បាតុករ​អាម៉េរិក​ស្ពាយ​កាំភ្លើង​ចូលក្នុង​សភា​ទាមទារ​អោយ​បញ្ចប់​ការបិទ​ខ្ទប់​រដ្ឋ​

429
ចែករម្លែក

​បាតុករ រួម​មាន​ខ្លះ​ស្ពាយ​កាំភ្លើង បាន​ចូល​ក្នុង​អាគារ​សភា​នៅ​ក្នុង​រដ្ឋ​មី​ស៊ី​ហ្គឹ​ន របស់​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មេសា និង​ទាមទារ​អោយ​អភិបាលរដ្ឋ​ដក​ចេញ​បទបញ្ជា​បិទ​ខ្ទប់​រដ្ឋ​ដើម្បី​ទប់ស្កាត់​​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា នៅពេល​មាន​សេចក្តីរាយការណ៍​ថា សមាជិក​សភា​មួយចំនួន​ពាក់អាវ​ក្រោះ​ការពារ​គ្រាប់​ហើយ​ប៉ូលិស​រារាំង​មិន​អោយ​បាតុករ​ចូល​ក្នុង​អាគារ​។​

​សមាជិក​ព្រឹទ្ធសភា ដាយ​ណា ផូ​ឡេ​ហាន​គី បាន​និយាយថា​« ពួក​បុរស​ប្រដាប់​ដោយ​កាំភ្លើង​ស្រែក​អោយ​ខ្ញុំ​។​សហការី​របស់​ខ្ញុំ​ខ្លះ​ពាក់អាវ​ក្រោះ​…»​។​

​បាតុករ​ខ្លះទៀត​នៅក្រៅ​អាគារ​ដោយ​កាន់​បដា​សរសេរ​សារ​នានា រួម​មាន​បដា​មួយ​ពណ៌នា​អភិបាលរដ្ឋ ហ្ក្រេ​ចេន វ៉ា​យ​មឺ ជា​អា​ដុល អ៊ី​ត្លែរ​។​

​បាតុកម្ម​ដែល​មានឈ្មោះ​ថា​ការជួបជុំ​អ្នកស្នេហាជាតិ​អាម៉េរិក ត្រូវបាន​រៀបចំ​ធ្វើឡើង​ដោយ​ក្រុម​មួយ​ដែល​ហៅ​ខ្លួនឯង​ថា Michigan United for Liberty​។​ក្រុម​នេះ​បាន​និយាយថា «​យើង​មិន​យល់​​ស្រប​នឹង​ការ​រឹតត្បិត​សិទ្ធិ​របស់​យើង ឬ​ការរំលោភ​វា​ដោយ​ហេតុផល​ណាមួយ រួម​ទាំង​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​ផង​។​យើង​ជឿ​ថា​គ្រប់​ជនជាតិ​អាម៉េរិក និង​អ្នក​មី​ស៊ី​ហ្គឹ​ន មាន​សិទ្ធិ​ធ្វើការ​ដើម្បី​ទ្រទ្រង់​ក្រុមគ្រួសារ​​របស់គេ ធ្វើដំណើរ​ដោយ​សេរី ជួបជុំ​ដើម្បី​សាសនា​និង​សំរាប់​គោលបំណង​ផ្សេងៗ ..»​។​

​ការប្រឆាំង​តវ៉ា​នេះ​កើតឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​តុលាការ​មី​ស៊ី​ហ្គឹ​ន សំរេច​ថា បទបញ្ជា​អោយ​នៅ​ក្នុងផ្ទះ ចេញ​ដោយ​លោកស្រី​អភិបាលរដ្ឋ កាលពី​ថ្ងៃ​២៤​មីនា​នោះ​មិន​រំលោភ​សិទ្ធិ​ពលរដ្ឋ​ដែម​មានចែង​ក្នុង​រដ្ឋ​​ធម្មនុញ្ញ​។​

​វា​ជា​លើក​ទី​២​នៅក្នុង​ខែ​មេសា​នេះ ដែល​អ្នក​ប្រឆាំង​តវ៉ា​ទាមទារ​អោយ​លោកស្រី​វ៉ា​យ​មឺដ​ក​ចេញ​ការ​រឹតត្បិត​នៅក្នុង​រដ្ឋ ដែល​មាន​មនុស្ស​ជាង​៣.៥០០​នាក់​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩៕​ប្រែ​សម្រួល​៖​វាសនា​

បាតុករ​ខ្លះ​ចូលក្នុង​អាគារ​សភា​រដ្ឋ​មី​ស៊ី​ហ្គឹ​ន កាលពី​ថ្ងៃ​៣០​មេសា ដោយ​យ​ទាមទារ​ដក​ចេញ​ការបិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម