នាយករដ្ឋមន្ត្រី​រុស្ស៊ី​ឆ្លងកូវី​ដ​១៩ នៅ​ពេល​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​ឡើង​ហួស​១០​ម៉ឺន​នាក់​

280
ចែករម្លែក

នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក មី​ខា​អ៊ី​ល មី​ស៊ូ​ទីន បាន​ប្រាប់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មេសា​ថា លោក​ត្រូវបាន​ពិនិត្យ​ឃើញ​មាន​វីរុស​កូរ៉ូណា និង​បាន​សុំ​ឈប់សម្រាក​​បណ្តោះអាសន្ន​ដើម្បី​ព្យាបាល​ជំងឺ​។​

​លោក​មី​ស៊ូ​ទីន វ័យ​៥៤​ឆ្នាំ បានស្នើសុំឲ្យលោក​ឧបនាយក​រដ្ឋមន្ត្រី​ទី​១ អង់​ដ្រេ បេឡូ​សូវ ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ស្តីទី ក្នុងពេល​អវត្តមានរ​បស់​លោក​។​

​លោកពូ​ទីន ដែល​បាន​ស្តាប់​សំណើ​តាម​វីដេអូ​ខន​ហ្វើ​រិន បាន​យល់ព្រម និង​បាន​ជូនពរ​លោក​មី​ស៊ូ​ទីន ឲ្យ​ឆាប់​ជា​។​

​លោក​មី​ស៊ូ​ទីន ដែល​ចូលរួម​ក្នុង​កិច្ចការ​ឆ្លើយតប​នឹង​ជំងឺ​កូវី​ដ​១៩​ក្នុងប្រទេស ជា​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​ដំបូង​ដែល​ប្រកាស​ថា​លោក​ឆ្លងកូវី​ដ​១៩​។​ការប្រកាស​របស់​លោក​កើត​ឡើង​នៅ​ពេល​តែ​ប៉ុន្មាន​​ម៉ោង​បន្ទាប់ពី​អាជ្ញាធរ​រុស្ស៊ី​បានប្រកាសថា ការឆ្លង​ជំងឺ​នេះ​ឡើង​ហួស​១០០.០០០​នាក់​។​

​មី​ស៊ូ​ទីន នឹង​ចំណាយ​ពេល​នៅ​ដោយឡែក​ពី​គេ​នៅ​មន្ទីរពេទ្យ​មួយ​ក្រោម​ការ​មើលថែ​ពី​វេជ្ជបណ្ឌិត​ជាច្រើន​នាក់ រីឯ​អ្នក​ដែល​ធ្លាប់​ទាក់ទង​ជាមួយ​លោក​កាលពី​ពេល​ថ្មីៗ​ក៏​នឹង​ត្រូវ​ដាក់​នៅ​ដោយ​​ឡែក​និង​ធ្វើតេស្តរក​វីរុស​។​

​រុស្ស៊ី បាន​វ៉ា​ហួស​ចិន​និង​អ៊ីរ៉ង់ ខាង​ចំនួន​អ្នក​ឆ្លង​វីរុស​ណូវ៉ែល​កូរ៉ូណា នៅ​ពេល​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​ឡើងដល់​១០៦.៤៩៨​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ការឆ្លង​ប្រចាំ​ថ្ងៃ​បាន​កើន​ជាប់​។​

​រុស្ស៊ី​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​នេះ​ចំនួន ១.០៧៣ នាក់ ដោយ​ទាប​ជាង​ចំនួន​ស្លាប់​នៅក្នុង​ប្រទេស​រងគ្រោះ​ខ្លាំង​ជា​ច្រើន​។​វា​ស្ថិត​ក្រោម​ការបិទ​ខ្ទប់​ចរាចរណ៍​និង​អាជីវកម្ម​ដល់​សប្តាហ៍​ទី​៥​មកទល់​ឥឡូវ ជាហេតុ​នាំ​ឲ្យ​មាន​ការ​ព្យាករណ៍​ថា សេដ្ឋកិច្ច​រុស្ស៊ី​នឹង​ថយ​ក្រោយ​៤​ទៅ​៦​ភាគរយ ដោយសារ​តែ​បញ្ហា​ប្រេង​ធ្លាក់​ថ្លៃ​គួបផ្សំ​ផង​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

នាយករដ្ឋមន្ត្រី​មី​ស៊ូ​ទីន ឈប់​សម្រាក​ព្យាបាល​ជំងឺ ក្រោយ​ឆ្លង​វីរុស​កូរ៉ូណា​

ទីតាំងផ្សាយពាណិជ្ជកម្ម