រថយន្ត​ធំ​១​គ្រឿង ទំនងជា​ដាច់​ហ្វ្រាំង ចុះ​ចំណោត​បុក​រះ​ផ្ទះ​ពលរដ្ឋ​អស់​៤​កន្លែង បង្ក​ឲ្យ​របួស​មនុស្ស​និង​ខូចខាត​ទ្រព្យសម្បត្តិ​

195
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: មាន​រថយន្ត​ធុន​ធំ​មួយគ្រឿង​បើក​ជ្រុលបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​កន្លែង និង​ឃ្លាំង​រថយន្ត​មួយកន្លែង​ទៀត​សរុប​៤​ទីតាំង​ទើប​អស់ខ្យល់ ឈប់​ជាប់គាំង​នៅ​កន្លែង បណ្តាល​ឲ្យ​អ្នករួមដំណើរ​លើ​រថយន្ត​ម្នាក់​រងរបួស​មធ្យម និង​ពលរដ្ឋ​ខ្លះទៀត​ដែលជា​ម្ចាស់ផ្ទះ​រងរបួស​តិចតួច ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ដល់​ជីវិត​ទេ​។​

​ករណីនេះ​កើតឡើង នៅតាម​ផ្លូវ​បេតុង​ចុះ​ពី​ចំណោត​ឃ្លាំង​លើ មក​អូ​រ២ ស្ថិតក្នុង​សង្កាត់​០៤ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី រសៀល​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០២០ ។​

​របាយការណ៍​បឋម​ថា រថយន្ត​ធំ​១​គ្រឿង​នេះ ដឹក​សម្ភា​រសំណង់ ពាក់​ផ្លាក​លេខ​ព្រះសីហនុ 3A-3000 រថយន្ត​នេះ​ទំនងជា​ដាច់​ហ្វ្រាំង​។

​សមត្ថកិច្ច​ប្រាប់ថា ផ្ទះ​និង​ឃ្លាំង​បាន​រង​ការប៉ះពាល់​និង​ខូចខាត​ទ្រព្យសម្បត្តិ​រួមមាន ៖ ផ្ទះ​ទី​១/ ជា​ផ្ទះ​ជួសជុល​ម៉ូតូ ម្ចាស់ផ្ទះ​ឈ្មោះ​ចាន់ ឃឹម​ស្រី​អាយុ​៣៩​ឆ្នាំ​ ខូចខាត​ផ្ទះ​និង​ខូចខាត​ម៉ូតូ​ចំនួន​៣​គ្រឿង​។ ផ្ទះ​ទី​២/​ផ្ទះ​លក់​នំ​បុ័ង ម្ចាស់ផ្ទះ​ឈ្មោះ​ខុន ស្រី​វន​ អាយុ​២០​ឆ្នាំ ខូចខាត​ផ្ទះ​និង​ខូចខាត​ទូ​ដាក់​នំ​។ ទី​៣ /​ឃ្លាំង​ដាក់​រថយន្ត ខូចខាត​ឃ្លាំង​និង​ខូចខាត​ទូ​កុង​តឺ​ន​រ័​មួយគ្រឿង​។ ទី​៤/​ផ្ទះជួល ម្ចាស់ផ្ទះ​ឈ្មោះ​ឆាង​ហ្វុ​ង ខូចខាត​សម្ភារ​មួយចំនួន​។

​ក្រោយ​កើតហេតុ អ្នកបើករថយន្ត​បង្ក​បាន​រត់គេចខ្លួន និង​មាន​អ្នករួមដំណើរ​លើ​រថយន្ត​ម្នាក់​ឈ្មោះ​ចាប ម៉ាក់ ​ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ ​រងរបួស​មធ្យម​។

​ករណីនេះ​សមត្ថកិច្ច​បានធ្វើការ​ដោះស្រាយ​តាម​នីតិ​វិធី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម