អាម៉េរិក​បញ្ជា​ទិញ​ថង់​ដាក់​សព​១​សែន​ទៀត នៅពេល​ចំនួន​ស្លាប់​ដោយកូវី​ដ​១៩​កើន​ហួស​៦០.០០០​នាក់​

335
ចែករម្លែក

​ដើម្បី​ត្រៀម​សេណា​រី​យ៉ូ​អាក្រក់​បំផុត រដ្ឋាភិបាល​សហព័ន្ធ​បាន​បញ្ជា​ទិញ​ថង់​ដាក់​សាកសព​ថ្មី​ចំនួន​១០០.០០០​នាក់​ ចំពេល​ជំងឺ​ឆ្លងកូវី​ដ​១៩​នៅ​មិនទាន់​ថមថយ ​តែ​រដ្ឋ​ជាច្រើន​បង្ខំចិត្ត​បើក​ដំណើរការ​សេដ្ឋ​​កិច្ច​ខ្លួន​ឡើងវិញ​ក្រោយ​ពី​រង​សម្ពាធ​ពី​ប្រជាជន​មូលដ្ឋាន​និង​ការជាប់គាំង​សេដ្ឋកិច្ច​។​

​ការទិញ​ថង់​ដាក់​សព​ដ៏​ច្រើន​និង​មាន​តម្លៃ​៥,១​លាន​ដុល្លារ​នេះ ​កើតឡើង​ចំ​ពេល​ជនជាតិ​អាម៉េរិក​ជាង​៦០.០០០​នាក់​ហើយ​បាន​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩ និង​ឆ្លង​ជាង​១​លាន​នាក់​។​

​អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​សហព័ន្ធ​បាន​ប្រាប់​សារព័ត៌មាន​Wall Street Journal​កាលពី​ថ្ងៃ​ពុធ​ទី​២៩​មេសា​ថា «​ដើម្បី​អាច​ឆ្លើយតប​នឹង​ករណី​អាក្រក់​បំផុត​ណាមួយ ទីភ្នាក់ងារ​​បាន​ផ្តួចផ្តើម​គំនិត​ឲ្យបញ្ជា​ទិញ​ថង់​ដាក់​សព​មក​ទុក​និង​ផលិត​បន្ថែម​ទៀត​»​។​

​សារព័ត៌មាន Bloomberg​ក៏​បាន​រាយការណ៍​មុននេះ​ថា ក្នុង​សំណើ​មិន​ពាក់ព័ន្ធ​នឹង​ការបញ្ជាទិញ​នេះ ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​និយាយថា ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​សហព័ន្ធ​បាន​ស្នើសុំ​​ឲ្យ​ខ្លួន​ផ្តល់​ថង់​ដាក់​សព​ចំនួន​១០០.០០០​សម្រាប់​ការប្រើប្រាស់​ស៊ីវិល​។​

​ប្រធានាធិបតី​អាម៉េរិក កាលពី​ថ្ងៃ​ពុធ បាន​ទទួលស្គាល់ថា ជនជាតិ​អាម៉េរិក​ច្រើន​ទៀត​នឹង​ស្លាប់​ដោយសារកូ​វីដ​១៩ គឺ​ច្រើន​ជាង​ការគិត​ទុក​ពី​មុន​។​ត្រាំ​កាលពីមុន​បាន​ប៉ាន់ស្មាន​ថា ជនជាតិ​អាម៉េរិក​៥០.០០០​ទៅ​៦០.០០០​នាក់​បាត់បង់​ជីវិត​ដោយ​ជំងឺឆ្លង​បង្កឡើង​ដោយ​វីរុស​ណូវ៉ែល​កូរ៉ូ​ណានេះ​។​

​ឥឡូវ​រដ្ឋាភិបាល​អាម៉េរិក​ព្យាករ​ថា ចំនួន​ស្លាប់​នៅ​ទូទាំង​អាម៉េរិក​អាច​មាន​រវាង​៦០.០០០​ទៅ​៧០.០០០​នាក់ នៅពេល​ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​នៅ​ទូ​ទាំង​អាម៉េរិក​បច្ចុប្បន្ន​កើន​ហួស​៦០.០០០​នាក់​រួច​ជា​​ស្រេច​។​

​ទោះ​ជា​ការស្លាប់​នៅ​ទូទាំង​ប្រទេស​កើនឡើង រដ្ឋ​ខ្លះ​រួម​មាន​ច​ច​ជៀ អូ​ក្លា​ហូ​ម៉ា អា​ឡា​ស្កា សោត ខា​រ៉ូ​ឡាយណា ខូ​រ៉ូឡា​ដូ មី​ស៊ី​ស៊ី​ពី មីន​ណេ​សូ​តា ម៉ុង​តា​ណា និង​ថេន​ណេ​ស៊ី ចាប់ផ្តើម​បើក​ដំណើរការ​សេដ្ឋកិច្ច​​របស់​គេ​ឡើង​វិញ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​អ្នកស្លាប់ដោយកូវីដ១៩ ត្រូវដាក់ក្នុងថង់ដាក់សាកសពនៅញូវយ៉ក។ចំនួន​មនុស្ស​ស្លាប់​ដោយកូវី​ដ​១៩​នៅ​អាម៉េរិក​បាន​កើន​ហួស​៦០.០០០​នាក់​កាលពី​ថ្ងៃ​ពុធ ហើយ​ជំងឺឆ្លង​នេះ​នឹង​សម្លាប់​មនុស្ស​នៅ​អាម៉េរិក​ច្រើនជាង​ផ្តាសាយ​តាម​រដូវ​ធៀប​នឹង​ការស្លាប់​ដោយ​ផ្តាសាយ​​ក្នុង​មួយឆ្នាំៗ​ចាប់តាំងពី​ឆ្នាំ​១៩៦៧​មក​

ទីតាំងផ្សាយពាណិជ្ជកម្ម