អង្ករ១០តោនរបស់សមាជិកព្រឹទ្ធ សភាមួយរូប និងជាចំណែកសំខាន់សម្រាប់បម្រើសកម្មភាពមនុស្សធម៌

250
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ ខណៈពេលដែលរាជរដ្ឋាភិបាលកំពុងប្រឈមក្នុងការដោះស្រាយ ក្តីលំបាកនានានោះ កិច្ចចូលរួមចំណែកតាមរយៈការផ្តល់អំណោយផ្សេងៗសម្រាប់បម្រើសកម្មភាពមនុស្សធម៌ជាបញ្ហាដ៏ប្រពៃបំផុត។

នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោកប្រាក់ ចំរើន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារបាននាំយកអង្ករទម្ងន់១០តោនឧបត្ថម្ភដល់សាខាកាកបាទក្រហមខេត្តកំពតដើម្បីប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌សម្រាប់ដែនដីនៃខេត្តនេះ។

ក្នុងឱកាសផ្តល់អំណោយខាងលើ សមាជិកព្រឹទ្ធសភារូបនោះបានមានប្រសាសន៍ថានេះជាលើដំបូងដែលក្រុមគ្រួសាររបស់លោកមានឱកាសផ្តល់អំណោយជូនសាខាកាកបាទក្រហមខេត្តកំពតសម្រាប់ជួយដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះនៅខេត្តកំពតទាំងមូល។ ទោះបីស្ថិតក្នុងកម្រិតតិចតួចក្តី ប៉ុន្តែជាសន្តានចិត្តដែលកើតចេញពីធន ធានគ្រួសារផ្ទាល់ ព្រោះមានបំណងរួមចំណែកដោះស្រាយក្តីលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ប្រសិនបើក្រុមគ្រួសារលោកនៅមានលទ្ធភាព នោះការធ្វើជាអំណោយនឹងកើតមានបន្តបន្ទាប់ទៀតក្នុងន័យភ្ជាប់មនោសញ្ចេតនាជាមួយសាខាកាកបាទក្រហម និងប្រជាពលរដ្ឋនៃខេត្តកំពតនេះ។

ឆ្លើយតបចំពោះទឹកចិត្តដ៏ជ្រះថ្លាខាងលើ លោកជាវ តាយ ប្រធានគណៈកម្មាធិការកាក​បាទក្រហមកម្ពុជាសាខាខេត្តកំពតបានមានប្រសាសន៍ថាអំពើសប្បុររសរបស់លោកប្រាក់ ចំរើន និងក្រុមគ្រួសារជាកិច្ចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រាលក្តីលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងប្រឈមដោះស្រាយបញ្ហារាប់រយជំពូក។ ក្នុងនាមគណៈ កម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត លោកសន្យាថា នឹងយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លានេះ ទៅប្រើប្រាស់ឱ្យបានចំគោលដៅស្រតាមបំណងប្រាថ្នារបស់ម្ចាស់ទានពិតប្រាកដ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម