ផាក​អស់​១៥០០​ដុល្លារ ដោយសារ​តែ​ច្រឡំ ម៉ោង​១២​យប់​ថា​ជា​១២​ថ្ងៃត្រង់​

301
ចែករម្លែក

​បុរស​សិង្ហ​បុរី​វ័យ​២២​ឆ្នាំ​ម្នាក់ ត្រូវបាន​ផាកពិន័យ​អស់​១.៥០០​ដុល្លារ​សិង្ហ​បុរី​កាលពី​ថ្ងៃ​ពុធ​ទី​២៩​មេសា ដោយសារតែ​រំលោភ​បទបញ្ជា​ចត្តា​ឡី​ស័ក ដោយ​គាត់​បាន​ចាកចេញ​ពី​ផ្ទះ​នៅ​មុន​កាលបរិច្ឆេទ​ចត្តា​ឡី​​ស័ក​ត្រូវ​ចប់​។​

​តា​យ ជុន សៀន ទីប្រឹក្សា​ហិរញ្ញវត្ថុ​នៅ​ក្រុមហ៊ុន​AIA​បានគិត​ថា បទបញ្ជា​អោយ​ដាក់​ខ្លួន​នៅ​ដោយឡែក​ពី​គេ​នៅ​ក្នុងផ្ទះ​នោះ បាន​ចប់​នៅ​ម៉ោង​១២​ថ្ងៃត្រង់ តែ​តាមពិត​ម៉ោង​១២​យប់​សោះ នេះ​បើ​តាម​​ការបញ្ជាក់​របស់​មេធា​វី​របស់​លោក​ប្រាប់​តុលាការ​។​

តា​យ ជុន សៀន ដើរ​មក​កាន់​តុលាការ​កាលពី​ថ្ងៃ​២៩​មេសា ដោយសារ​រំលោភ​បំរាម​ចត្តា​ឡី​ស័ក​

​តុលាការ​បាន​ស្តាប់​សេចក្តីរាយការណ៍​ដែល​បង្ហាញ​ថា តា​យ​ត្រូវ​បាន​សង្ស័យ​ថា​ឆ្លងកូវី​ដ​១៩ និង​ត្រូវបាន​បញ្ជា​អោយ​នៅ​ក្នុងផ្ទះ​របស់​លោក​ពី​ថ្ងៃ​១៩​មីនា​ដល់​ម៉ោង​១២​យប់​ថ្ងៃ​២២​មីនា តែ​នៅ​ម៉ោង​១២​កន្លះ​ថ្ងៃត្រង់​នៅ​ថ្ងៃ​២២​មីនា តា​យ​បាន​ចាកចេញ​ពី​ផ្ទះ​ល្វែង​របស់​គាត់​និង​ដើរ​ទៅ​ផ្សារ​អាហារ​មួយ​ដើម្បីរ​កអី​ស៊ី​។​

​តា​យ​បាន​សារភាព​ទទួលទោស​ថា​បាន​រំលោភ​បទបញ្ជា​ចត្តា​ឡី​ស័ក ហើយ​រដ្ឋ​អាជ្ញាធរ​បាន​សុំ​អោយ​ផាកពិន័យ​១.៥០០​ដុល្លារ​ប៉ុណ្ណោះ ដោយសារ​គាត់​ទើប​ប្រព្រឹត្ត​ខុស​លើកដំបូង​និង​បាន​ឆ្លើយ​ទទួលទោស​​កំហុស​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​២៩​មេសា មនុស្ស​៤​នាក់​ត្រូវបាន​នាំ​ឡើង​តុលាការ​និង​ចោទប្រកាន់ថា​រំលោភ​បទបញ្ជា​ទប់ស្កាត់​កូវី​ដ​១៩ មាន​ចាប់តាំងពី​ជេរប្រមាថ​មន្ត្រី​ចត្តា​ឡី​ស័​កនិង​ចាក​ចេញពី​កន្លែង​នៅ​​ដាច់​ពី​គេ​ដោយ​គ្មាន​ហេតុផល​សមស្រប​។​

​គិត​មក​ត្រឹម​ថ្ងៃ​ពុធ​ទី​២៩​មេសា សិង្ហ​បុរី​មាន​អ្នក​កើតកូ​វីដ​១៩​លើ​១៥.០០០​នាក់ នៅពេល​មនុស្ស​៦៩០​នាក់​ទៀត​បាន​ឆ្លង​។​ភាគច្រើន​នៃ​អ្នក​ឆ្លង​ជំងឺ​នេះ ជា​កម្មករ​បរទេស​ដែល​មាន​សិទ្ធិ​ធ្វើការ​និង​រស់នៅ​​ជុំ​គ្នា​នៅ​សិង្ហ​បុរី​។​

​បើ​តាម​ក្រសួង​សុខាភិបាល​សិង្ហ​បុរី ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​៦៩០ មានតែ​៦​ករណី​ទេ​ដែល​ជា​ជនជាតិ​សិង្ហ​បុរី​និង​អ្នក​រស់នៅ​អចិន្ត្រៃយ៍​នៅ​ទីនោះ​។​ចំនួន​ឆ្លង​ចុងក្រោយ​នេះ​ធ្វើអោយ​សិង្ហ​បុរី​មាន​អ្នក​ឆ្លង​​សរុប​១៥.៦៤១​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

បុគ្គល​ដែល​ឡើង​តុលាការ​កាលពី​ថ្ងៃ​ពុធ ដោយសារ​រំ​លោព​បទបញ្ជា​ចត្តា​ឡី​ស័ក​

ទីតាំងផ្សាយពាណិជ្ជកម្ម