ក្រសួង​រៀបចំ​ស្តង់ដា​អាជីវកម្ម​ទេសចរណ៍​ថ្មី​ក្នុងសម័យ​កូ​វីដ​

251
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ក្រសួងទេសចរណ៍​បានចាប់ផ្ដើម​រៀបចំ​ស្ដង់ដា​ថ្មី​ក្នុងសម័យ​កូ​វីដ​សម្រាប់​អាជីវកម្ម​ទេសចរណ៍​ចំនួន ៣ មាន​សេវាកម្ម​ស្នាក់នៅ សេវាកម្ម​ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍​សហ​គម​ន៍​-​រមណីយដ្ឋាន​ទេសចរណ៍ ដើម្បី​បង្កើតឱ្យមាន​សកម្មភាព​ទេសចរណ៍ ឬ​ចលនា​ទេសចរ​ក្នុងប្រទេស​ឡើងវិញ ដែល​ធានាបាន​នូវ​សុវត្ថិភាព​សុខភាព​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទាំងអស់គ្នា​ជាដាច់ខាត​។​

​ស្ដង់ដា​អាជីវកម្ម​ទេសចរណ៍​ថ្មី​នោះ នឹងមាន​ការចេញប្រកាស​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​យ៉ាងយូរ​ដាច់​ខែឧសភា ឆ្នាំ​២០២០​។ មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ដែល​នៅមាន​សុពលភាព ត្រូវ​បន្ថែម​ការ​អនុវត្តតាម​ស្ដង់ដា​ថ្មី ចំណែក​អាជីវកម្ម​សុំ​អាជ្ញា​បណ្ណ​ថ្មី ក៏ត្រូវ​អនុលោម​តាម​ស្ដង់ដា​ថ្មី​នេះ​ផងដែរ​។​

​ការឱ្យ​ដឹង​យ៉ាង​ដូច្នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រវាង​ក្រសួងទេសចរណ៍​ជាមួយ​វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ជុំវិញ​ការរក​ដំណោះស្រាយ​លើ​ផលប៉ះពាល់​វិស័យ​ទេសចរណ៍ ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វី​១៩ ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​ទន្ទឹមនឹង​ការបង្កើតឱ្យមាន​សកម្ម​ភាព​ទេសចរណ៍​ក្នុងស្រុក​ឡើងវិញ​នេះ ក្រសួងទេសចរណ៍​ក៏​តម្រូវឱ្យ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​នៅតាម​តំបន់​ទាំងនោះ ត្រូវ​អនុវត្តតាម​បទបញ្ជា និង​ការណែនាំ​ពី​សុវត្ថិភាព​សុខភាព​ដែល​ណែនាំ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ​បំផុត​នៅក្នុង​មូលដ្ឋាន​អាជីវកម្ម​របស់ខ្លួន​។​

​ការរៀបចំ​ឱ្យមាន​សកម្មភាព​ទេសចរណ៍​ក្នុងស្រុក​ខាងលើនេះ ក៏​ស្រប​នឹង​បំណង​របស់​ប្រជាពលរដ្ឋ ដែលមាន​ចំណាប់អារម្មណ៍​ចង់​ដើរ​ទស្សនា​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​ក្នុងប្រទេស ខណៈ​រាជរដ្ឋាភិបាល​ក៏បាន​បន្ធូរបន្ថយ​ឱ្យមាន​ការធ្វើដំណើរ​ឆ្លង​ខេត្ត​ឆ្លង​ស្រុក​ឡើងវិញ​បាន ដូច្នេះ​ប្រជាពលរដ្ឋ​ក៏​ចង់​ដើរលេង​កម្សាន្ត​ច្រើន​ណាស់ដែរ បន្ទាប់ពី​ដាក់ខ្លួន​នៅក្នុង​លំនៅដ្ឋាន ឬ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក ដើម្បី​បង្ការ​ការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ កាលពីពេល​កន្លងទៅ​។ ពួកគេ​តែង​និយាយថា «​ធុញថប់ អផ្សុក ឬ ស្ត្រេ​ស​ជាដើម​»​។​

​នា​កិច្ចប្រជុំ​នោះ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ណែនាំ​ថា «​នៅ​ចំពោះមុខ​ដែល​មិនទាន់​ចេញ​ស្ដង់ដា​ថ្មី​ខាងលើនេះ ប្រសិនបើ​មាន​ភ្ញៀវទេសចរ​ទៅ​ទស្សនា ឬ​មាន​តម្រូវការ​សេវាកម្ម​ទេសចរណ៍ មន្ទីរ​ទេសចរណ៍ អាជីវកម្ម​ទេសចរណ៍​ត្រូវ​ទទួលភ្ញៀវ​តាម​ធម្មតា មិន​ថា​ភ្ញៀវទេសចរ​ជាតិ ឬ​ភ្ញៀវទេសចរ​បរទេស​នោះឡើយ​»​។​

