ការសិក្សាថ្មីរកឃើញថាកូវីដ១៩ទំនងមិនឆ្លងតាមការរួមភេទទេ

236
ចែករម្លែក

ការសិក្សាថ្មីមួយដែលចេញផ្សាយកាលពីថ្ងៃសុក្រទី២៤មេសាក្នុងទស្សនាវដ្តី Fertility and Sterility បានបង្ហាញថា ទោះបីកូវីដ១៩អាចឆ្លងបានយ៉ាងងាយស្រួលតាមរយៈការក្អកក៏ដោយ ក៏ប៉ុន្តែវាមិនទំនងអាចឆ្លងតាមរយៈការរួមភេទទេ ខុសពីជំងឺឆ្លងដទៃទៀតដូចជាអេបូឡានិងហ្ស៊ីកា។

នៅក្នុងការសិក្សាដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាម៉េរិកនិងចិន អ្នកស្រាវជ្រាវមិនបានរកឃើញភស្តុតាងណាមួយនៃវីរុស SARS-CoV-2 ដែលជាវីរុសបង្កឱ្យមានជំងឺកូវីដ១៩ នៅក្នុងទឹកកាមរបស់បុរសពេញវ័យចិនចំនួន ៣៤ នាក់ដែលបានធ្វើតេស្តវិជ្ជមានវីរុសនេះកាលពីមួយខែមុននោះទេ។

ការសិក្សានេះបានសន្និដ្ឋានថា “SARS-CoV-2 មិនត្រូវបានរកឃើញនៅក្នុងទឹកកាមរបស់អ្នកជំងឺដែលបានជាសះស្បើយពីកូវីដ១៩ ពោលគឺមួយខែបន្ទាប់ពីធ្វើរោគវិនិច្ឆ័យឃើញកូវីដ១៩…។ ផលប៉ះពាល់រយៈពេលវែងនៃវីរុស SARS-CoV-2 លើមុខងារបន្តពូជរបស់បុរសនៅមិនទាន់ដឹងនៅឡើយទេ”។ អ្នកស្រាវជ្រាវក៏បានធ្វើតេស្តបន្ថែមផងដែរ ដែលកំណត់ឃើញថា SARS-CoV-2 ទំនងជាមិនឆ្លងទៅកោសិកាពងស្វាសរបស់មនុស្សទេ។

ទោះយ៉ាងណា ការស្រាវជ្រាវនេះមិនមានលក្ខណៈគ្រប់ជ្រុងជ្រោយដើម្បីបញ្ជាក់ពីលទ្ធភាពដែលអាចឆ្លងកូវីដ១៩តាមរយៈការរួមភេទនោះទេ។

វេជ្ជបណ្ឌិត ជែម អេម ហូថាលីង ជាសហអ្នកនិពន្ធមកពីសាកលវិទ្យាល័យសុខាភិបាលរដ្ឋយូថា បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២២មេសាថា “ការពិតដែលថានៅក្នុងការសិក្សាតូចនេះវាបង្ហាញថាវីរុសដែលបង្កឱ្យកើតកូវីដ១៩មិនបង្ហាញនៅក្នុងពងស្វាសឬទឹកកាម អាចជាការរកឃើញដ៏សំខាន់។ ប្រសិនបើជំងឺដូចជាកូវីដ១៩អាចឆ្លងតាមរយៈការរួមភេទ នោះវាអាចមានភាពស្មុគស្មាញធំៗសម្រាប់ការទប់ស្កាត់ជំងឺនិងអាចមានផលវិបាកធ្ងន់ធ្ងរដល់សុខភាពបន្តពូជរយៈពេលវែងរបស់បុរស”៕ ដោយ៖ កញ្ញាដាលីស

កូវីដ១៩ទំនងមិនអាចឆ្លងតាមរយៈការរួមភេទ

ទីតាំងផ្សាយពាណិជ្ជកម្ម