អគ្គលេខាធិការ​អាស៊ាន ប្រកាស​ពី​វិធានការ និង​យន្តការ​ដោះស្រាយ​វិបត្តិ​កូ​វីដ​១៩ ដើម្បី​ស្រោចស្រង់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​

219
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ក្រោយ​បើក​កិច្ចពិភាក្សា​ពិសេស (M-ATM) ស្តីពី​ជំងឺ​កូ​វីដ​១៩ ជាមួយ​បណ្ដា​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន នា​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០​នេះ​រួចមក អគ្គលេខាធិការ​អាស៊ាន លោក លីម ចុក​ហូ​យ (LIM Jock Hoi) បានចេញ​សេចក្តីរាយការណ៍​ស្តីពី​វិធានការ និង​យន្តការ​អាស៊ាន​ក្នុងការ​ដោះស្រាយ​វិបត្តិ​កូ​វីដ​-១៩ ដើម្បី​ស្រោចស្រង់​វិស័យ​ទេសចរណ៍ក្នុង​តំបន់​ឱ្យមាន​ភាពប្រសើរ​បណ្ដើរៗ​មកវិញ​។ នេះ​បើតាម​វេ​ប​សាយ​ក្រ​សួ​ងទេសចរណ៍​បាន​ផ្សាយ​ឲ្យដឹង​នា​ថ្ងៃទី​២៩​ខែមេសា​។​

​លោក លីម បានឱ្យដឹងថា បច្ចុប្បន្ន​ជំងឺ​រាតត្បាត​សកល​មួយ​នេះ​នៅតែ​បន្ត​ធ្វើឱ្យ​ពិភពលោក និង​តំបន់​អាស៊ាន​មាន​ភាពច្របូកច្របល់​។ វា​បាន​ឆក់យក​អាយុជីវិត​មនុស្ស​ជាច្រើន ព្រមទាំង​បាន​រំខាន​ដល់ វិស័យសេដ្ឋកិច្ច​របស់​អាស៊ាន​ថែមទៀត​ផង​។ នៅក្នុង​តំបន់​អាស៊ាន ករណី​ស្លាប់​ប្រមាណ ១៨០០​ករណី និង​ករណី​ឆ្លង​ប្រមាណ ៤៥០០០​នាក់ ត្រូវបាន​កត់ត្រា និង​ធ្វើ​បច្ចុប្បន្នភាព ហើយ​រហូតមក​ដល់ពេលនេះ​មនុស្ស​រាប់លាន​នាក់​នៅតែ​ស្ថិតនៅក្នុង​ហានិភ័យ​នៃ​ការឆ្លង​។​


​នៅ​ទូទាំង​តំបន់ វិធានការ​សុខភាព​ត្រូវបាន​ពង្រីក​គួរ​ឲ្យ​កត់សម្គាល់ រួមមាន​៖ ការបិទ​ប្រទេស និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ជាដើម ត្រូវបាន​អនុវត្ត​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស និង​បន្ត​ការពារ​ជីវិត និង​ជីវភាព​របស់​ប្រជាជន​។​

​ទោះបី​ជាមាន​បញ្ហា​ទាំងអស់នេះ​ក៏ពិតមែន ប៉ុន្តែ​វិបត្តិ​សុខភាព​នេះ​បាននិងកំពុង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ប្រជាជន និង​វិស័យសេដ្ឋកិច្ច​របស់​អាស៊ាន រាប់​ចាប់ពី​ការរំខាន​ដល់​ចង្វាក់​ពាណិជ្ជកម្ម ការផ្គត់ផ្គង់ ការបិទ​អាជីវកម្ម រហូតដល់​ការបាត់បង់​ការងារ​ជាដើម​។​

