ជំនូបពិភាក្សាតាមអនឡាញរវាងគ្រឹះស្ថានឧត្តមសិក្សា

393
ចែករម្លែក

ដោយៈសុផល

ភ្នំពេញ៖ ក្នុងខណៈពេលដែលប្រទេសកម្ពុជា និង បណ្តាប្រទេសទាំងឡាយលើពិភព លោកកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩គ្រឹះស្ថានអប់រំទាំងឡាយ ត្រូវបានបិទទ្វារទូទាំងប្រទេសនៅគ្រប់កំរិត។ រាជរដ្ឋាភិបាលកម្ពុជាក៏បានលើកទឹកចិត្ត ឱ្យគ្រប់គ្រឹះស្ថានបន្តការបណ្តុះ​បណ្តាលពីចម្ងាយតាមរយៈមធ្យោបាយផ្សេងៗដែល គ្រឹះ​​ស្ថានស្វែងរកបានដើម្បីបន្តនិរន្តភាពនៃការ​បណ្តុះបណ្តាលនៃគ្រឹះស្ថានរបស់ខ្លួន។

ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំជាមួយរដ្ឋាភិបាលកម្ពុជាទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់​ភាសាបារាំង( AUF) កំពុងរិះរកមធ្យោបាយផ្សេងៗដើម្បីជាជំនួយដល់គ្រឹះស្ថាន ជាសមាជិករបស់ខ្លួនដែលសុទ្ធតែជាគ្រឹះស្ថានអប់រំរបស់រដ្ឋ។ក្នុងន័យនេះកិច្ចប្រជុំពិភា ក្សាតាមអ៊ីនធឺណេតផ្តោតលើប្រ​ធា​នបទ«វិធានការណ៍អនុវត្តផ្សេងៗរបស់សាកល​វិទ្យា​ល័យ​ក្នុងអំឡុងពេលវិបត្តិសុខភាព Covid​-19» ត្រូវបានរៀបចំឡើងនាថ្ងៃទី ២៩ ​ខែ​មេសា​​​ឆ្នាំ២០២០​ក្នុងគោលបំណងស្វែងយល់អំពីមធ្យោបាយដែ​ល​គ្រឹះស្ថានទាំង​នោះ​កំពុងប្រើប្រាស់ ការលំបាកផ្សេងៗ សំណូមពរនានា ក៏ដូចជាអភិបាលកិច្ច​សាកលវិទ្យា​ល័យក្នុងអំឡុងពេលមានវិបត្តិកូវីដផងដែរ។

តំណាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ តំណាងក្រសួងអប់រំយុវជន និង កីឡាក្រសួងការបរ​ទេ​ស​ និងវិទ្យាស្ថានការទូតទំនាក់ទំនងនិងសហប្រតិបត្តិការអន្តរជាតិប្រមាណជាង​២០​នាក់បានចូលរួម ក្នុងកិច្ចពិភាក្សានេះ។

កិច្ចប្រជុំពិភាក្សាតាមអ៊ីនធឺណេតផ្តោតលើប្រ​ធា​នបទ«វិធានការណ៍អនុវត្តផ្សេងៗរបស់សាកល​វិទ្យា​ល័យ​ក្នុងអំឡុងពេលវិបត្តិសុខភាព Covid​-19»នាថ្ងៃទី ២៩ ​ខែ​មេសា​​​ឆ្នាំ២០២០​

ថ្លែងក្នុងពិធីបើកកិច្ចពិគ្រោះយោបល់នេះ នាយិកាតំបន់អាស៊ីប៉ាស៊ីហ្វិកAUF លោក​ស្រី Ouidad TEBBAA បានលើកឡើងថា ៖ប្រទេសកម្ពុជាធ្លាប់មានការលំបាកយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែនៅអាចចាកផុតពីការលំបាកទាំងនោះបានដោយជោគជ័យ។ហេតុដូច្នេះ​ហើយ​ក្នុង​ពេលនេះយើងត្រូវការស្វែងយល់ពីគ្នាទាំងការលំបាក បញ្ហាប្រឈមនានានិងតម្រូវការ ហើយយើងអាចធ្វើការជាមួយគ្នារកវិធីដោះស្រាយរូមគ្នាដើម្បីបន្តការបណ្តុះបណ្តាលពីចម្ងាយក្នុងពេលមានវិបត្តិនេះ។វាជាពេលវេលា​មួយដែលយើងទាញ​យកបទ​ពិសោធ​ន៍​ពីវិបត្តិនេះ និងអាចឱ្យយើងចែករំលែកនូវចំណេះដឹង​និងបទពិសោធន៍ទាក់ទងនឹង​ការ​បណ្តុះបណ្តាលតាមប្រព័ន្ធឌីជីថលពីចម្ងាយដែល AUF បានធ្វើការងារនេះ​ជាង២០​ឆ្នាំ​មកហើយ។ លោកស្រីបានអះអាងថា AUFដើរតួនាទីក្នុងការចែករំលែកព្រោះ AUF ជាបណ្តាញដ៏ធំនៅលើពិភពលោក។

ការពិភាក្សានេះរៀបចំឡើងស្របតាម « ផែនការពិសេសរបស់ AUF ក្នុងអំឡុង​ពេល​រោគរាតត្បាត Covid-19 » ដែលAUFបានផ្ញើជូនសាកលវិទ្យាល័យជា​សមាជិក​របស់​ខ្លួន។

ក្នុងរបៀបវារៈនៃកិច្ចពិភាក្សាតាមអនឡាញនេះ បានលើកឡើងនូវចំណុចគោលៗ​សំខាន់​ជាច្រើនរួមមាន៖

  • ការបន្តការបណ្តុះបណ្តាលក្នុងអំឡុងពេលរាតត្បាតកូវីត ៖ ការសិក្សាពីចម្ងាយ វិធីសាស្ត្រ លក្ខខណ្ឌ និងការធានាគុណភាព។
  • ការបន្តការបណ្តុះបណ្តាលថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិតនិងការស្រាវ​ជ្រាវក្នុងអំឡុងពេលមានវិបត្តិសុខភាព ៖ ការតម្លើងបន្ទប់ពិសោធន៍ ការស្រាវ​ជ្រាវការបម្លាស់ទីនៃការស្រាវជ្រាវរបស់និស្សិត​និងការប្រើប្រាស់​វិធីសាស្ត្រ​វិទ្យា​សាស្ត្រនិងមធ្យោបាយធានាគុណភាពនៃការបណ្តុះបណ្តាលនិងការស្រា​វ​​ជ្រាវ។
  • ការបន្តអភិបាលកិច្ចសាកលវិទ្យាល័យក្នុងអំឡុងពេលមានវិបត្តិកូវីត៖មធ្យោ​បា​យប្រើប្រាស់ដើម្បីធានាគុណភាពអភិបាលកិច្ចនិងការលំបាកដែលជួបប្រទះ​។
  • ទស្សនៈវិស័យ និង គម្រោងអនាគត ដើម្បីឆ្លើយតបតម្រូវការចាំបាច់ក្នុងការ បណ្តុះ​បណ្តាល-ស្រាវជ្រាវនិងការបង្ការដល់​និរន្តរភាពក្នុងពេលមានវិបត្តិថ្មីៗ​ជា​យថាហេតុ៖មធ្យោបាយប្រើប្រាស់ដើម្បីធានាការបណ្តុះបណ្តាលអភិបា​ល​កិច្ច និងការធានាគុណភាព។

ឆ្លងតាមកិច្ចពិភាក្សាអស់រយៈពេលជាច្រើនម៉ោង គ្រឹះស្ថាននិមួយៗបាន​ខិតខំបន្តការ​បណ្តុះ​​បណ្តាលតាមមធ្យោបាយនិងឧបករណ៏រៀងៗខ្លួន ជួបបញ្ហាគ្រប់គ្រងនិសិ្ស​ត​នៅ​តាមបណ្តាខេត្តឆ្ងាយពីទីប្រជុំជនកង្វះប្រព័ន្ធអ៊ីនធឺណែត ការចូលរួមសកម្ម​របស់​និស្សិ​ត និងជាពិសេសបញ្ហាប្រឈមក្នុងការរៀបចំការប្រឡងនិងការធានាគុណភាព​លើការ​បណ្តុះ​បណ្តាលជាដើម។ល។

AUFក៏បានលើកទឹកចិត្តសមាជិកទាំងអស់ឱ្យស្នើឡើងនូវគម្រោង​នានាសំរាប់និស្សិ​ត​អ្នក​ស្រាវជ្រាវនិងគម្រោងសហការរវាងសាកលវិទ្យាល័យដែលគាំទ្រដោយAUFលើ​ប្រធា​​នបទផ្សេងៗដូចជាការបង្កើតរ៉ូបូ ម៉ាស៊ីនដកដង្ហើម ការបង្កើតឧបករណ៏ផ្សេងៗ ។ល។ លើគ្រប់វិស័យដើម្បីរួមចំណែកដល់ការបម្រើសង្គមក្នុងពេលជួបវិបត្តិ។

ការបណ្តុះបណ្តាលបន្តបន្ទាប់តាមអនឡាញសំរាប់សាស្ត្រាចារ្យនិងគ្រូឧទ្ទេសន៍ដើ​ម្បី​ផ្តល់មធ្យោបាយគរុកោសល្យនិងបច្ចេកទេសតាមអនឡាញនឹងរៀបចំឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។ហេតុដូច្នេះហើយត្រូវការការចូលរួម​យ៉ាងសកម្មពី​គ្រប់គ្រឹះស្ថាន​ឧត្តម​សិក្សា​ទាំ​ងឡាយដើម្បីធ្វើយ៉ាងណាឱ្យទទួលបាន​លទ្ធផលនៃការ​បណ្តុះបណ្តាល​កាន់​តែ​ល្អប្រសើរ​​៕

ទីតាំងផ្សាយពាណិជ្ជកម្ម