ចែករម្លែក

តារាក្នុងរឿង Charmed នាង ហូលលី ម៉ារី ខូម និយាយថាប្រធានាធិបតីដូណាល់ ត្រាំត្រូវទទួលខុសត្រូវផ្ទាល់ចំពោះមរណភាពរបស់ជីតានាង ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យដោយសារកូវីដ១៩។

តារាសម្តែងវ័យ ៤៦ ឆ្នាំរូបនេះបានប្រើ Twitter កាលពីថ្ងៃចន្ទដើម្បីចែករំលែកព័ត៌មានដ៏ក្រៀមក្រំនេះ មុនពេលផ្ញើសារតិះដៀលអគ្គមេបញ្ជាការអាម៉េរិកនេះ ដោយហៅគាត់ថាជា “ក្តីអាម៉ាស់ចំពោះមនុស្សជាតិ”។

នៅខាងក្រោមសារ Twitter មួយរបស់លោកត្រាំ នាងខូមបានសរសេរថា “ជីតារបស់ខ្ញុំស្លាប់ថ្ងៃនេះ។ គាត់បានបោះឆ្នោតឱ្យលោកឯង។ គាត់ជឿលោកឯង នៅពេលលោកឯងនិយាយថាវីរុសនេះមិនអាក្រក់ជាងជំងឺផ្តាសាយទេ។ គាត់ជឿរាល់ពាក្យភូតកុហកដែលលោកឯងខំផ្សព្វផ្សាយ។ គាត់បានទទួលមរណភាពនៅថ្ងៃនេះដោយសារកូវីដ១៩នៅមួយថ្ងៃបន្ទាប់ពីខួបអាពាហ៍ពិពាហ៍លើកទី ៦៦ របស់គាត់”។

នាងខូម ដែលល្បីក្នុងពេលសម្តែងរួមគ្នាជាមួយនាង រ៉ូស ម៉ាហ្គោវ៉ាន់ និងនាង អាលីសា មីឡាណូ នៅក្នុងរឿងភាគ “Charmed” មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការស្លាប់របស់ជីតារបស់នាងទេ។

បន្ទាប់ពីការបង្ហោះសារ Twitter កាលពីថ្ងៃចន្ទ តារាសម្តែងរូបនេះបានទទួលសារបង្ហាញការអាណិតអាសូរជាច្រើនពីអ្នកគាំទ្រដើម្បីចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីតារបស់នាង។

ទោះជាយ៉ាងណា អ្នកខ្លះទៀតបានបន្ទោសតារារូបនេះ ដោយនិយាយថាវាគ្មានការទទួលខុសត្រូវទេក្នុងការទម្លាក់កំហុសទៅលើលោកប្រធានាធិបតីត្រាំ៕ ដោយ៖ កញ្ញាដាលីស

នាង ហូលលី ម៉ារី ខូម បន្ទោសត្រាំចំពោះការស្លាប់ជីតារបស់នាង

ទីតាំងផ្សាយពាណិជ្ជកម្ម