​ជាការ​ពិតណាស់ នៅក្នុង​វិស័យ​ដែល​រង​ការវាយប្រហារ​ខ្លាំង​បំផុត ដូចជា អាជីវកម្ម បដិសណ្ឋារកិច្ច ដឹកជញ្ជូន និង​ទេសចរណ៍ អាជីវកម្ម​ខ្នាតតូច​មួយចំនួន​ធំកំ​ពុង​ដំណើរការ ហើយ​កម្មករ​រាប់ពាន់នាក់​មានការ​ងា​រ​ធ្វើ​។ ប៉ុន្តែ​ចាប់តាំងពី​ពេលដែល​អាស៊ាន​ប្រឈមមុខ​នឹង​ជំងឺ​រាតត្បាត​នេះ​មក ការប្តេជ្ញាចិត្ត​ក្នុង​តំបន់​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​នេះ គឺ​នៅតែមាន​ភាពខ្លាំង​ក្លា​។ ជាក់ស្តែង បណ្តា​ប្រទេស​អាស៊ាន​សុទ្ធតែ​អាចឆ្លើយតប​ជាមួយនឹង​សកម្មភាព​ដែលមាន​ការសម្រេចចិត្ត គោលដៅ និង​វិធានការ​។ លោក​មាន​ទំនុកចិត្ត​ថា តំបន់​អាស៊ាន​អាច​ជម្នះ​បញ្ហា​ប្រឈម​នេះ​បាន​។​

លោក លីម បាន​បន្តថា ចាប់តាំងពី​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​មក បណ្តា​ប្រទេស​អាស៊ាន​បាន​ចាត់វិធានការ​ទាន់ពេល​វេលា និង​មាន​ទំនួល​ខុសត្រូវ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ​។ កិច្ចសហប្រតិបត្តិការ​វិស័យ​សុខាភិបាល​អាស៊ាន​បាន​បង្កើត​យន្តការ​ត្រៀម​ឆ្លើយតប​ថ្នាក់ជាតិ និង​តំបន់ ចំពោះ​ការគំរាមកំហែង​ជា​សាធារណៈ ដែល​លទ្ធផល​បង្ហាញ​អំពី​ការរកឃើញ​ករណី​ឆ្លង​ភ្លាមៗ ការផ្តល់សេវា​វេជ្ជសាស្ត្រ ការតាមដាន និង​ការលើកកម្ពស់​ការយល់​ដឹង​ជា​សាធារណៈ និង​ការទំនាក់ទំនង​ជាដើម​។ ក្នុង​សកម្មភាព​ទាំងអស់នេះ វិស័យ​ទេសចរណ៍ គឺជា​វិស័យ​ដំបូង​គេ​ដែល​បាន​ឆ្លើយតប​ដោយបាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍ ព្រមទាំង​ដំបូន្មាន​អំពី​ការធ្វើដំណើរ​ផងដែរ​។​ចំពោះ​ការឆ្លើយតប​ផ្នែក​នយោបាយ ក៏មាន​ភាពរឹងមាំ និង​ទាន់ពេលវេលា​ដែរ​។ នៅ​ដើមខែ​កុម្ភៈ ថ្នាក់ដឹកនាំ​របស់​អាស៊ាន​បានចេញ​នូវ​សេចក្តីប្រកាស​របស់​ប្រធាន​អាស៊ាន ស្តីពី​តម្រូវការ​ការឆ្លើយតប​ជា​សមូហភាព​ប្រឆាំងនឹង​រោគរាតត្បាត តាមរយៈ​ការចែករំលែក​ព័ត៌មាន និង​ការសម្របសម្រួល​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​។​

​កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ ២០២០ ថ្នាក់ដឹកនាំ​របស់​អាស៊ាន​បានចេញ​សេចក្តីថ្លែងការណ៍​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស ស្តីពី​កូ​វីដ​-១៩ ដែល​បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ធ្វើការ​រួមគ្នា ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​នៃ​វិបត្តិ​កូ​វីដ​-១៩​។ ថ្នាក់ដឹកនាំ​ក៏បាន​គាំទ្រ​លើ​ការបង្កើត​មូលនិធិ​សម្រាប់​ឆ្លើយតប​កូ​វីដ​-១៩ របស់​អាស៊ាន ដើម្បី​ប្រឆាំងនឹង​កូ​វីដ​-១៩ ហើយ​បាន​យល់ព្រម​ឯកភាព​ឱ្យ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​រៀបចំ​ផែនការ​បន្ទាប់ពី​ជំងឺ​រាតត្បាត​បញ្ចប់ (Post-Recovery Plan)​។​
​ម្យ៉ាងទៀត ថ្នាក់ដឹកនាំ​ទាំងអស់​បាន​គូសបញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​របស់​ក្រុមការងារ ក្រុមប្រឹក្សា​អាស៊ាន សម្របសម្រួល​ភាពអាសន្ន​លើ​សុខភាព​សាធារណៈ (ACCWG-PHE) ដើម្បី​គាំទ្រ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន ក្នុងការ​ឃ្លាំមើល ការសម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​រវាង​សសរស្តម្ភ ក្នុងការ​ឆ្លើយតប​ទៅនឹង​កូ​វីដ​-១៩ និង​បង្ហាញ​បញ្ហា​ប្រឈម​ខាង​ផ្នែក សេដ្ឋកិច្ចសង្គម​។​

