ប្រធានធនាគារកណ្តាលអាម៉េរិកព្រមានអំពីសេណារីយ៉ូ​ “ឈឺចាប់” ខណៈសេដ្ឋកិច្ចអាម៉េរិករងគ្រោះអាក្រក់បំផុតនៅត្រីមាសទី១ចាប់តាំពីមហាវិបត្តិសេដ្ឋកិច្ចពិភពលោក

216
ចែករម្លែក

សេដ្ឋកិច្ចអាម៉េរិកបានធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ចពិភពលោក គឺធ្លាក់ចុះ ៤,៨ ភាគរយចាប់ពីខែមករាដល់ខែមីនា ហើយប្រធានធនាគារកណ្តាលអាម៉េរិកបានព្រមានថា ត្រីមាសទី ២ នឹងកាន់តែអាក្រក់ ខណៈពលរដ្ឋអាម៉េរិកជាច្រើនបានបន្តស្នាក់នៅក្នុងផ្ទះដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ប្រធានធនាគារកណ្តាលលោក ជើរ៉ូម ផូវែល បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមវីដេអូថា “យើងនឹងឃើញទិន្នន័យសេដ្ឋកិច្ចសម្រាប់ត្រីមាសទី ២ ដែលអាក្រក់ជាងទិន្នន័យដែលយើងបានឃើញសម្រាប់សេដ្ឋកិច្ច”។ លោកបានហៅវាថា “ឈឺចាប់” ដែលឃើញការបាត់បង់ការងាររាប់លាន ជាពិសេសនៅក្នុងសហគមន៍ជនជាតិភាគតិច។

មានការយល់ស្របខ្លាំងឡើងថាសេដ្ឋកិច្ចអាម៉េរិកកំពុងស្ថិតនៅក្នុងវិបត្តិដ៏អាក្រក់បំផុតចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ចពិភពលោក ហើយទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មដែលចេញផ្សាយកាលពីថ្ងៃពុធទី២៩មេសាបានបង្ហាញថាតើវាកំពុងមានសភាពធ្ងន់ធ្ងរកម្រិតណា។ ការចំណាយរបស់អតិថិជននិងអាជីវកម្មបានដាំក្បាលចុះក្នុងត្រីមាសទី ១ ទោះបីសេដ្ឋកិច្ចទើបតែបិទទ្វារនៅពាក់កណ្តាលខែមីនាក៏ដោយ។ ការចំណាយក្នុងគ្រួសារបានធ្លាក់ចុះ ៧,៦ ភាគរយហើយការវិនិយោគអាជីវកម្មបានធ្លាក់ចុះ ៨,៦ ភាគរយ។

ទោះបីពលរដ្ឋអាម៉េរិកសម្រុកទៅហាងលក់គ្រឿងទេសដើម្បីទិញអាហារនិងគ្រឿងផ្គត់ផ្គង់ក៏ដោយ ក៏វាមិនគ្រប់គ្រាន់ដើម្បីប៉ះប៉ូវលើការបាត់បង់ខ្ទង់ចំណាយលើការបរិភោគអាហារនៅខាងក្រៅ ការលក់ឡាន ការកម្សាន្ត និង អ្វីៗជាច្រើនទៀតនោះឡើយ។

លោកផូវែលបានប្តេជ្ញាជាថ្មីកាលពីថ្ងៃពុធដើម្បីប្រើឧបករណ៍ទាំងអស់របស់ធនាគារកណ្តាលដើម្បីរក្សាលំនឹងអាជីវកម្មនិងគ្រួសារនៅអាម៉េរិកក្នុងអំឡុងពេលមានវិបត្តិនេះប៉ុន្តែលោកបានព្រមានថាការងើបឡើងវិញអាចនឹងមានរយៈពេលយូរ ហើយវាមានហានិភ័យគួរឱ្យកត់សម្គាល់នៃការខូចខាតរយៈពេលវែងប្រសិនបើសភានិងធនាគារកណ្តាលមិនបានប្រឹងប្រែងគ្រប់គ្រាន់ដើម្បីជួយដល់សេដ្ឋកិច្ច។

ពលរដ្ឋអាម៉េរិកជាង២៦លាននាក់បានបាត់បង់ការងាររួចជាស្រេច និងកំពុងសុំជំនួយថវិកាពីរដ្ឋាភិបាល ហើយចំនួននេះរំពឹងកើនឡើងថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ នៅពេលជុំថ្មីនៃការសុំជំនួយគ្រាអត់ការងារធ្វើបន្តកើនឡើង៕ ដោយ៖ កញ្ញាដាលីស

ប្រធានធនាគារកណ្តាលលោក ជើរ៉ូម ផូវែល

ទីតាំងផ្សាយពាណិជ្ជកម្ម