ប្រវត្តិ​ទិវា​ពលកម្ម​អន្តរជាតិ​ឬ ទិវា​កម្មករ​អន្តរជាតិ​

394
ចែករម្លែក

​ភ្នំពេញៈ ទិវា​ពលកម្ម​អន្តរជាតិ (International Labor Day) នៅ​ប្រទេស​ខ្លះ​ហៅថា ទិវា​កម្មករ អន្តរជាតិ (International Workers’ Day) ចំណែក​ប្រទេស​ខ្លះ ជាពិសេស​នៅ​អឺរ៉ុប​ហៅថា ទិវា​នៃ​ខែឧសភា (May Day) ត្រូវបាន​ពង្រីក​ដោយ​ពួក​សង្គមនិយម កុ​ម្មុយ​និ​ស្ត​និយម និង ពួក​វណ្ណៈ​កម្មករ ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​នៅ​ទីលាន Haymarket Affair កាលពី​ឆ្នាំ​១៨៨៦​។ គេ​ចាប់​ផ្តើមដំបូង នៅ​ឆ្នាំ​១៨៨៧ ប៉ុន្តែ​កាលណោះ ធ្វើ​នៅ​ខែកញ្ញា លុះដល់​ឆ្នាំ​១៩០៤ ទើប​ទិវា​នេះ ត្រូវបានធ្វើ​នៅ​ថ្ងៃទី​១ ខែឧសភា រហូតមក ។​
​ ​
​ថ្ងៃ​សៅរ៍​ទី​១ ខែឧសភា ឆ្នាំ​១៨៨៦ ពួកកម្មករ ប្រមាណ​ជា ៣ ទៅ ៥ សែន​នាក់ បាន​ជួបជុំគ្នា​ធ្វើ បាតុកម្ម​ទូទាំងប្រទេស​អាមេរិក ដើម្បី​ទាមទារ​ឱ្យ​កំណត់​ម៉ោង​ធ្វើការ ៨ ម៉ោង ក្នុង ១ ថ្ងៃ​។ ចូលដល់​ថ្ងៃទី​ចន្ទ​ទី​៣ ខែ​និង​ឆ្នាំ​ដដែល មាន​កម្មករ ៦ នាក់​ត្រូវបាន​ក្រុមនគរបាល បាញ់សម្លាប់ ។​

​ស្អែក​ឡើង គឺ​នៅ​ថ្ងៃ​អង្គារ ទី​៤ ខែ​និង​ឆ្នាំ​ដដែល​នោះ នាទី​លាន Haymarket Square នៃ​ទីក្រុង ស៊ីកា​គោ ពួកកម្មករ និង​សង្គម​ស៊ីវិល បាន​ជួបជុំគ្នា​ជា​ផែន ជា​ក្រុម ធ្វើបាតុកម្ម​ដើម្បី​ទាមទារ​ឱ្យមាន ម៉ោង​ធ្វើការ ៨ ម៉ោង ក្នុង ១​ថ្ងៃ និង​ទាមទារ​រក​យុត្តិធម៌​ឱ្យ​កម្មករ ដែល​ត្រូវបាន​សម្លាប់ កាលពី​ថ្ងៃទី ៣ ម្សិលមិញ ។​

​ខណៈ​ប៉ូលិស​កំពុង​ព្យាយាម​បំបែក​ការជួប​ជុំនោះ ជនអនាមិក​បាន​គប់​គ្រាប់បែក​មួយ​គ្រាប់​សំដៅ ទៅ​ក្រុមប៉ូលិស និង​បាញ់រះ​ទៅលើ​ហ្វូងមនុស្ស បណ្តាលឱ្យ​ប៉ូលិស ៧ នាក់​ស្លាប់ ។ ប៉ូលិស​ក៏បាន បើក​ការបង្ក្រាប​ដោយ​ហិង្សា​ជាការ​សងសឹក​លើ​ពួក​បាតុករ បណ្តាលឱ្យ​ស្លាប់​ជន​ស៊ីវិល ៤ នាក់ និង រងរបួស​មួយចំនួន ។​
​ ​
​នៅ​ចុង​សតវត្សរ៍​ទី​១៩ ជា​យុគ​រីកសាយ​នៃ​សហជីព និង​ចលនា​ពលកម្ម ។ អំឡុង​សម័យ​កាលនោះ មាន​ថ្ងៃជា​ច្រើន ត្រូវបាន​ពួក​សហជីព ជ្រើសរើស​សម្រាប់​ប្រារព្ធ​ទិវា​ពលកម្ម (Labor Day) ។ ឆ្នាំ​១៨៨៧ រដ្ឋ Oregon នៃ​សហរដ្ឋអាមេរិក​បានសម្រេច​ដាក់​ទិវា​ពលកម្ម​ថា​ជា​ថ្ងៃ​សម្រាក សាធារណៈ​។ គិត​ត្រឹម​ឆ្នាំ​១៨៩៤ ទិវា​ពលកម្ម ក៏បាន​ក្លាយជា​ថ្ងៃ​សម្រាក​សាធារណៈ​របស់​រដ្ឋ ចំនួន​៣០ ប៉ុន្តែ​វា​ត្រូវបាន​គេ​កំណត់​យក​នៅ​ខែកញ្ញា ពោលគឺ​ពុំមែន​ធ្វើ​នៅ​ខែឧសភា ដូច​បច្ចុប្បន្ន នេះឡើយ ។
​ ​
​ឆ្នាំ​១៨៨៩ សមាជ​មួយ ត្រូវបានធ្វើ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ សមាជ​នេះ​បាន​សម្រេចយក ថ្ងៃ នៃ​ខែឧសភា (May Day) ថា​ជា​ថ្ងៃ​សម្រាក​ប្រចាំឆ្នាំ​ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍ ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​១៨៨៦ នាទី​លាន Haymarket Affair នា​ក្រុង​ស៊ីកា​គោ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ត្រឹម​ឆ្នាំ​១៨៩១ ។​

​នៅ​ឆ្នាំ​១៩០៤ សន្និសីទ​ពួក​សង្គមនិយម​អន្តរជាតិ បានធ្វើ​នៅ​ទីក្រុង​អាំ​ស្ទែ​រ៍​ដាំ ប្រទេស ហុ​ល្លង់​ដ៍ ហើយ​បាន​អំពាវនាវ ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម , អង្គការក្រៅរដ្ឋាភិបាល និង​សហជីព ពាណិជ្ជកម្ម នៅ​គ្រប់​បណ្តា​ប្រទេស ធ្វើបាតុកម្ម ឱ្យ​យ៉ាង​ស្វាហាប់ និង​ស្របគ្នា នៅ​ថ្ងៃទី​១ ខែឧសភា ដើម្បីឱ្យ​ច្បាប់​ចែង​កំណត់​ម៉ោង​ធ្វើការ ៨ ម៉ោង ក្នុង ១ ថ្ងៃ ។​

​ចាប់ពីពេលនោះ​មក ថ្ងៃទី​១ ខែឧសភា ក៏ត្រូវ​បាន​ពួក​សង្គមនិយម ពួក​កុ​ម្មុយ​និ​ស្ត និង​ពួក​វណ្ណៈ កម្មករ (​ពួក​អភិជន ហៅ​ពួកកម្មករ​ទាំងនោះ​ថា ពួក​អនាធិបតេយ្យ​) ពង្រីក​ឱ្យទៅជា​ទិវា​សម្រាក សាធារណៈ​អន្តរជាតិ ។ ទិវា​សម្រាក​អន្តរជាតិ ១ ឧសភា​នេះ មាន​ប្រជាប្រិយ​បំផុត​នៅ​ប្រទេស​ចិន​, កូរ៉េខាងជើង​, គុយបារ និង​សហភាពសូវៀត ហើយ​ពួកគេ ប្រារព្ធ​ជាមួយនឹង​ក្បួន​ព្យុះ​ហយា​ត្រា យោធា យ៉ាង​គគ្រឹកគគ្រេង ។​

​ស្របគ្នា​នេះ បណ្តា​ប្រទេស​មួយចំនួន នៅ​អឺរ៉ុប ដើមខែ​ឧសភា ជា​ថ្ងៃ​សម្រាក​ប្រពៃណី​របស់​ពួកគេ ដែលមាន​ឈ្មោះថា ទិវា​នៃ​ខែឧសភា ឬ May Day​។ ដោយហេតុនេះ ពួកគេ​ក៏បាន​ទទួលយក​ថ្ងៃទី​១ ខែឧសភា ថា​ជា​ទិវា​ពលកម្ម​របស់​ពួកគេ ជា​បន្តបន្ទាប់ ។​

​នៅ​ឆ្នាំ​១៩៥៥ វិហារ​កាតូលិក បាន​ឧទ្ទិស​ថ្ងៃទី​១ ខែឧសភា ដល់​បព្វជិត Joseph សម្រាប់​ពួក​វិហារ ដែលជា​ម្ចាស់​រោងចក្រ ឧស្សាហកម្ម និង អ្នកធ្វើការ​ហត្ថកម្ម​នា​នា ៕ ដោយៈ មេសា​

ផែន នៃ ក្បួន​បាតុកម្ម​កាលពី​ថ្ងៃទី ០៤ ខែ​ឩ​សភា ឆ្នាំ​១៨៨៦ នាទី​លា Haymarket Affair​នាទី​ក្រុង​ស៊ីកា​គោ
ផែន នៃ ក្បួន​បាតុកម្ម​កាលពី​ថ្ងៃទី ០៤ ខែ​ឩ​សភា ឆ្នាំ​១៨៨៦ នាទី​លា Haymarket Affair​នាទី​ក្រុង​ស៊ីកា​គោ

ទីតាំងផ្សាយពាណិជ្ជកម្ម