ងួន គា សាកកម្លាំងជាមួយ ជ័យ ស៊ីណេត

269
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
អ្នក​ប្រដា​ល់វ័យ​ចំណាស់ ២ រូប​គឺ ជ័យ ស៊ី​ណេ​ត ក្លិប​ឃ្លាំងមឿង​កីឡា និង ងួន គា ក្លិប​ខេត្ត​រតនគីរី នឹង​ជួប​សាក​កណ្ដាប់ដៃ​គ្នា លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ី អាគ្នេយ៍ នា​រសៀល ថ្ងៃទី​២ ខែឧសភា ខាងមុខនេះ ។​

​អ្នក​ប្រដាល់ ទម្ងន់ ៦០ គីឡូក្រាម ទាំង ២ រូបនេះ សុទ្ធតែ​មានមុខ​ស្វិត ដូចគ្នា ដែល មាន​ពេលខ្លះ គេ​ក្លាហាន រហូត​ហ៊ាន​ដាក់​មុខ ធ្វើ​ដើមទុន ដើម្បី​វ៉ៃ​ប្ដូរ​គ្នា​ទៀតផង ។ ស៊ី​ណេ​ត ជា​អ្នក​ប្រដាល់ មួយរូប ដែល​វ៉ៃ​មិន​បំពាន លើ​គូប្រកួត​ឡើយ គេ​ចូលចិត្ត​ប្រើ​បច្ចេកទេស ដើម្បី​យកឈ្នះ​គូប្រកួត ។ សូមបញ្ជាក់ថា ការ​វ៉ៃ​ចេញ​របស់ ស៊ី​ណេ​ត ធ្ងន់​ណាស់ អ្នក​ប្រដាល់​រូបនេះ ក៏​ការពារ​បានល្អ​ដែរ ។​

​ចំពោះ ងួន គា ក៏​ជា​អ្នក​ប្រដាល់ ដែល​មិន​បំពាន​លើ​គូប្រកួត​ដែរ មិនតែប៉ុណ្ណោះ អ្នក​ប្រដាល់​រូបនេះ ពុំ​ធ្លាប់​ត្រូវ​គូប្រកួត វាយ​ឱ្យ​សន្លប់​នោះទេ លើកលែងតែ មាន​របួស ហើយ​ត្រូវ​គ្រូពេទ្យ បញ្ឈប់​ប៉ុណ្ណោះ ។ អ្នក​ប្រដាល់​រូបនេះ ក៏​ពូកែ​កណ្ដាប់ដៃ​ដែរ តែ​ការ​វ៉ៃ​ចេញ​របស់គេ មិនសូវ​ធ្ងន់ និង​មិនសូវ​ច្បាស់ ដូច ស៊ី​ណេ​ត​ឡើយ ។ នរណា ជា​អ្នក ឈ្នះ ? ។​

​ធា វាសនា ក្លិប​ខេត្ត​រតនគីរី ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់ ថៃ រ៉េត មកពី​ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ដោយ​ពួកគេ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ពួកគេ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ដូចគ្នា តែមួយ​រយៈ​នេះ គេ​បាន​បង្ក្រាប អ្នក​ប្រដាល់​ជើងចាស់ បាន​មួយចំនួន​ហើយ ។ ការ​វ៉ៃ​ចេញ​របស់​ពួកគេ មិនសូវ​ច្បាស់​ទេ តែ​ចិត្ត​ពួកគេ ធំ​ដូចគ្នា ។ នៅលើ​សង្វៀន គេ​ដឹង​តែ​សម្រុក​វ៉ៃ​គ្នា ដោយ​មិនសូវ រវល់​នឹង​ការការពារ​ឡើយ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​មានឱកាស​ឈ្នះ ដូចគ្នា តែ​អ្វីៗ គឺ​ស្ថិតនៅលើ​សំណាង ។​

​សួរ ចាន់​រាជ ក្លិប​ជ្រៃ​សែន​ជ័យ ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង ស្រករ​ក្រោយ ប៊​ន ពន្លឹក មកពី​ក្លិប​នាគរាជ​ចតុមុខ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ មាន​ប្លង់​វ៉ៃ​ល្អ​ដូចគ្នា និង​វ៉ៃ មាន​ច​រឹក​ឆេវ ឆាវ ដូចគ្នា​ទៀតផង​។ ជា​អ្នក​ប្រដាល់ ដែល​ចូលចិត្ត​ប្រើ កែង​វាយប្រហារ​គ្នា​នោះ គេ​មិនសូវ​ខ្វល់ ពី​ការការពារ​នោះទេ​។ មិនដឹងថា នរណា ជា​អ្នកមាន​សមត្ថភាព ដណ្ដើម​ជ័យជំនះ​នោះទេ តែ​សម្រាប់​ពួកគេ​ទាំង ២ រវាង​អ្នកឈ្នះ និង​អ្នកចាញ់ ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា ជាមិនខាន​ឡើយ ។​

​សឿន ឆ្នើម ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ អ៊ុង កំសត់ ក្លិប​ព្រៃ ទទឹង​កីឡា ខេត្តបាត់ដំបង ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ ៦៣,៥០ គីឡូក្រាម​។ ជីវិត​លើស​ង្វៀន​របស់ កំសត់ ចាស់វស្សា​ជាង សឿន ឆ្នើម តែ​កំសត់ មិនមែនជា​អ្នក​ប្រដាល់ ដែលមាន​ឈ្មោះ​បោះ​សម្លេង​នោះទេ​។ ទោះបី​គេ តែងតែ​ចូលរួម ក្នុង​ព្រឹត្តិការណ៍ ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន ព្រឹត្តិការណ៍ ក៏ពិតមែន តែ​កំសត់ មិនដែល​ប្រជែង​បាន​ជ័យជំនះ ឬ បាន​ឡើង ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នោះទេ ។ ចំណែក សឿន ឆ្នើម ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ដែលមាន​អំណួត​បន្តិច ទោះបី​គេ ក្លាហាន និង​វ៉ៃ ចូលចិត្ត​ប្ដូរ ក៏ពិតមែន តែ​ការ​វ៉ៃ​ប្ដូរ​របស់គេ​ មិនដែល​បាន​ផល​ឡើយ ។ អ៊ុង កំសត់ និង​សឿន ឆ្នើម នរណា​ឈ្នះ ? ។​

​សឿ​ម សារ៉ាន់ ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សេក ថាវ​រី​យ៍ ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

ទីតាំងផ្សាយពាណិជ្ជកម្ម