កុំ​ប្រើ​ទឹក​សម្លាប់​មេរោគ លើ​ហ្វេ​ស​ប៊ុ​ក Ah Thy Online Shop, Toys World, NYDA Shop, Cottage of beauty និង The MVC Shopping

224
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អះអាងថា ក្រសួង​នឹង​ចាត់វិធានការ​តឹងរ៉ឹង​ទៅតាម​ច្បាប់​ជា​ធរមាន ប្រឆាំង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន ៥ គឺ​៖ ១. Ah Thy Online Shop, ២. Toys World, ៣. NYDA Shop, ៤. Cottage of beauty និង ៥. The MVC Shopping ដោយសារ​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំង ៥ នេះ កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​សម្លាប់​មេរោគ​ជាច្រើន​ប្រភេទ គ្មាន​ទិដ្ឋាការ ឬ បញ្ជិកា ឬ ប្រវេទន៍​ពី​ក្រសួងសុខាភិបាល ។​


​សេចក្តីប្រកាស​ដដែលរ​បស់​ក្រសួងសុខាភិបាល ពន្យល់ថា អនុលោម​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ រាល់​ការ​ចរាចរ​ផលិត​ផលឱសថ​សម្លាប់​មេរោគ ក៏ដូចជា គ្រឿងសម្អាង​គ្រប់​ប្រភេទ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវមាន​លេខ​ទិដ្ឋាការ ឬ បញ្ជិកា ឬ ប្រវេទន៍​ពី​ក្រសួងសុខាភិបាល ហើយ​រាល់​ការផ្សព្វផ្សាយ​ផលិតផល​ទាំងនេះ ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ។


​ហេតុនេះ​ក្រសួងសុខាភិបាល បានបញ្ជាក់​ឡើងវិញ​ថា ដើម្បី ចៀសវាង​ការខាតបង់​ប្រាក់កាស និង ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ទៀត​នោះ សូម​សាធារណជន​ទាំងអស់ កុំ​ទិញ កុំ​ប្រើប្រាស់​ផលិតផល​សុខាភិបាល​ទាំងឡាយណា ដែល​គ្មាន​លេខ​ទិដ្ឋាការ ឬ បញ្ជិកា ឬ ប្រវេទន៍ ពី​ក្រសួងសុខាភិបាល​ឡើយ ព្រោះ​ផលិតផល​ទាំងនោះ មិនអាច​ធានាបាន​នូវ​គុណភាព ស្របតាម​បទដ្ឋាន​កំណត់​ឡើយ ។​


​ករណី​ត្រូវការ​ព័ត៌មាន​បន្ថែម ពី​ក្រសួងសុខាភិបាល សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ៖ ០១១ ៥៧៤ ៧៨៧ , ០១២ ៩៨៣ ៣៣៤ , ០១២ ៨៩២ ០២២ , ០១២ ៥៦២ ៤៤៦ , ០១៧ ៦០៦ ៦៧០ , ០១៧ ៨៦៦ ៧៦០ ។​


​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ធ្លាប់បាន​ក្រើនរំឭក​ដល់​សាធារណជន​ម្តង​ហើយ​ម្តង​ទៀតថា ចំពោះ​ផលិតផល​នានា ជាពិសេស​គ្រឿងសម្អាង និង ផលិតផល​ឱសថ​ជាដើម ដែល​ប្រកាស​លក់​តាម​អន​ឡាញ គួរតែ​ចៀសវាង​ការទិញ ព្រោះ​ផលិតផល​ទាំងនោះ ភាគច្រើន​មិនមាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ឡើយ ហើយក៏​គ្មាន​ការត្រួត​ពិត​និត្យ​គុណភាព​ដែរ ដែល​បានសេចក្តីថា ការ​ប្រឈម​នឹង​ហានិភ័យ ឬ គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​គឺមាន​កម្រិត​ខ្ពស់ ។ ប៉ុន្តែ​ប្រសិនបើ​បានជា​សម្រេចចិត្ត​ទិញ​ផលិតផល​ណាមួយ​តាម​អន​ឡាញ កិច្ចការ​ដំបូង​ដែល​គេ​ចាំបាច់​ត្រូវតែ​ធ្វើ​ដោយ​កុំ​រំលង​នោះ គឺ​ត្រូវតែ​ពិនិត្យមើល​ច្បាប់​នានា​ពី​ក្រសួងសុខាភិបាល ដូចជា​ច្បាប់​នាំចូល ច្បាប់​លក់​ចែកចាយ និង ច្បាប់​ផ្សព្វផ្សាយ​លក់​ជាដើម ឱ្យបាន​ច្បាស់លាស់​ជាមុនសិន ៕ Kh/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម