កម្ពុជា​គ្រោង​បើក​វគ្គ​គ្រូ​បង្គោល​ជំនាញ​បោសសម្អាត​មីន​ថ្នាក់​អាស៊ាន និង​តំបន់​ជា​បន្ត​ត​បន្ទាប់​ទៀត​

1187
ចែករម្លែក

ដោយ​៖ យោធិន / ភ្នំពេញ​៖ ដោយ​សម្រេចបាន​ជោគជ័យ​ក្នុង​ការបើក​វគ្គ​គ្រូ​បង្គោល​ជំនាញ​បោសសម្អាត​មីន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​ដែល​បាន​ដំណើរការ​ប្រព្រឹត្តិ​ទៅក្នុង​រយៈពេល​ពីរ​សប្តាហ៍ (​ថ្ងៃទី​១២ ដល់ ២៨ ខែមីនា ឆ្នាំ​២០១៨) កន្លងទៅនេះ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​បានបង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​បន្តសកម្មភាព​ដែលមាន​លក្ខណៈ​ជា​អន្តរជាតិ​នេះ​ឲ្យ​មាន​ឡើងជា​រៀងរាល់ឆ្នាំ​។​

​ថ្លែង​ក្នុងឱកាស​បិទ​វគ្គ​ហ្វឹកហ្វឺន​គ្រូ​បង្គោល​បោសសម្អាត​មីន​ថ្នាក់​អាស៊ាន និង​តំបន់​នា​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ នាទី​ស្តីការគណៈរដ្ឋមន្ត្រី​។ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​បញ្ជាក់ថា កម្ពុជា​ទទួល​ជោគជ័យ​ផ្នែក​បោសសម្អាត​មីន​នៅក្នុង​និង​ក្រៅប្រទេស​នៃ​បេសកកម្ម​អង្គការសហប្រជាជាតិ​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លើកឡើង​បន្តថាៈ​អតីតកាល​កម្ពុជា​ទទួល​ជំនួយ​ផ្នែក បោសសម្អាត​មីន ពី​បណ្តា​ប្រទេស​ជា​មិត្ត តែ​បច្ចុប្បន្ននេះ កម្ពុជា​ក្លាយជា​ប្រទេស​មានបទពិសោធន៍ និង​មាន​សមត្ថភាព បោសសម្អាត​មីន និង​ហ្វឹកហ្វឺន​គ្រូ​បង្គោល​ថ្នាក់​អាស៊ាន​និង​តំបន់​ផ្នែក​ជំនាញ​បោសសម្អាត​មីន​ផងដែរ​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​បន្តទៀតថាៈ “​បច្ចុប្បន្ននេះ កិត្តិយស​កម្ពុជា បានសម្រេច​ដោយ​ជោគជ័យ ដោយបាន​ប្រែក្លាយជា មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​គ្រូ​បង្គោល​មួយ ដែលជា​មោទនភាព​ណាស់​សម្រាប់ ពិភពលោក​មិន​ត្រឹមតែ​ទទួលស្គាល់​សមត្ថភាព ផ្នែក​បោសសម្អាត​មីន​របស់​កម្ពុជា​ប្រតិបត្តិការ​តែ​ផ្ទៃក្នុង​ប្រទេស​របស់ខ្លួន​នោះទេ គឺ​បាន​រីក​សាយភាយ​ទៅដល់​បណ្តា​ប្រទេសមួយ​ចំនួន​ដែល​កម្ពុជា បាន​បញ្ជូន​កងកម្លាំង​របស់ខ្លួន ទៅ​បំពេញភារកិច្ច ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​”​។ កម្ពុជា​ក្លាយជា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​គ្រូ​បង្គោល ដែលជា​មោទនភាព និង​កិត្យានុភាព​ល្បី​រន្ទឺរ​តាំងពី​យូរណាស់​មកហើយ ក្រោម​កិច្ចសហការ​និង​ឧបត្ថម្ភ​ជាពិសេស​ពី​សាធារណរដ្ឋ​បារាំង​។​

​សម្តេច​ពី​ជ័យ​សេនា​បានបញ្ជាក់​ថាៈ​នៅ​ឆ្នាំ​២០១៩​ខាងមុខ កម្ពុជា​នឹង​បើក​វគ្គ​ហ្វឹកហ្វឺន​ដល់​សិក្ខាកាម នៅក្នុង​តំបន់​អាស៊ាន និង​តំបន់​បន្តទៀត​ដើម្បី​ចូលរួមចំណែក បោសសម្អាត​មីន​គ្រាប់មីន គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​កាកសំណល់​បន្សល់​ពី​សម័យ​សង្គ្រាម​ផងដែរ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន​កម្ពុជា​(CMAA) អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​(NPMEC) ថ្លែងថាៈ​វគ្គ​គ្រូ​បង្គោល​ជំនាញ​បោ​សម្អាត​មីន សម្រាប់​គាំទ្រ​បេស​សក​កម្ម​រក្សា​សន្តិភាព របស់​អង្គការ​សហ ប្រជាជាតិ ត្រូវបាន​ផ្តួចផ្តើមឡើង ដោយ​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង​កងកម្លាំងរ​ក្សា​សន្តិភាព និង​បេសកកម្ម​សហប្រតិបត្តិកា​រកា​រពារ និង​សន្តិសុខ​បារាំង រួមសហការ​ជាមួយ​សហរដ្ឋអាមេរិក សាធារណរដ្ឋ​ប្រជាមានិត​ចិន UNDP អាជ្ញាធរ​មីន​កម្ពុជា​(CMAA) មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​បេសកកម្ម​មីន (ARMAC) និង​គណៈកម្មាធិការ​កា​ក​បាទ​ក្រហម​អន្តរជាតិ (ICRC) បានរៀបចំ​វគ្គ​ហ្វឹកហ្វឺន​លើក​ទី​២​នេះ​ឡើង ខណៈ​វគ្គ​ហ្វឹកហ្វឺន លើក​ទី​១ បាន​ដំណើរការ​រួចរាល់​កន្លងទៅ​កាលពី​ខែមករា ឆ្នាំ​២០១៧ ដោយមាន​ការចូលរួម​ពី​សិក្ខាកាម​មកពី​តំបន់​អាស៊ាន និង​តំបន់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក​បន្ត​បញ្ជាក់ថាៈ​កម្ពុ​ជាមាន​ឆន្ទៈ​ធ្វើការ​ផ្សព្វផ្សាយ​ពី​ច្បាប់​នានា របស់​អង្គការសហប្រជាជាតិ សម្រាប់​កិច្ចសហប្រតិបត្តិការ​ចែក​រំលែក បទពិសោធន៍​រវាង​ប្រទេស​ជឿនលឿន ដើម្បី​បង្កើន​កម្រិត​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន កាត់បន្ថយ​អត្រា​ជនរងគ្រោះ ដោយសារ​គ្រប់​មីន​លើ​ពិភពលោក លើកកម្ពស់​គុណភាព​ជីវិត​របស់​ជនពិការ ដោយសារ​គ្រាប់មីន និង​ដើម្បី​ឈានទៅរក​ពិភពលោក​មួយ​ដែល​គ្មាន​មីន​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​ជិត​៥.០០០​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ជាង​២០០​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។ បច្ចុប្បន្ន​កម្ពុជា មាន​កម្លាំង​ប្រមាណ​ជាង​៨០០​នាក់ ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៥ រួមមានៈ ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ និង​ម៉ាលី​។ កម្លាំង​មួក​ខៀវ​ទាំងអស់នេះ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើនជាងគេ​លំដាប់​ទី​២ នៅក្នុង​តំបន់​អាស៊ាន​៕L​

ទីតាំងផ្សាយពាណិជ្ជកម្ម