អង់គ្លេស​មាន​ចំនួន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ច្រើន​ជាង​គេ​បំផុត លំដាប់​ទី​២​នៅ​អឺរ៉ុប​

209
ចែករម្លែក

​ប្រទេស​អង់គ្លេស ឥឡូវនេះមានចំនួន​អ្នកស្លាប់​ផ្លូវការ​ដោយសា​រ​ជំងឺ​កូវី​ដ​១៩​ខ្ពស់​បំផុត​ទី​២​នៅ​អឺរ៉ុប ដោយ​មាន​ចំនួន​អ្នកស្លាប់​ជា​ង​២៦.០០០ នាក់​ ។ នេះ​បើ​យោង​តាម​តួលេខ ដែល​បាន​ចេញផ្សាយ​​កាលពី​ថ្ងៃ​ពុធ​ទី​២៩​ខែ​មេសា ដែល​បាន​នាំឱ្យ​ចោទ​ជា​សំណួរ​អំពី​ការឆ្លើយតប​របស់នាយករដ្ឋមន្ត្រី លោក​បូរី​ស ច​ន​សុ​ន ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​។​

​ក្រសួង​សុខាភិបាល​អង់គ្លេស បាន​និយាយថា មនុស្ស​ប្រហែល ២៦.០៩៧ នាក់​បាន​ស្លាប់​នៅ​ទូទាំង​ប្រទេស​អង់គ្លេស បន្ទាប់ពី​បាន​ធ្វើតេស្ត​វិជ្ជមាន​កូវី​ដ​១៩​លើ​សាកសព​ជាច្រើន​កាលពី​ថ្ងៃទី ២៨​ខែ​មេសា​។​

​នេះ​មានន័យថា​ប្រទេស​អង់គ្លេស​មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​នេះ​ច្រើន​ជាង​ប្រទេស​បារាំង​ឬ​អេ​ស្ប៉ាញ​ដែល​បាន​រាយការណ៍ ប៉ុន្តែ​ទោះ​យ៉ាងណា វា​តិច​ជាង​ប្រទេស​អ៊ីតាលី ដែល​មាន​ចំនួន​អ្នកស្លាប់​ខ្ពស់​​បំផុត​នៅ​អឺរ៉ុប​និង​ជា​ប្រទេស​មាន​ការឆ្លង​វីរុស​និង​ស្លាប់​ដោយសារ​វីរុស​នេះ​ច្រើន​បំផុត​លំដាប់​ទី​២​នៅលើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោកដូ​មីនិក រ៉ា​អាប បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ” យើង​មិន​ដែល​ភ្លេច​អំពី​ការពិត​នោះ​ទេ ដោយ​តាម​ស្ថិតិ​នីមួយៗ​បាន​បង្ហាញា​ថា​ជីវិត​មនុស្ស​ជាច្រើនបាន​បាត់បង់ ​គួរ​ឱ្យ​សោកសៅ​ខណៈ​ដែល​យើង​កំពុង​ឆ្លងកាត់​ពេលវេលា​មួយ​ដែល​មាន​អ្នកស្លាប់​កើនឡើង​ខ្ពស់​និង​វា​ជា​ពេលវេលា​ដ៏​គ្រោះថ្នាក់​នៅក្នុង​វិបត្តិ​នេះ​”​។​

​ចំនួន​អ្នក​ស្លាប់​ច្រើន​បែប​នេះ​នៅ​ប្រទេស​អង់គ្លេស បង្កើន​សម្ពាធ​លើ​លោក បូរី​ស ច​ន​សុន​និង​ស្របពេល​ដែល​គណបក្ស​ប្រឆាំង​បាន​ចោទប្រកាន់​រដ្ឋាភិបាលរ​បស់​លោក​ថា មាន​ចំណាត់ការ​យឺត​ពេក​​ក្នុង​ការបិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​នេះ​និង យឺត​ពេក​ក្នុង​ការណែនាំ​ការ​ធ្វើតេស្តទ្រង់ទ្រាយ​ធំ ហើយ​យឺត​ពេក​ក្នុង​ការទទួលបាន​ឧបករណ៍​ការពារ​គ្រប់គ្រាន់​ដល់​មន្ទីរពេទ្យ​។

​លោក​បូរី​ស ច​ន​សុន បាន​វិលត្រឡប់​មក​ធ្វើការ​វិញ​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​បាន​ជាសះស្បើយ​ឡើងវិញ​ពី​ជំងឺ​កូវី​ដ​១៩៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

មន្ត្រី​និង​បុគ្គលិក​ពេទ្យ​មក​ដល់​កន្លែង​ធ្វើតេស្តិ៍​កូវី​ដ​១៩​នៅ​អាកាសយានដ្ឋាន​ក្លា​ហ្គោ ប្រទេស​អង់គ្លេស​

ទីតាំងផ្សាយពាណិជ្ជកម្ម