​ចម្លាក់​តោ​នៅ​ប្រាសាទក្រវ៉ាន់ ចំនួន​មួយ ត្រូវបាន​តម្កល់ទុក នៅ​កន្លែង​ដើម​វិញ ក្រោយ​ជួសជុល អស់​រយៈពេល​មួយឆ្នាំ​

2543
ចែករម្លែក
  • 29
    Shares
ចម្លាក់​តោ​នៅ​ប្រាសាទក្រវ៉ាន់​ចំនួន​មួយ​ត្រូវបាន​តម្កល់ទុក​នៅ​កន្លែង​ដើម​វិញ​ក្រោយ​ជួសជុល​អស់​រយៈពេល​មួយឆ្នាំ (​រូប​៖ អាជ្ញាធរ​អប្សរា​)

​ដោយ​៖ គូលែន / សៀមរាប​៖ ក្រុម​អ្នកជំនាញ​អភិរក្ស​ថ្ម នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្កា​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល​ចម្លាក់​តោ ចំនួន​មួយ នៅ​ប្រាសាទក្រវ៉ាន់ ស្ថិតក្នុង​ភូមិ​ក្រ​វ៉ាន់ សង្កាត់​នគរធំ ក្រុង​សៀមរាប រួចរាល់​ជា​ស្ថាពរ​ហើយ​។​

​លោក រីក រ៉េត អ្នកជំនាញ​អភិរក្ស​ថ្ម នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើងថា ចម្លាក់​តោ​ថ្ម​នេះ មុន​ការជួសជុល មាន​សភាព​ទ្រុឌទ្រោម បែកបាក់​រូបរាង​ជា​កំណាត់​តូចធំ​នៅលើ​ដី​មុខ​ប្រាសាទ​។ កាលពី​សម័យ​បារាំង ចម្លាក់​តោ​នេះ ត្រូវបាន​អ្នកជំនាញ​បារាំង ជួសជុល​ម្តង​រួចហើយ តែ​ការជួសជុល​នោះ គ្រាន់តែ​យក​ស៊ីម៉ង់ត៍ និង​ដែក​មក​ប្រើ​បិទ​ភ្ជាប់​ឱ្យមាន​លំនឹង​អាច​ឈរ​បាន​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក វា​ក៏បាន​បែកបាក់​ជា​បន្តបន្ទាប់ តាម​អាយុកាល​ស៊ីម៉ងត៍​។​

​លោក រ៉េត បន្តទៀតថា ដូច្នេះ​ដើម្បី​លើក​តម្លៃ​មរតក​អង្គរ និង​ចម្លាក់​តោ ដែល​រង​នូវ​ការ​ខូច​នេះ ក្រុម​អ្នកជំនាញ​អភិរក្ស​ថ្ម បានជ្រើសរើស​ចម្លាក់​តោ​មួយ ក្នុងចំណោម​តោ​ទាំង​៥ នៃ​ប្រាសាទក្រវ៉ាន់ ដើម្បី​ជួសជុល​សាកល្បង មុននឹង​ឈានទៅដល់​ការជួសជុល​ចម្លាក់​តោ​ដទៃទៀត នៅ​ប្រាសាទ​នេះ​។ ក្នុងការ​ជួសជុល ក្រុមការងារ ក៏បាន​ប្រើ​បច្ចេកទេស ជួសជុល​សមស្រប ទៅតាម​បទដ្ឋាន ដែល​អាច​ធានាបាន​នូវ​លក្ខណៈ​ដើម និង​សុវត្ថិភាព​យូរអង្វែង​នៃ​ចម្លាក់​។ រីឯ​បច្ចេកទេស និង​ការជួសជុល ក៏ត្រូវ​បានទទួល​ស្គាល់ ដោយ​អ្នកជំនាញការ អាដហុក របស់​គណៈកម្មការ អាយ​ស៊ី​ស៊ី​-​អង្គរ ផងដែរ​។​
​សម្រាប់​ពេលវេលា ក្នុងការ​ជួសជុល ក្រុមការងារ បាន​ចំណាយពេល​អស់ ១​ឆ្នាំ គឺ​ចាប់ពី​ខែឧសភា ឆ្នាំ​២០១៧ ដល់​ខែមីនា ឆ្នាំ​២០១៨ ដើម្បី​រក្សាបាន​នូវ​តម្លៃ លក្ខណៈ​ដើម និង​ភាពល្អប្រសើរ នៃ​ចម្លាក់ ដោយ​សិក្សា​លម្អិត ពី​រចនាបថ​ជើង​ចម្លាក់​តោ​ដទៃទៀត នៅតាម​បណ្តា​ប្រាសាទ​មួយចំនួន ដែល​បាន​កសាង ក្នុង​រជ្ជកាល​តែមួយ​គ្នា មក​ធ្វើការ​ប្រៀបធៀប​គ្នា ថា​តើ​ត្រូវ​រើសយក​រចនាបថ​ជើង​តោ​ណាមួយ មក​ធ្វើជា​គំរូ​ក្នុងការ​ឆ្លាក់ ដើម្បី​ត​ភ្ជាប់​នឹង​ខ្លួន​ចម្លាក់​សត្វ​តោ នៅ​ប្រាសាទក្រវ៉ាន់​។​

​បច្ចុប្បន្ន ចម្លាក់​តោ ត្រូវបាន​អ្នកជំនាញ​ជួសជុល​រួចរាល់​ហើយ ហើយក៏​បាន​យកមក​តម្កល់ទុក នៅ​ទីតាំង​ដើម ខាងមុខ​ប្រាសាទ​វិញ ក្នុងន័យ​អភិរក្ស ថែរក្សា​មរតក​ដូនតា ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ និង​ដាក់​បង្ហាញជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទស្សនា​ឡើងវិញ​៕L

ទីតាំងផ្សាយពាណិជ្ជកម្ម