ក្រុមហ៊ុនអាកាសចរណ៍ American Airlines និង United Airlines រាយការណ៍ការខាតបង់ធំធេងដោយសារកូវីដ១៩

212
ចែករម្លែក

ក្រុមហ៊ុនអាកាសចរណ៍ American Airlines និង United Airlines ទាំងពីរនេះបានរាយការណ៍ពីការខាតបង់ដ៏ធំធេងកាលពីថ្ងៃព្រហស្បតិ៍ទី៣០មេសា បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃអាជីវកម្មដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩។

ក្រុមហ៊ុនដឹកអ្នកដំណើរទាំងពីរ ដែលទទួលបានការទ្រទ្រង់ក្រោមច្បាប់ CARES របស់សហព័ន្ធដែលមានទឹកប្រាក់ចំនួន ២,២ លានលានដុល្លារ ដែលត្រូវបានអនុម័តកាលពីខែមុន បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការថយចុះសាច់ប្រាក់របស់ពួកគេនិងបង្កើតសាច់ប្រាក់ងាយស្រួលដើម្បីភាពរស់រានមានជីវិតចំពោះអ្វី ដែលនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេទាំងពីរបានពិពណ៌នាថាជាបរិយាកាសប្រតិបត្តិការដ៏អាក្រក់បំផុតក្នុងមួយជីវិតរបស់ពួកគេ។

សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិបានប៉ាន់ប្រមាណថា ក្រុមហ៊ុនអាកាសចរណ៍ពិភពលោកនឹងខាតបង់ប្រាក់ចំនួន ៣១៤ ពាន់លានដុល្លារអាម៉េរិកនៅក្នុងចំណូលឆ្នាំ ២០២០ ដោយសារមេរោគកូរ៉ូណា។

លោក អូស្ការ មូនូស នាយកប្រតិបត្តិរបស់ក្រុមហ៊ុន United Airlines បាននិយាយថា “ខណៈយើងកំពុងស្ថិតក្នុងដំណាក់កាលនៃវិបត្តិនេះនៅឡើយ យើងនឹងមិនស្ទាក់ស្ទើរក្នុងការសម្រេចចិត្តដែលពិបាកនោះទេ ដែលយើងជឿថានឹងធានាបាននូវភាពជោគជ័យរយៈពេលវែងរបស់ក្រុមហ៊ុនយើង”។

លោកបន្តថា “នៅពេលតម្រូវការត្រឡប់មកវិញ យើងជឿជាក់ថាយើងនឹងបោះជំហានទៅមុខយ៉ាងឆាប់រហ័សនិងងើបឡើងវិញឆាប់រហ័ស ដោយសារតែការខិតខំប្រឹងប្រែងពីដំបូងរបស់យើងដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍”។

ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានរាយការណ៍ពីការខាតបង់នៅត្រីមាសទី ១ ចំនួន ២,២ ពាន់លានដុល្លារធៀបនឹងប្រាក់ចំណេញចំនួន ១៨៥ លានដុល្លារក្នុងរយៈពេលមួយឆ្នាំកន្លងទៅ។ ប្រាក់ចំណូលបានធ្លាក់ចុះ ១៩,៦ ភាគរយស្មើនឹង ៨,៥ ពាន់លានដុល្លារ។

លទ្ធផលខាតបង់នេះគឺរួមបញ្ចូលទាំងការបោះបង់ចោលយន្តហោះចាស់ៗដែលក្រុមហ៊ុន American Airlines នឹងដាក់ឱ្យចូលនិវត្តន៍ ក្រោយវិបត្តិកូវីដ១៩ថមថយ។

ក្រុមហ៊ុន American Airlines និយាយថា ខ្លួនរំពឹងកាត់បន្ថយការចំណាយប្រតិបត្តិការនៅឆ្នាំ ២០២០ ចំនួនជាង ១២ ពាន់លានដុល្លារតាមរយៈការចំណាយប្រេងទាប ការកាត់បន្ថយសេវាកម្ម និងវិធានការផ្សេងៗទៀត។

នាយកប្រតិបត្តិក្រុមហ៊ុននេះបាននិយាយនៅក្នុងលិខិតទៅកាន់និយោជិកថា និយោជិកជិត ៣៩.០០០ នាក់បានចូលនិវត្តន៍មុនពេលកំណត់ ឈប់សម្រាកពីការងារដោយមានប្រាក់ឈ្នួល ឬស្ម័គ្រចិត្តកាត់បន្ថយពេលវេលាធ្វើការ។

ក្រុមហ៊ុន American និយាយថា “ក្រុមហ៊ុនរំពឹងដាក់បញ្ចាំផ្នែកមួយនៃទ្រព្យសកម្មរបស់ខ្លួនសម្រាប់ហិរញ្ញប្បទាននាពេលអនាគតរួមទាំងប្រាក់កម្ចីចំនួនប្រមាណ ៤,៧៥ ពាន់លានដុល្លារ ដែលបានដាក់ពាក្យសុំក្រោមច្បាប់ CARES”។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន United បានរាយការណ៍អំពីការខាតបង់ចំនួន ១,៧ ពាន់លានដុល្លារធៀបនឹងប្រាក់ចំណេញចំនួន ២៩២ លានដុល្លារក្នុងរយៈពេលមួយឆ្នាំកន្លងទៅ។ ប្រាក់ចំណូលបានធ្លាក់ចុះ ១៦,៨ ភាគរយស្មើនឹង ៨,០ ពាន់លានដុល្លារ។

ក្រុមហ៊ុន United បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងរតនាគារអាម៉េរិកដើម្បីសុំជំនួយទឹកប្រាក់ ៥ ពាន់លានដុល្លារក្រោមកម្មវិធីទ្រទ្រង់ប្រាក់ខែ ហើយបានស្នើសុំខ្ចីប្រាក់រហូតដល់ ៤.៥០០ លានដុល្លារក្រោមកម្មវិធីផ្តល់ប្រាក់កម្ចីនៅក្នុងច្បាប់ CARES។

ភាគហ៊ុនក្រុមហ៊ុន American បានធ្លាក់ចុះ ៤,៩ ភាគរយមកនៅត្រឹម ១២,០១ ដុល្លារកាលពីថ្ងៃព្រហស្បតិ៍ ខណៈក្រុមហ៊ុន United បានធ្លាក់ចុះ ៥,២ ភាគរយមកនៅត្រឹម ២៩,៥៨ ដុល្លារនៅពេលបិទទីផ្សារហ៊ុន។

ទោះយ៉ាងណា United បានកើនឡើង ០,៨ ភាគរយនៅក្នុងការជួញដូរបន្ទាប់ពីម៉ោងធ្វើការ គឺ ២៩,៨១ ដុល្លារបន្ទាប់ពីបានបញ្ចេញតួលេខប្រាក់ចំណូលរបស់ខ្លួន៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន American Airlines រាយការណ៍ខាតបង់ ២,២ ពាន់លានដុល្លារ

ទីតាំងផ្សាយពាណិជ្ជកម្ម