តុលាការឃុំខ្លួនជនដៃដល់ដែលប៉ុនប៉ងរំលោភសេពសន្ថវៈ និងសម្លាប់កម្មការិនីរោងចក្រម្នាក់

208
ចែករម្លែក

ដោយៈសរិទ្ធ/ភ្នំពេញ ៖ ជនដៃដល់ ដែលប៉ុនប៉ងរំលោភសេពសន្ថវៈនិងសម្លាប់នារីរងគ្រោះជាកម្មការិនីរោងចក្រម្នាក់នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យបានត្រូវតុលាការសម្រេច នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ឃុំខ្លួនដាក់ពន្ធនាគារដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា កាលពីយប់ថ្ងៃ២៨ ខែមេសា ឆ្នាំ២០២០កន្លងទៅ ក្រោយទទួលដំណឹងថា មាននារីម្នាក់ ត្រូវគេសម្លាប់ទាំងអាក្រាតកាយ នៅក្នុងបន្ទប់ផ្ទះជួល ស្ថិតនៅភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ លោកបានបញ្ជា និងដឹកនាំកម្លាំងជំនាញតាមចាប់ជនដៃដល់ បន្ទាប់ពីព្យាយាមរត់គេចខ្លួន។

លោក ម៉េង វិមានតារា បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ វង់ ភារម្យ អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ (មានផ្ទុកសារធាតុញៀន) ទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

ដោយឡែកជនរងគ្រោះឈ្មោះ ស៊ាត ស៊ន អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។

លោកអធិការបានប្រាប់អំពីដំណើររឿងថា នៅមុនពេលកើតហេតុជនសង្ស័យ បានយកកូនកាំបិទចិតបន្លែដើរចូលបន្ទប់នារីជនរងគ្រោះ គំរាមចាប់រំលោភសេពសន្ថវៈ តែនារីជនរងគ្រោះមិនព្រម ក៏ជនសង្ស័យ យកកូនកាំបិតចិតបន្លែចាក់ទៅនារីរងគ្រោះ ហើយយកជ្រុញ និងឆ្នាំងបាយវាយក្បាលជនរងគ្រោះបន្ថែម បណ្តាលឲ្យស្លាប់តែម្តង។
បន្ទាប់មកជនសង្ស័យបានរត់ចេញពីកន្លែងកើតហេតុ ទៅលួចម៉ូតូរបស់គេក្បែរកន្លែងហេតុដើម្បីជិះគេចខ្លួន ក៏ត្រូវកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន តែម្តង៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម