ចិន «​មិន​មាន​ចំណូលចិត្ត​»​ជ្រៀតជ្រែក​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​ទេ​

214
ចែករម្លែក

កាលពី​ថ្ងៃ​ពុធ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ របស់​អាម៉េរិក ចោទប្រកាន់​ចិន​ថា ខិតខំ​ធ្វើយ៉ាងណា​បំផ្លាញ​លទ្ធភាព​ជាប់ឆ្នោត​ជា​ថ្មី​របស់​លោក ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ចុងឆ្នាំ​២០២០​នេះ​។​តែ​​ក្រសួងការបរទេស​ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មេសា បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង មិន​មាន​ចំណូលចិត្ត​ឬ​ចាប់អារម្មណ៍​នឹង​ការជ្រៀតជ្រែក​នៅ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​​អាម៉េរិក​ទេ​។​

​ក្នុង​សន្និសីទកាសែត​មួយ អ្នកនាំពាក្យ​ក្រសួង លោ​កហ្កេង​សួង បានបញ្ជាក់​ថា ការបោះឆ្នោត​នា​ពេល​ខាង​មុខ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​អាម៉េរិក ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សង្ឃឹមថា រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន​​តោន​នឹងមិន​ទាញ​ចិន​ចូល​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​នេះ​ទេ​។​

​ការបញ្ជាក់​របស់លោក​កើត​ឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ពុធ​បាន​ប្រាប់​សារព័ត៌មាន​Reuters​ថា​«​ចិន​នឹង​ធ្វើ​អ្វីមួយ​ដែល​គេ​អាច​ធ្វើ​ដើម្បី​អោយ​ខ្ញុំ​ចាញ់​»​ការបោះ​​ឆ្នោត​នា​ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​កាលពី​ឆ្នាំ​២០១៨ ប្រធានាធិបតី​អាម៉េរិក​ក៏​បាន​អះអាង​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ព្យាយាម​ជ្រៀតជ្រែក​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ដោយសារតែ​លោក​វាយ​ពន្ធ​ពិន័យ​រាប់​ពាន់​លាន​ដុល្លារ​លើ​​ទំនិញ​នាំចូល​មកពី​ចិន​។​

​ក្នុងអំឡុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​គ្រា​នោះ លោក​ត្រាំ បាន​អះអាង​ថា ចិន​ប៉េកាំង​«​មិន​ចង់អោយ​ខ្ញុំ ឬ​ពួក​យើង​ឈ្នះ​ទេ​ពីព្រោះ​ខ្ញុំ​ជា​ប្រធានាធិបតី​អាម៉េរិក​ដំបូង​គេ​​ដែល​ប្រជែង​ជាមួយ​ចិន​រឿង​ពាណិជ្ជកម្ម​»​។​

​ការអះអាង​របស់​ត្រាំ​និង​ប្រតិកម្ម​តប​របស់​ចិន​នេះ​កើតឡើង​ចំពេល​អាម៉េរិក​និង​ចិន​ប៉េកាំង​ជាប់​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម និង​ការចោទប្រកាន់​របស់​អាម៉េរិកថា​ចិន​ដោះស្រាយ​រឿង​វីរុស​កូរ៉ូណា​មិន​បាន​ត្រឹម​​ត្រូវ​៕​ប្រែ​សម្រួល​៖​វាសនា​

អ្នកនាំពាក្យ​ក្រសួង លោ​កហ្កេង​សួង តប​ទៅ​នឹង​ការលើកឡើង​របស់​ត្រាំ

ទីតាំងផ្សាយពាណិជ្ជកម្ម