ស្ត្រី​អ្នកលក់​បន្លែ​ម្នាក់​ត្រូវ​រថយន្តបុក​និង​កិន​ស្លាប់ចោល​កូន​២​នាក់ ខណៈ​ប្ដី​កំពុង​ជាប់ពន្ធនាគារ​

433
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: គួរ​ឲ្យ​អាសូរ​ខ្លាំងណាស់​ដែល​ស្ត្រី​អ្នកលក់​ម្នាក់​ខំ​រកស៊ី​លក់​បន្លែ​តត្រុក ដើម្បី​រកប្រាក់​ចិញ្ចឹម​កូន​២​នាក់​នៅក្នុង​បន្ទុក ខណៈ​ដែល​ប្ដី​កំពុង​ជាប់ពន្ធនាគារ ប៉ុ​ន្ត​ជា​អកុសល ​ស្រាប់​តែមាន​រថយន្ត​ធុន​យក្ស​១​គ្រឿង ទៅដល់​បុក​ពីក្រោយ​ទាំង​កកំរោល រួច​កិន​ផ្ដាច់ជីវិត​ចោល​កូន ខណៈដែល​គាត់​កំពុង​ជិះ​ម៉ូតូ កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃទី​៣០​ខែមេសា ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​មុខ​បុរី​សែន​មនោ​រម្យ ស្ថិតនៅ​ក្នុងភូមិ​អូរ​ដឹ​ម​ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ស្ត្រី​រងគ្រោះ​ខាងលើ​ឈ្មោះ ទូច ស្រី​ណែ​ត អាយុ​៣២​ឆ្នាំ មុ​របរ​លក់​បន្លែ​មុខ​រោងចក្រ មានកូន​២​នាក់​នៅក្នុង​បន្ទុកគ្រួសា​រ ចំណែក​ប្ដី​កំពុង​ជាប់ពន្ធនាគារ។ គាត់​និង​កូន​ស្នាក់នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​រថយន្ត​បង្កហេតុ​ម៉ាក FUSO ពណ៌​បៃតង​ពាក់​ផ្លាក​លេខ ភ្នំពេញ 3F-2399 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​ចុះ​រត់​គេចខ្លួនបាត់​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ គេ​បានឃើញ​ស្ត្រី​រងគ្រោះ​រូបនោះជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​កូរ៉េ កញ្ចាស់​ពណ៌​ក្រហម ធ្វើដំណើរ​​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ឡើង​ផ្លូវជាតិ​លេខ​៤ ចេញពី​កន្លែង​លក់​បន្លែ​។ ស្របពេលនោះ រថយន្ត​បង្ក​បាន​បើកបរ​ក្នុងទិសដៅ​ស្របគ្នា​ទៅដល់​បុក​ពីក្រោយ ​រួច​កិន បណ្ដាល​ឲ្យ​ស្លាប់​នៅក្រោម​កង់​រថយន្ត​។ ចំណែក​អ្នកបើកបរ​រថយន្ត​ក្រោយពី​ដឹងថា​បុក​និង​កិន​មនុស្ស​ស្លាប់​ក៏បាន​ចុះ​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ បាន​ចុះទៅ​វាស់វែង​និង​ប្រគល់​សព​ឲ្យ​ទៅ​សាច់ញាតិ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ការដោះស្រាយ​តាមច្បាប់​៕ /Ha

ទីតាំងផ្សាយពាណិជ្ជកម្ម