាលប្រកាសពីការថមថយចុះ និងរកមិនឃើញអត្រាឆ្លងជំងឺ​កូវីដ​១៩យ៉ាងណាក៏ដោយ ក៏សំណូមពរដល់ប្រជាពលរដ្ឋ ចាំបាច់អនុវត្តតាមការអប់រំណែនាំរបស់ក្រសួងសុខាភិបាល រក្សាឱ្យគម្លាតនៅឆ្ងាយពីគ្នា លាងដៃនឹងអាល់កុល សាប៊ូ និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវពេលចេញពីផ្ទះទៅទីជិតឆ្ងាយ។

លោកស្រី បន្ថែមទៀតថា ប្រសិនបើមានរោគសញ្ញាសង្ស័យពីជំងឺកូវីដនេះ សូមប្រញាប់​មកពិគ្រោះយោបល់ជាមួយនឹងក្រុមគ្រូពេទ្យ។ ព្រោះពិភពលោក នៅតែបង្ហាញក្តីបារម្ភពីការរីករាលដាលជំងឺកូវីដ១៩ដដែល។ ទន្ទឹមនោះ លោកស្រី មិថុនា ភូថង ពាំនាំមតិផ្តាំផ្ញើសាកសួរទុក្ខពីរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងគិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

សម្រាប់អ្នកមីង សួន សាត ពលរដ្ឋរស់នៅភូមិ៤ សង្កាត់ដងទង់ និងលោក អ៊ុង ណារ៉េត ពលរដ្ឋរស់នៅសង្កាត់ស្ទឹងវែង ដែលអ្នកទាំងពីរបានមកទទួលស្បៀងអាហារពីសាខា​កាកបាកក្រហមកម្ពុជាខេត្តកោះកុង សម្តែងនូវការអរគុណចំពោះអាជ្ញាធរ ពិសេសសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងដែលគិតគូរពីភាពលំបាករបស់ពួកគាត់។

តបនឹងការក្រើនរម្លឹករបស់លោកស្រី មិថុនា ភូថង ពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ បេ្តជ្ញា​ចិត្តចូលរួមអនុវត្តធ្វើអនាម័យសុខាភាពជាប្រចាំ ដើម្បីប្រឆាំងកូវីដ១៩នាពេលបច្ចុប្បន្ន។ ហើយ ពួកគាត់បារម្ភពីជំងឺដ៏កាចសាហាវខ្លាំងដែរ។

គិតត្រឹមថ្ងៃទី២៩ ខែមេសានេះ ប្រទេសកម្ពុជា មិនទាន់រកឃើញករណីថ្មីនៃកូវីដ-១៩ រយៈពេល១៧ថ្ងៃជាប់គ្នា ហើយក៏មិនទាន់មានអ្នកសះស្បើយបន្ថែមទៀតដែរ។ អ្នកសះស្បើយសរុប ១១៩នាក់ ក្នុងចំណោមអ្នកផ្ទុកកូវីដ-១៩សរុប ១២២នាក់ ពោលគឺអ្នកជំងឺនៅសល់​៣នាក់ទៀត។

កន្លងទៅ ក្រសួងសុខាភិបាលកម្ពុជា រួមទាំងអ្នកជំនាញអង្គការសុខភាពពិភពលោក នៅតែព្រមានពីភាពស្រួចស្រាល់នៃជំងឺកូវីដដដែល ថ្វីដ្បិតវានៅមិនទាន់ផុតរលត់ទាំង​ស្រុងនោះទេ។ ហើយក្រសួងសុខាភិបាល ក៏បានដាស់តឿនរឿយៗពីលទ្ធភាពនៃការរាល​ដាលជាសហគមន៍ផងដែរ ប្រសិនបើពលរដ្ឋមិនបានអនុវត្តវិធានអនាម័យឲ្យបានត្រឹមត្រូវ និងការរក្សាគម្លាតសុវត្ថិភាពទេនោះ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