ឆ្លើយតបតម្រូវការប្រជាពលរដ្ឋ ៖​គ្រប់មណ្ឌលត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តទាំងអស់ធ្វើ​ការ​ពីថ្ងៃច័ន្ទដល់អាទិត្យមិន ​សម្រា​ក​

317
ចែករម្លែក

ដោយៈសុផល

ភ្នំពេញ៖ដើម្បីឆ្លើយតបនិងសម្រួលដល់ប្រជាពលរដ្ឋ ដែលមានបំណងយករថយន្ត​ទៅ​ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនោះ ក្រសួងសាធារណការ និងដឹក​ជញ្ជូនបានប្រកាសថា ៖ចាប់ពីថ្ងៃទី៣ខែឧសភាឆ្នាំ២០២០តទៅគ្រប់មណ្ឌលត្រួត​ពិនិ​ត្យ​លក្ខ​ណៈ​​បច្ចេកទេសយានយន្តទាំងអស់នឹង​ធ្វើការជារៀងរាល់ថ្ងៃចាប់ពី​ថ្ងៃច័ន្ទ​ដល់​ថ្ងៃ អាទិ​ត្យ​ម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។

ការបង្កើនថ្ងៃធ្វើការនេះដោយសារប៉ុន្មានថ្ងៃនេះមានយានយន្តរាប់រយគ្រឿងបាន​សម្រុក​ចូលទៅសុំវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡើងវិញក្រោយពី​ហួស​សុពល​ភាព ដើម្បីចៀសផុតពីការផាកពិន័យតាមផ្លូវច្បាប់ ក្នុងអំឡុងពេលនគរបាល​ចរាចរណ៍​ផ្លូវគោកចាប់អនុវត្តរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យថ្មីចាប់ពីថ្ងៃទី១ ខែ​​ឧសភា ឆ្នាំ២០២០ជាកំហិត។

ក្រសួងសាធារណការនិងដឹកជញ្ជូនបានបន្តថា៖ឯកសារតម្រូវចំពោះរថយន្តដែលមានផ្លាក​លេ​ខ​ហើយគឺត្រូវមានបណ្ណសម្គាល់យានយន្ត(ថតចម្លង),វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈបច្ចេក​ទេស​​យានយន្តចាស់(ករណីបន្ត)។ ដោយឡែកសម្រាប់​ឯកសារ​តម្រូវ​ចំពោះរថយន្តដែលមិនទាន់មានផ្លាកលេខគឺត្រូវភ្ជាប់ជាមួយអត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរថតចម្លងនិងបង្កាន់ដៃពន្ធនាំចូលថតចម្លង។

លោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៅថ្ងៃទី៣០ខែ​មេ​សា​នេះ បញ្ជាក់ថាចំពោះរថយន្តដែលហួសសុពលភាពនៃ​ការចេញវិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈបច្ចេក​ទេ​ស​យានយន្តក្នុងរយៈពេលនេះ រហូតល់ដំណាច់ខែមិថុនា ឆ្នាំ២០២០​គឺមិនតម្រូវឲ្យមានការផាកពិន័​យប្រាក់នោះឡើយប៉ុន្តែចាប់ពីងថ្ងៃទី១ ខែកក្កដា ឆ្នាំ ​២០​២០​តទៅ ក្នុងករណីយានយន្តយឺតយ៉ាវយករថយន្តទៅត្រួតពិនិត្យ​លក្ខណៈបច្ចេក​ទេស​ នឹងត្រូវធ្វើការពិន័យហើយ។

បច្ចុប្បន្ន មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលវិនិយោគដោយក្រុម​ហ៊ុន​​ឯកជនមានសរុប១៥កន្លែង ក្នុងនោះនៅរាជធានីភ្នំពេញមាន៥ទីតាំងផ្សេងៗ​គ្នាដូច​ជា៖នៅសាខាប្ញស្សីកែវ សាខាចំការដូង សាខាបឹងប៉ៃតង សាខាបឹងស្នោរ និង សាខា​ជ្រោ​យ​ចង្វារផ្លូវជាតិលេខ៦A។ចំណែកតាមបណ្តាខេត្តមានដូចជា៖បាត់ដំបង សៀម​រាប​ ​កំពង់ឆ្នាំង ស្វាយរៀង កំពង់ស្ពឺ ក្រចេះ ព្រះសីហនុ រតនគិរី និងព្រះវិហារ។

ជាមួយគ្នានេះ ក៏មានរថយន្តត្រួតពិនិត្យលក្ខណៈ​បច្ចេកទេសយានយន្តចល័ត​៣គ្រឿង​បន្ថែម​ទៀត ដើម្បីចុះតាមបណ្តាខេត្តដែលគ្មានមណ្ឌលត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬតំបន់ដែលនៅឆ្ងាយពីមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត៕

ទីតាំងផ្សាយពាណិជ្ជកម្ម