​ចំពោះ​ផ្នែក​សេដ្ឋកិច្ច​វិញ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​របស់​អាស៊ាន​បានបញ្ជាក់​ជាថ្មី អំពី​សកម្មភាព​បន្ថែមទៀត​ដើម្បី​លើកកម្ពស់​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ ដោយ​រក្សា​ទីផ្សារ​បើកចំហ ពង្រឹង​ការតភ្ជាប់​ខ្សែចង្វាក់​ផ្គត់ផ្គង់ និង​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ដូចគ្នានេះដែរ រដ្ឋមន្ត្រី​កសិកម្ម​របស់​អាស៊ាន​ក៏បាន​អំពាវនាវ​ឱ្យមាន​ការខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​លើកកម្ពស់​សន្តិសុខ​ស្បៀង​នៅពេល​ដែលមាន​ជំងឺ​រាតត្បាត​កើតឡើង​។ សូម្បីតែ​ដៃគូ​របស់​អាស៊ាន​ដែល​មកពី​ប្រទេស​ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​អង្គការ​អន្តរជាតិ​ដទៃទៀត បាននិងកំពុង​សហកា​រ​ជាមួយ​អាស៊ាន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ​។​

​ជាក់ស្តែង ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​បូក​៣ មន្ត្រី​សុខាភិបាល​បាននិងកំពុង​ធ្វើការ​ជាមួយគ្នា ដើម្បី​សម្រួល​ដល់​ការអភិវឌ្ឍ​ដ៏​ឆាប់រហ័ស និង​ចែកចាយ​ឧបករណ៍​វិនិច្ឆ័យ​រោគ ថ្នាំ​ប្រឆាំងនឹង​មេរោគ និង​វ៉ាក់សាំង​នៅក្នុង​អាស៊ាន​។​
​នា​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​បូក​បី​ស្តីពី​ជម្ងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ ថ្នាក់​នាំ​អាស៊ាន ចិន ជប៉ុន និង​កូរ៉េ បានបញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត ចូលរួម​ជាមួយ​អាស៊ាន​ក្នុងការ​អនុវត្ត​វិធាន​ការរួម ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ធ្វើការ​ឆ្ពេាះ​ទៅ​ការ​ស្តារឡើងវិញ បន្ទាប់ពី​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ត្រូវ​បានបញ្ចប់ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ភាពរឹងមាំ​សេដ្ឋកិច្ច ស្តារ​កំណើន​ឡើងវិញ ការតភ្ជាប់ និង​ទេសចរណ៍ រក្សា​ស្ថិរភាព ទីផ្សារ និង​ទប់ស្កាត់​ហានិភ័យ​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​។​

​ជាថ្មី​ម្តងទៀត ការស្តារ​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ ត្រូវបាន​បញ្ជាក់ថា​ជា​វិស័យ​អាទិភាព​បន្ទាន់​មួយ តម្រូវ​ឲ្យ​មានការ​សម្របសម្រួល​ស​កម្ម​ភាព​ក្រោម​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​បូក ៣​។​
​នេះ​គឺជា​កន្លែង​ដែល​អាស៊ាន​កំពុង​ឈរ ក្នុងការ​ឆ្លើយតប​ទៅនឹង​រោគរាតត្បាត​នេះ​។ វា​គឺ​ពិតជា​ពេលវេលា​មួយ​ដែល​មិន​ប្រាកដប្រជា ហើយ​បញ្ហា​ប្រឈម​របស់​អាស៊ាន​ពេលនេះ​គឺ អាស៊ាន​នៅ​មិនទាន់​ដឹង​ពី​ជម្រៅ និង​រយៈពេល​នៃ​វិបត្តិ​នេះ​នៅឡើយ​ទេ ដូច្នេះ​ទំហំ និង​ភាពស្មុគស្មាញ​នៃ​វិបត្តិ​នេះ​ក៏​នៅតែ​មិន​ប្រាកដប្រជា​ដូចគ្នា​។ កាន់តែ​អាក្រក់​ជាងនេះទៅទៀត​នោះ ផលប៉ះពាល់​ខាង​ផ្នែក​សេដ្ឋកិច្ចសង្គម​នៃ​ជំងឺ​រាតត្បាត​នេះ កាន់តែ​អាក្រក់​ទៅៗ​។​
​លោក​ថា ដោយ​ស្ថិតនៅ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ច​អាស៊ាន​បច្ចុប្បន្ន​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​កើនឡើង ១ភាគរយ តិចតួច​បំផុត​នៅក្នុង​ឆ្នាំនេះ​។ វិស័យ​ទេសចរណ៍​របស់​អាស៊ាន​ក៏​នឹង​ទទួលរង​ផលប៉ះពាល់​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​អវិជ្ជមាន​នេះ​ផងដែរ​។​

​យោងតាម​រយៈ​អង្គការ​ទេសចរណ៍​ពិភពលោក តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​នឹង​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ពី​ជំងឺ​រាតត្បាត ដែល​ក្នុងនោះ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​នៅក្នុង​តំបន់​បាន​ធ្លាក់ចុះ​ពី ៩-១២ ភាគរយ​នៅ​ឆ្នាំនេះ​។ មិនជា​ចម្ងល់​អ្វី​នោះទេ​ដែលថា ខែ​ខាងមុខនេះ​អាច​នឹងមាន​ការលំបាក​អ្វី​ផ្សេងទៀត​កើតឡើង​នោះ ប៉ុន្តែ​តំបន់​អាស៊ាន​នេះ​ត្រូវតែ​បន្ត​ឆ្លើយតប​ជា​សមូហភាព​ជានិច្ច​។​
*​ចំណុច​ទី​១៖ សកម្មភាព​គោលនយោបាយ ត្រូវតែ​ពង្រឹង និង​សម្របសម្រួល​ឱ្យទាន់​ពេលវេលា​។ បន្ថែម​ពីលើ​វិធានការ​ទប់ស្កាត់​ចាំបាច់​នានា ដូចជា​ការបង្កើន​ការចំណាយ​លើ​ការថែទាំ​សុខភាព ដើម្បី​សង្គ្រោះ​អាយុជីវិត ការស្ដារ​ជីវភាព​គ្រួសារ អាជីវកម្ម​ក៏​ជាការ​កត្តាចាំបាច់​មួយ​ផងដែរ​។​

​វិស័យ​ទេសចរណ៍​របស់​អាស៊ាន​គួរតែ​អាច​បង្កើន​តម្រូវការ និង​ធ្វើឱ្យ​អាជីវកម្ម​វិល​ត្រលប់​មករក​ភាពប្រក្រតី​វិញ​បាន ដោយ​គាំទ្រ​គោលនយោបាយ​មួយចំនួន ដូចជា ការផ្តល់ប្រាក់​ឧបត្ថម្ភ​ប្រាក់​ឈ្នួល ការផ្ទេរ​សាច់ប្រាក់ និង​ប្រាក់កម្ចី​សម្រាប់​អាជីវកម្ម​។ នេះ​គឺជា​សកម្មភាព​ចាំបាច់​ណាស់​ក្នុងការ​ការពារ​គ្រួសារ និង​អាជីវកម្ម​ខ្នាតតូច​នៅក្នុង​វិស័យ​ទេសចរណ៍ ដែល​ប្រឈម​នឹង​ជំងឺ​រាតត្បាត​មួយ​នេះ​។​


*​ចំណុច​ទី​២៖ ដែលជា​ចំណុច​សំខាន់​មួយ​ផង​នោះ អាស៊ាន​ត្រូវ​ចាប់ផ្តើម​គិតគូ​រអំពី​ផែនការ​ស្តារឡើងវិញ​សម្រាប់​អាស៊ាន​ក្រោយ​ជំងឺឆ្លង​នេះ​ត្រូវ​បានបញ្ចប់​។ អាស៊ាន​ត្រូវ​ព​ន្លឿ​ន​វិស័យសេដ្ឋកិច្ច​របស់ខ្លួន​ឱ្យបាន​ឆាប់រហ័ស ដោយ​ការស្ដារ​ឡើងវិញ​នូវ​តម្រូវការ​ផ្សេងៗ​។​

​តាមរយៈ​ការឆ្លងកាត់​ផែនការ​ស្តារឡើងវិញ​ពេល​មាន​វិបត្តិ​កន្លងទៅ ដូចជា​ការរីក​រាលដាល​នៃ​ជំងឺសារ (SARS) ក្នុង​ឆ្នាំ​២០០៣ និង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ក្នុង​ឆ្នាំ​២០០៨ វិស័យ​ទេសចរណ៍ គឺជា​វិស័យ​ដ៏​សំខាន់​មួយ​សម្រាប់​បង្កើត​ការងារ និង​ប្រាក់ចំណូល​។ សម្រាប់​ជំងឺ​រាតត្បាត​នេះ​វិញ វា​ក៏​មិនមែនជា​ករណី​ខុសគ្នា​ប៉ុន្មាន​ដែរ វិស័យ​ទេសចរណ៍​គួរតែ​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ស្តារឡើងវិញ​របស់​តំបន់​អាស៊ាន​។​
​សេចក្តីប្រកាស​រួម​របស់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ពង្រឹង​វិស័យ​ទេសចរណ៍​អាស៊ាន​ឱ្យមាន​ភាពប្រសើរ​ឡើងវិញ​នា​ថ្ងៃនេះ នឹង​បញ្ជាក់​ពី​ការត្រៀមខ្លួន និង​ការប្តេជ្ញាចិត្ត​របស់​អាស៊ាន ដើម្បី​ធ្វើការ​ឆ្ពោះទៅរក​ការស្តារ​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​អាស៊ាន ក៏ដូចជា​តំបន់​អាស៊ាន​ទាំងមូល​។​

​លោក លីម ចុក​ហូ​យ បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​របស់​អាស៊ាន​ចាប់ផ្តើម​ធ្វើការ​វាយតម្លៃ​ឱ្យបាន​ត្រឹមត្រូវ​អំពី​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​មួយ​នេះ មកលើ​វិស័យ​ទេសចរណ៍ និង​បង្កើត​យុទ្ធសាស្ត្រ​រយៈពេល​វែង​សម្រាប់​វិស័យ​ទេសចរណ៍​ដែលមាន​ភា​រឹងមាំ និង​និរន្តរភាព​នៅក្នុង​តំបន់​។​

​លើសពីនេះ លោក​បាន​លើកទឹកចិត្ត​ឱ្យ​បង្កើន​ការចែករំលែក​ព័ត៌មាន និង​ផ្លាស់ប្តូរ​ការអនុវត្ត​ន៍ល្អៗ ដើម្បី​ជួយ​ដល់​វិស័យ​ទេសចរណ៍​អាស៊ាន​ឱ្យ​ឆ្លើយតបបាន​កាន់តែ​ប្រសើរឡើង ចំពោះ​ជំងឺ​រាតត្បាត​ផ្សេងៗ​ទៀត​នាពេល​អនាគត​។​


​បន្ថែម​លើ​នេះ​ទៅទៀត​នោះ លោក លីម បាន​បន្ត​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ធ្វើការ​រួមគ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​នេះ ដោយមាន​សាមគ្គីភាព ការប្តេជ្ញាចិត្ត និង​សេចក្តីសង្ឃឹម តំបន់​អាស៊ាន​នឹង​ទទួលបាន​ជោគជ័យ​ជាក់​ជាមិនខាន​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម