ក្រុមបាតករជំរុញឱ្យបញ្ចប់ការរឹតបន្តឹងការបិទរដ្ឋកាលីហ្វ័រញ៉ា

210
ចែករម្លែក

ក្រុមអ្នកតវ៉ាបានដើរក្បួនតវ៉ានៅតាមទីក្រុងជាច្រើននៅទូទាំងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃសុក្រទី១ឧសភា ដើម្បីទាមទារបន្ធូរបន្ថយការរឹតត្បិតដោយសារ តែការផ្ទុះឡើងនៃកូវីដ១៩និងថ្កោលទោសការសម្រេចចិត្តរបស់អភិបាលរដ្ឋ លោក ហ្គាវីន ញូវសាំ ក្នុងការបិទឆ្នេរមួយចំនួន។

ការតវ៉ានេះបានកើតឡើងនៅក្នុងទីក្រុងយ៉ាងហោចណាស់ ១១ ក្នុងនោះមានរដ្ឋធានីសាក្រាម៉ង់តូ ក៏ដូចជាទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ទីក្រុងឡូសអ៊ែនជេឡេស និងទីក្រុងសាន់ឌីហ្គោ។

បាតុករខ្លះបានគ្រវីទង់ជាតិអាម៉េរិកនិងកាន់ស្លាកសញ្ញាដែលសរសេរថា “សេរីភាពជារឿងចាំបាច់” “បើកវិហាររបស់យើងវិញភ្លាម” ឬ “ញូវសាំឃោរឃៅ” ខណៈសម្តែងកំហឹងចំពោះច្បាប់ស្នាក់នៅផ្ទះ ដែលដាក់ចេញដើម្បីបន្ថយការរាលដាលនៃមេរោគ។

ក្រុមអ្នកតវ៉ាភាគច្រើនមិនបានពាក់របាំងការពារមុខឬអនុវត្តតាមគោលការណ៍រក្សាគម្លាតពីគ្នានោះទេ។

នៅឆ្នេរហាន់ធីងតុនស្ថិតនៅចម្ងាយប្រហែល ៥៥ គីឡូម៉ែត្រពីភាគ ខាងត្បូងទីក្រុងឡូសអ៊ែនជេឡេស មនុស្សប្រមាណ ៧០០ នាក់បានប្រមូល ផ្តុំគ្នានៅទីប្រជុំជនដើម្បីថ្កោលទោសបទបញ្ជារបស់លោកញូវសាំដើម្បីបិទឆ្នេរក្នុងតំបន់ចាប់ពីថ្ងៃសុក្រដើម្បីបញ្ចៀសរឿងកើតឡើងដដែលកាលពីចុងសប្តាហ៍មុន នៅពេលហ្វូងមនុស្សសម្រុកមកលេងឆ្នេរ។

អ្នកតវ៉ាឈ្មោះ ម៉ូនីកា បែលហាត បាននិយាយថា “វាជាចំបើងដែល កាច់បំបាក់ខ្នងអូដ្ឋ” ដោយចង់សំដៅលើកូវីដ១៩ជារឿងតូចតាចសោះ អាចបង្កឱ្យភ័យខ្លាចរហូតដល់បិទឆ្នេរ។

លោកស្រីបានបន្ថែមថា “ការបិទនេះគ្មានអ្វីចាំបាច់ទាល់តែសោះ ហើយប្រជាជននៅទីនេះនឹងធ្វើឱ្យគេបានដឹងឮអំពីរឿងនេះ។ ហើយយើងក៏និយាយច្រើនដងដែរហើយគឺ គ្រប់គ្រាន់លើសពីគ្រប់គ្រាន់ យើងមានសិទ្ធិធ្វើការ…ហើយដល់ពេលដែលអភិបាលរដ្ឋអនុញ្ញាតឱ្យ មនុស្សមានសុខភាពល្អអាចត្រឡប់មករកស៊ីវិញ”។

ក្រុមមន្រ្តីនៅឆ្នេរហាន់ធីងតុននិងទីប្រជុំជនក្បែរនោះបានប្តេជ្ញាជំទាស់នឹងបទបញ្ជាបិទឆ្នេរ ដោយយកបញ្ហានេះទៅតុលាការដោយផ្អែកលើ ហេតុផលថាវាមិនមានលក្ខណៈស្របនឹងរដ្ឋធម្មនុញ្ញ៕ ដោយ៖ កញ្ញាដាលីស/Ha

បាតុកររាប់រយនាក់ទាមទារឱ្យបើករដ្ឋកាលីហ្វ័រញ៉ាវិញ