​កិច្ចការ​ចាំបាច់​មួយទៀត​សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍​នានា គឺ​ត្រូវ​រៀ​ចំ​សោភ័ណភាព ការយកចិត្តទុកដាក់​លើ​ស្ដង់ដា​អនាម័យ ភាព​ស្អាត បន្ទប់​ទឹកស្អាត​ជានិច្ច ទីធ្លារ​ត្រូវមាន​បរិស្ថាន​ស្អាត​។​
​ចំណែក​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ក៏ដូចជា​កន្លែង​ទទួលទាន​អាហារ​នៅក្នុង​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍​ទាំងនោះ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដូចជា​ត្រូវមាន​ដាក់​គម្លាត​តុ​-​កៅអី​ទទួល​អាហារ​ឱ្យ​ឃ្លាត​ពីគ្នា ត្រូវមាន​ធុងសំរាម ឬ​កន្ត្រក​សំរាម​ឱ្យបាន​ត្រឹមត្រូវ ពិសេស​ត្រូវ​ទុកដាក់​សំរាម​នោះ​ប្រកបដោយ​អនាម័យ​ខ្ពស់​។ ការពាក់​ម៉ាស់ និង​ទឹក​អនាម័យ​សម្រាប់​លាងដៃ គឺជា​កិច្ចការ​ចំ​បាច់​បំផុត​សម្រាប់​ភ្ញៀវទេសចរ ក៏ដូចជា​កាតព្វកិច្ចរ​បស់​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន សណ្ឋាគារ ផ្ទះសំណាក់ និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នានា​។​

​ចំណែក​អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ក៏ដូចជា​កន្លែង​ទទួលទាន​អាហារ​នៅក្នុង​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍​ទាំងនោះ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដូចជា​ត្រូវមាន​ដាក់​គម្លាត​តុ​-​កៅអី​ទទួល​អាហារ​ឱ្យ​ឃ្លាត​ពីគ្នា ត្រូវមាន​ធុងសំរាម ឬ​កន្ត្រក​សំរាម​ឱ្យបាន​ត្រឹមត្រូវ ពិសេស​ត្រូវ​ទុកដាក់​សំរាម​នោះ​ប្រកបដោយ​អនាម័យ​ខ្ពស់​។ ការពាក់​ម៉ាស់ និង​ទឹក​អនាម័យ​សម្រាប់​លាងដៃ គឺជា​កិច្ចការ​ចំ​បាច់​បំផុត​សម្រាប់​ភ្ញៀវទេសចរ ក៏ដូចជា​កាតព្វកិច្ចរ​បស់​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន សណ្ឋាគារ ផ្ទះសំណាក់ និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នានា​។​
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏បាន​ព្រមាន​ដែរ​ថា ប្រសិនបើ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ណា​ដែល​មិន​អនុវត្តតាម​គោលនយោបាយ បទបញ្ជា និង​ស្ដង់ដា​សុវត្ថិភាព​អនាម័យ​របស់​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ទេនោះ មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងនោះ​នឹងត្រូវ​ប្រឈម​នឹង​ការផ្អាក​សកម្មភាព​អាជីវកម្ម ឬ​ឈានទៅដល់​ការបិទ​អាជីវកម្ម​ទាំងស្រុង​តែម្ដង​។​

​ចំពោះ​សេវាកម្ម​ទេសចរណ៍​ផ្នែក​ផ្សេងទៀត​ក្រៅពី​សេវាកម្ម​ស្នាក់នៅ សេវាកម្ម​ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍​សហ​គម​ន៍​-​រមណីយដ្ឋាន​ទេសចរណ៍​នេះ ក្រសួងទេសចរណ៍​មិនទាន់​បញ្ជាក់​ពី​ការបើក​ដំណើរការ​វិញ​ឡើយ ដោយ​ត្រូវ​រង់ចាំ​ការសម្រេច​ជាមុន​ពី​រាជរដ្ឋាភិបាល ខណៈ​ការអនុវត្ត​វិធានការ​បង្ការ​ការពារ ទប់ស្កាត់​ជំងឺ​កូ​វីដ​ក៏​នៅតែ​បន្តធ្វើ​ដោយ​ខ្ជាប់ខ្ជួន​។ ប៉ុន្តែ​នៅពេល​អនុញ្ញាតឱ្យ​បើក​ដំណើរការ​វិញ មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងនោះ ត្រូវ​អនុវត្តតាម​ស្ដង់ដា​ថ្មី​ទាំងអស់គ្នា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម