ដូ​ណា​ល់ ត្រាំ និយាយថា ចិន​ចង់ឱ្យ​លោក​ចាញ់ឆ្នោត​នៅ​ខែ​វិច្ឆិកា​និង​កំពុង​ពិនិត្យ​វិធានការ​សង​ទៅ​ចិន​

358
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៩ ខែ​មេសា​ថា លោក​ជឿជាក់​ថា​ការដោះស្រាយ​របស់​ចិន​ចំពោះ​វីរុស​កូវី​ដ​១៩​គឺជា​ភស្តុតាង​ដែល​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង ដែល​ពួកគេ​អាច​ធ្វើបាន​ដើម្បី​ធ្វើឱ្យ​លោក​បាត់​បង់ការ​ខំ​ប្រឹងប្រែង​របស់​លោក​ក្នុង​ការប្រកួតប្រជែង​សំ​រាប់ការ​ឈរឈ្មោះ​បោះឆ្នោត​ឡើងវិញ​នៅ​ខែ​វិច្ឆិកា​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​Reuters នៅ​សេត​វិមាន លោក​ដូណាល់​ត្រាំ បាន​និយាយថា​លោក​កំពុង​ពិនិត្យមើល​ជម្រើស​ផ្សេងៗ​ទាក់ទង​នឹង​ផលវិបាក​សម្រាប់​ប្រទេស​ចិន ដោយសារ​​វីរុស​នេះ​។ លោក​បាន​និយាយថា​” ខ្ញុំ​អាច​ធ្វើបាន​ច្រើន​”​។​

​លោក ដូ​ណា​ល់ ត្រាំ កំពុង​ស្តីបន្ទោស​ប្រទេស​ចិន​ចំពោះ​ជំងឺ​រាតត្បាត​សកល ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ចំនួន​៦០,០០០​នាក់​នៅ​សហរដ្ឋ​អាម៉េរិក និង​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​អាម៉េរិក​​ធ្លាក់ចុះ​ជា​ខ្លាំង​ដែល​អាច​បំផ្លាញ​ក្តីសង្ឃឹម​របស់​លោក​សម្រាប់​អាណត្តិ​៤​ឆ្នាំ​ទៀត​។ នេះ​បើ​យោងតាម សេចក្តីរាយការណ៍ ដោយ​សារព័ត៌មាន​Reuters ។​

​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ​រូបនេះ​បាន​និយាយថា​លោក​ជឿជាក់​ថា​ប្រទេស​ចិន​គួរតែ​សកម្ម​ជាង​នេះ​ក្នុងការ​ធ្វើ​ឱ្យ​ពិភពលោក​ដឹង​អំពី​វីរុស​នេះ ឱ្យ​បាន​លឿន​ជាង​នេះ​។​

​នៅពេល​ត្រូវ​បាន​សួរថា​តើ​លោក​កំពុង​ពិចារណា​លើ​ការប្រើប្រាស់​ពន្ធ​គយ​ឬ​ការ​លុប​បំណុល​ចំពោះ​ប្រទេស​ចិន​នោះ លោក​ត្រាំ​មិន​ផ្តល់​ចម្លើយ​ជាក់លាក់​ទេ​។ លោក​គ្រាន់តែ​បាន​និយាយថា​” មាន​​រឿង​ជាច្រើន​ដែល​ខ្ញុំ​អាចធ្វើ​បាន​។ យើង​កំពុង​ពិនិត្យ​មើល​អ្វី​ដែល​បាន​កើតឡើង​”​។

​លោក ដូ​ណា​ល់ ត្រាំ បាន​បន្ថែមថា​” ចិន​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ពួកគេ​អាចធ្វើ​បាន ដើម្បី​ឱ្យ​ខ្ញុំ​បាត់បង់​ការប្រកួតប្រជែង​នេះ “​។​

​លោក​បាន​និយាយថា លោក​ជឿជាក់​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​ឱ្យ​គូប្រជែង​មក​ពី​បក្ស​ប្រជាធិបតេយ្យ​របស់​លោក គឺ លោកចូ បៃ​ដិន ឈ្នះ​ការប្រគួតប្រជែង​នេះ​ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​ដែល​​លោក​ដូណាល ត្រាំ​បាន​ដាក់​លើ​ប្រទេស​ចិន​អំពី​ពាណិជ្ជកម្ម​និង​បញ្ហា​ផ្សេងទៀត​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា​លោក​កំពុង​ពិនិត្យមើល​ជម្រើស​ផ្សេងៗ​ទាក់ទង​នឹង​ផលវិបាក​សម្រាប់​ប្រទេស​ចិន ដោយសារ​វីរុស​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម